ប្រទេសកម្ពុជា ទទួលបានប្រាក់ចំណូលប្រចាំឆ្នាំពីពាណិជ្ជកម្មជ័រទឹកនេះពីចន្លោះ ៤,៧ ទៅ ៧,៨លានដុល្លារអាមេរិកនៅឆ្នាំ២០០៩។
ទោះជាយ៉ាងណា អង្គការអភិរក្សសត្វ និងព្រៃឈើអះអាងថា ការរកជ័រទឹករបស់កសិករជាការរំខានសត្វព្រៃ សម្លាប់ដើមឈើ និងធ្វើឲ្យភ្លើងឆេះព្រៃ។
ខាងក្រោមជាសកម្មភាពកសិករនៅភ្នំគូលែនដូនទេព ផលិតជ័រទឹក កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១១ នៅក្នុងដែនព្រៃការពារភ្នំគូលែនដូនទេព ខេត្តព្រះវិហារ ថតដោយ លោក វោហារ ជាតិ៖

កសិករនៅភូមិត្មាតប៉ឺយ ចាំងសម្អាតរណ្ដៅជ័រ នៅភ្នំគូលែនដូនទេព។

កសិករបង្កាត់ភ្លើងដុតរណ្ដៅជ័រ ដែលជាដើមត្រាច មានមុខកាត់ ១ម៉ែត្រកន្លះ អាយុជាង ១០០ឆ្នាំ នៅភ្នំគូលែនដូនទេព។

ភ្លើងឆេះរណ្ដៅជ័រនៅភ្នំគូលែនដូនទេព។

កសិករកំពុងដុតរណ្ដៅជ័រនៅភ្នំគូលែនដូនទេព។ ការដុតភ្លើងនេះប្រហែល ២ ទៅ ៣នាទី ដើម្បីឲ្យដើមត្រាចក្ដៅ ស្រក់ជ័រចូលរណ្ដៅ។

កសិករពន្លត់ភ្លើងរណ្ដៅជ័រនៅភ្នំគូលែនដូនទេព។ កសិករត្រូវពន្លត់ភ្លើងរណ្ដៅជ័រ ដើម្បីបង្ការកុំឲ្យឆេះដើមឈើ ដែលអាចបណ្ដាលឲ្យងាប់។

បន្ទាប់ពីពន្លត់ភ្លើងរួច កសិករយកស្លឹកគ្របរណ្ដៅជ័រកុំឲ្យទឹកភ្លៀងហូរចូល មុននឹងត្រូវដួសយកជ័រនៅថ្ងៃបន្ទាប់។

កសិករដងជ័រពីរណ្ដៅដាក់ក្នុងកាន នៅភ្នំគូលែនដូនទេព។

ដើមជ័រទឹកមានមុខកាត់ ៣ម៉ែត្រ អាយុជាង ២០០ឆ្នាំ ងាប់ដោយភ្លើងឆេះរោលពីការដុតយកជ័រ៕