រូបត្លុកនយោបាយ​៖ គម្រោង​វាយប្រហារ​ដោយ​ដ្រូន!!!

បុរស​ខ្លាំង​ខាង​ក្រាញ​អំណាច និង​ប្រើ​ហិង្សា​នយោបាយ​នៅ​កម្ពុជា លោក ហ៊ុន សែន ថ្មីៗ​នេះ​ បាន​ចេញ​មុខ​ប្រកាស​ដឹក​ច្រមុះ​នាយករដ្ឋមន្ត្រី​កូន​ថា លោក​ត្រៀម​ខ្លួន «កម្ចាត់​ចោល» ​អ្នក​ទាំងឡាយ​ណា​ដែល​ចង់​សម្លាប់​លោក និង​គ្រួសារ​លោក​តាម​រយៈ​ផែនការ ​«ភេរវកម្ម» ​វាយប្រហារ​ដោយ​ដ្រូន​ចូល​ភូមិគ្រឹះ​របស់​លោក។ លោក ហ៊ុន សែន បាន​ទម្លាយ​ឱ្យ​ដឹង​ពី​អ្វី​ដែល​លោក​ហៅ​ថា​ ជា​ផែនការ​ «ភេរវកម្ម» ​នេះ គឺ​នៅ​ស្រប​ពេល​ដែល​លោក​ខ្លួន​ឯង​បាន​ជំរុញ​ជា​ច្រើន​លើក​ច្រើន​សារ​ឱ្យ​រដ្ឋាភិបាល​កូន​ប្រុស​លោក ពិចារណា​ធ្វើ​ច្បាប់​ដាក់​ក្រុម​អ្នក​ប្រឆាំង​នៅ​ក្រៅ​ស្រុក​​ដែល​លោក​ចោទ​ថា​ជា ​«ក្រុម​ជ្រុលនិយម»​ ទៅ​ជា ​«ក្រុម​ភេរវករ»។ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​នយោបាយ​កម្ពុជា យល់ឃើញ​ថា លោក ហ៊ុន សែន កំពុង​ព្យាយាម​ «ប្រឌិត​រឿង»​ ដើម្បី​យក​លេស​ដាក់​បន្ទុក​លើ​បក្ស​ប្រឆាំង ក្នុង​ចេតនា​ត្រៀម​បង្កើត​ច្បាប់​ថ្មី​ដាក់​ពួកគេ​ជា​ «ក្រុម​ភេរវករ» និង​ដើម្បី​ដំឡើង​តំណែង​លោក ហ៊ុន ម៉ាណែត ឱ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ជំនួស​លោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។