នាយករដ្ឋមន្ត្រីនេប៉ាល់ គ្រោងនឹងនិយាយនៅក្នុងប្រទេសកម្ពុជា អំពីសន្និបាតអន្តរជាតិមូយស្ដីអំពីគណបក្សនយោបាយអាស៊ី ឬហៅថា ICAPP។
យោងតាមទីភ្នាក់ងារព័ត៌មាន Himalayan របស់នេប៉ាល់ ចុះថ្ងៃទី២១ កុម្ភៈនេះ ទីប្រឹក្សាការបរទេសរបស់លោកនាយករដ្ឋមន្ត្រីនេប៉ាល់ លោក Milan Tuladhar មានប្រសាសន៍ថា គណៈរដ្ឋមន្ត្រីរបស់លោកនឹងធ្វើសេចក្ដីសម្រេចលើដំណើរទស្សនកិច្ចនេះនៅថ្ងៃអង្គារ ២២ កុម្ភៈ ឬពុធ នេះហើយ។
នេះអាចជាទស្សនកិច្ចជាលើកដំបូងមួយរបស់លោក Jhala Nath Khanal នាយករដ្ឋមន្ត្រីនេប៉ាល់ បន្ទាប់ពីលោកកាន់តំណែងជានាយករដ្ឋមន្រ្តីនេះមក។
ចំណែកឯមេដឹកនាំបក្សកុម្មុយនីស្តនេប៉ាល់ ដែលហៅថា CPN-UML ក៏នឹងចូលរួមសន្និបាតនេះដែរ ហើយលោកក៏គ្រោងនឹងជួបជាមួយលោកនាយករដ្ឋមន្ត្រីកម្ពុជាដែរ។ បក្សកុម្មុយនីស្តនេប៉ាល់ ជាសមាជិករបស់គណបក្សនយោបាយអាស៊ី ICAPP៕