នៅក្នុងពិធីដាក់កម្រងផ្កាគម្រប់ខួប ៦ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា ថ្ងៃទី២២ ខែមករានេះ លោក ជា មុនី ប្រធានសហជីពសេរីកម្មករ មានប្រសាសន៍ថា សហជីពកម្មករមានគម្រោងដឹកនាំកម្មករធ្វើកូដកម្មនៅទូទាំងប្រទេសរយៈពេល ១សប្តាហ៍ ប្រសិនបើអាជ្ញាធររកឃាតករពិតសម្លាប់លោក ជា វិជ្ជា យកមកផ្តន្ទាទោសមិនបានទេនោះ។
លោក ជា មុនី បានបញ្ជាក់ថា ៖ «សូមជម្រាបដែរថា យើងមិនចង់ធ្វើឲ្យមានវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ធ្លាក់នៅក្នុងកណ្ដាប់ដៃដ៏អាក្រក់ទេ! ប៉ុន្តែបើរដ្ឋាភិបាលនៅតែបន្តនូវការមិនរកឃាតករ យើងនឹងប្រកាសធ្វើកូដកម្មទូទាំងប្រទេស ថ្វីត្បិតតែមានវិបត្តិសេដ្ឋកិច្ចក៏ដោយ!»។
ទស្សនាវីដេអូនៅវឹបសាយថ៍ YouTube
នៅមុនពេលត្រូវឃាតករបាញ់សម្លាប់ លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ បានទទួលសារគំរាមតាមទូរស័ព្ទដៃពីជនអនាមិកម្នាក់មកទូរស័ព្ទដៃរបស់លោកដូច្នេះ ៖ «កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៣ វេលាម៉ោង ២២:៣៣នាទីយប់ ខ្ញុំបានទទួលការផ្ញើសារជាអក្សរតាមរយៈទូរស័ព្ទដៃ។ ជនល្មើសដែលបានផ្ញើសារជាអក្សរនោះគឺមានលេខទូរស័ព្ទ ០១២ ៩៨៧៧៩៤។ សារនោះសរសេរជាភាសាអង់គ្លេសថា "The dog I will kill you 26 July 2003..." មានន័យជាខ្មែរថា "អាឆ្កែ! អញនឹងសម្លាប់ឯងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០០៣..."»។
លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សំណុំរឿងឃាតកម្មលើរូបលោក ជា វិជ្ជា សមត្ថកិច្ចនៅបន្តបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋសូមជួយសហការផ្តល់ព័ត៌មានដើម្បីឈានដល់ចាប់ឃាតករពិតយកមកផ្តន្ទាទោសតាមច្បាប់៕