មន្ត្រីជលផលលែងត្រី១០តោនចូលបឹងទន្លេសាប
2011.06.16
ត្រីចំនួន ១០តោននោះ មានដូចជា ត្រីគល់រាំង មួយក្បាលទម្ងន់ ៨០គីឡូក្រាម ត្រីរាជមួយក្បាលទម្ងន់ជិត ១០០គីឡូក្រាម ក្រៅពីនេះមានប្រភេទត្រីប្រា ត្រីស៊ីប៉ូ ត្រីខ្យា ត្រីរ៉ស់ ត្រីឆ្ពិន និងត្រីជាច្រើនប្រភេទទៀត។
ប្រធានរដ្ឋបាលជលផលកម្ពុជា លោក ណៅ ធួក បានមានប្រសាសន៍នៅថ្ងៃទី១៦ ខែមិថុនា ថា លោកសង្ឃឹមថា ផលត្រីនឹងកើននៅឆ្នាំ២០១១ ៖ «កន្លងមកយើងដកពិសោធន៍នៅឡូត៍លេខ១០ នៅខេត្តកណ្ដាលទៅ យើងសាកល្បងលែងត្រីទៅ ត្រីពងកូនវាកើនបរិមាណដល់ឆ្នាំក្រោយ បានជាសម្ដេចតេជោ ហ៊ុន សែន លោកបានផ្ដល់អនុសាសន៍ថា ឲ្យឡូត៍នេសាទគ្រប់ឡូត៍ទាំងអស់លែងត្រី។ ខាងក្រសួងកសិកម្មបានកំណត់ថា មួយឡូត៍ត្រូវលែង ២តោន»។
គិតមកទល់ពេលនេះ រដ្ឋបាលជលផលកម្ពុជា បានលែងត្រីសរុបចំនួនជាង ២០តោនមកហើយនៅបឹងទន្លេសាប នៅខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។
លោក ណៅ ធួក បានមានប្រសាសន៍ថា ផលត្រីនៅឆ្នាំ២០១១ នឹងកើនបរិមាណជាង ៥០០ពាន់តោន ប្រហាក់ប្រហែលឆ្នាំ២០១០ កន្លងទៅ។
លោកបន្តថា ក្រៅពីការពឹងផ្អែកលើផលត្រីក្នុងបឹងទន្លេសាប រដ្ឋបាលជលផលបានបំផុសឲ្យប្រជាពលរដ្ឋបង្កើតស្រះចិញ្ចឹមត្រីចំនួន ៥៥ពាន់ស្រះ នៅទូទាំងប្រទេសកម្ពុជា៕