ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ បានច្រានចោលសំណើរបស់យុវជនចលនាមាតាធម្មជាតិ ៣រូប រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដែលស្នើសុំចាកចេញពីប្រទេសកម្ពុជាទៅទទួលពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានកម្រិតអន្តរជាតិ ឈ្មោះ Right Livelihood ក្រោមហេតុផលថា «មិនមែនជារឿងចាំបាច់»។ ពានរង្វាន់នេះ មានតម្លៃប្រហាក់ប្រហែលនឹងពានរង្វាន់ណូបែល។
ការចេញបម្រាមនេះ បាននាំឱ្យមានការថ្កោលទោសកាន់តែខ្លាំងពីសំណាក់ក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ និងធ្វើឱ្យកិច្ចការរបស់សកម្មជនបរិស្ថានចលនាមាតាធម្មជាតិកាន់តែលេចធ្លោឡើងនៅលើឆាកអន្តរជាតិ ក្នុងពេលដែលរដ្ឋាភិបាលកម្ពុជារងការរិះគន់កាន់តែខ្លាំងថា ពុំចាត់វិធានការច្បាប់លើមន្ត្រីប្រព្រឹត្តអំពើពុករលួយ បក្ខពួកនិយម និងក្រុមឧកញ៉ា ដែលបានចំណេញពីការបំផ្លិចបំផ្លាញធនធានធម្មជាតិ ភោគទ្រព្យជាតិ ដូចជា រ៉ែ ព្រៃឈើ បឹងបួ ទន្លេ និងភ្នំជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។