មុនមួយថ្ងៃនៃទិវាពិធីបុណ្យចូលឆ្នាំខ្មែរ ទីក្រុងភ្នំពេញចាប់ផ្ដើមមានសភាពស្ងប់ស្ងាត់ជាបណ្តើរៗហើយ ដោយក្រុមប្រជាពលរដ្ឋចាប់ផ្ដើមធ្វើដំណើរពីភ្នំពេញ ទៅតាមបណ្ដាខេត្តនានា។ ពលរដ្ឋដែលចេញពីភ្នំពេញ ក្នុងថ្ងៃនេះ ភាគច្រើនជាកម្មករ កម្មការិនី និងអ្នកមកធ្វើការងារនៅភ្នំពេញ។
ហាងលក់ទំនិញ និងផ្ទះរបស់ពលរដ្ឋមួយចំនួនចាប់ផ្ដើមបិទទ្វារនៅថ្ងៃទី១៣ ខែមេសា នេះ។ ផ្លូវថ្នល់ដែលធ្លាប់តែកកស្ទះដោយយានយន្តគ្រប់ប្រភេទណែនណាន់នោះ ក៏ប្រែស្រឡះល្អ មិនកកស្ទះដូចសព្វដងទេ។
ប៉ុន្តែទោះបែបនេះក្តី នៅតាមបណ្ដាផ្សារនានាក្នុងក្រុងភ្នំពេញ ជាពិសេសគឺពេលព្រឹក នៅតែមានមនុស្សចេញចូលទៅមកដោយខ្លះទិញគ្រឿងរណ្ដាប់ទទួលទេវតាឆ្នាំថ្មី និងទិញគ្រឿងម្ហូបអាហារជាដើម។
ដើរសម្លឹងមើលបាច់ផ្លាដែលគេលក់ត្រៀបត្រានៅផ្សារដើមគ លោក ឆាយ សារ៉ុន ប្រាប់ថា លោកទិញបាយសី ធូប ទៀន និងគ្រឿងសក្ការបូជាផ្សេងទៀតដើម្បីរៀបចំទទួលទេវតាឆ្នាំថ្មី។ លោក ឆាយ សារ៉ុន ក៏មិនខុសពីពលរដ្ឋខ្មែរផ្សេងទៀតដែរ មានជំនឿថា ការរៀបចំទទួលទេវតាឆ្នាំថ្មីជាប្រពៃទំនៀមទម្លាប់ និងដើម្បីមានសេរីសួស្ដីក្នុងគ្រួសារ៖ «ខ្ញុំទិញបានទាំងពីផ្កា ចេក ធូប ទៀនអីអស់ហើយ។ មួយឆ្នាំមានម្តងយើងរៀបចំទៅដើម្បីរកស៊ីមានសុខសប្បាយ»។
ខណៈដែលកម្មករកម្មការិនីរោងចក្រកាត់ដេរនាំគ្នាសម្រុកទៅស្រុកកំណើតនៅតាមបណ្ដារោងចក្រ និងផ្ទះជួលមានសភាពស្ងប់ស្ងាត់។ ផ្លូវធំៗចេញពីភ្នំពេញ ទៅបណ្ដាខេត្តនានា ភាគច្រើនឃើញរថយន្តធ្វើដំណើរចេញពីភ្នំពេញ ច្រើនជាងចូលភ្នំពេញ។ ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ នៅពេលមានពិធីបុណ្យទានម្តងៗ តម្លៃរថយន្តឈ្នួលតែងឡើងថ្ងៃខ្ពស់ជាងធម្មតា ទោះមានការអំពាវនាវពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនឲ្យដំឡើងថ្លៃក្តី។ អ្នករត់ឡានឈ្នួលម្នាក់សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ឡានឈ្នួលឡើងថ្លៃព្រោះប៉ូលិសចាំយកលុយផ្លូវគ្រប់ច្រកល្ហក មួយវិញទៀត ពេលឡានវិលចូលភ្នំពេញ វិញគ្មានមនុស្សដឹកឡើយ។
អង្គុយរង់ចាំឡានក្រោមស្ពានអាកាសក្បាលថ្នល់ មានទាំងបង្វេចសម្លៀកបំពាក់ដែរនោះ លោកស្រី អឿន លាន់ ប្រាប់ថា ទោះលោកស្រីមានប្រាក់តិចតួចក៏ត្រូវឆ្លៀតទៅលេងស្រុកធ្វើបុណ្យជុំបងប្អូន និងជូនលុយឪពុកម្តាយដែរ។ លោកស្រី អឿន លាន់ បន្តថា ស្នើឲ្យអ្នកបើកបរគ្រប់រូបកុំបើកលឿនពេក និងត្រូវមានការប្រុងប្រយ័ត្នដើម្បីសុវត្ថិភាពទាំងអស់គ្នា៖ «មួយឆ្នាំម្តងទៅជួបបងប្អូនធ្វើបុណ្យជុំគ្នាទៅ។ អត់ហ៊ានយកកូនទៅ អត់មានលុយ ព្រោះអស់លុយច្រើន»។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខ។ រាជធានីភ្នំពេញ ក៏តែងតែស្ងប់ស្ងាត់ក្នុងរយៈពេលនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។