លោកស្រី ខារ៉ូល រ៉ដលី (Carol Rodley) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានថ្លែងក្នុងឱកាសជួបជុំនិស្សិតដែលទទួលអាហារូបករណ៍ Fulbright នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១១ ថា ក្រសួងការបរទេសអាមេរិកបានបម្រុងទឹកប្រាក់ចំនួន ៥សែនដុល្លារសម្រាប់កម្មវិធី Fulbrightដល់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០១១នេះ។
លោកស្រីបានបន្តថា ចាប់តាំងពីឆ្នាំ១៩៩៤ ដែលបានបង្កើតកម្មវិធីនេះឡើងវិញ គឺមាននិស្សិតខ្មែរចំនួន ១៣២នាក់ ហើយបានទៅបន្តការសិក្សានៅអាមេរិក។
រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក អ៊ឹម សិទ្ធី មានប្រសាសន៍ថា ប្រទេសកម្ពុជា បានទទួលអាហារូបករណ៍ពីប្រទេសផ្សេងៗទៀតក្រៅពីសហរដ្ឋអាមេរិក។ លោកបន្ថែមថា កម្មវិធី Fulbright របស់អាមេរិក បានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជានេះ គឺក្រៅពីការជួយបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ក៏បង្ហាញពីសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកដែរ។
ក្រុមនិស្សិតដែលជាប់អាហារូបករណ៍ទាំងនោះបានសម្ដែងការសប្បាយចិត្ត និងប្ដេជ្ញារៀនសូត្រដើម្បីយកចំណេះដឹងទាំងនោះមកអភិវឌ្ឍប្រទេសវិញ។
ចំណែកឯឪពុកម្ដាយនិស្សិតទាំងនោះ ក៏សម្ដែងក្ដីរីករាយ និងមានមោទនភាពដែលកូនរបស់គាត់បានទៅរៀននៅអាមេរិក។
បើទោះបីជាមន្ត្រីអប់រំមួយចំនួនមានមោទនភាពលើវិស័យអប់រំដែលកំពុងតែរីកចម្រើនខ្លះក៏ដោយ ប៉ុន្តែរបាយការណ៍វិទ្យាស្ថានអភិវឌ្ឍន៍បរទេសរបស់ប្រទេសអង់គ្លេស បានបង្ហាញថា ការអភិវឌ្ឍលើវិស័យអប់រំនៅកម្ពុជា នៅមានកម្រិតទាបនៅឡើយ ក្នុងចំណោមប្រទេសមួយចំនួនដែលមានការអភិវឌ្ឍលើវិស័យសិក្សាធិការយឺតយ៉ាវបំផុត ហើយបានអំពាវនាយឲ្យរដ្ឋាភិបាលកម្ពុជា កែទម្រង់ជាបន្ទាន់ បើមិនដូច្នេះទេ ផែនការសិក្សាសហស្សវត្សដែលកំណត់នៅឆ្នាំ២០១៥ កម្ពុជានឹងមិនអាចទទួលជោគជ័យបានឡើយ៕