លោក ណៅ ធួក ប្រធានរដ្ឋបាលជលផលមានប្រសាសន៍ឲ្យដឹងថា ការលែងកូនត្រីទៅក្នុងបឹងក្នុងទិវាមច្ឆាជាតិនេះ គឺក្នុងន័យបង្កើនផលត្រីនៅក្នុងបឹងធម្មជាតិដើម្បីបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់។
លោកបន្តថា ៖ «ប្រជាពលរដ្ឋយើងកើតយ៉ាងច្រើនដែលតម្រូវឲ្យយើងមិនអាចប្រើប្រាស់ត្រីធម្មជាតិនេះគ្រប់គ្រាន់ទេ ចាំបាច់ត្រូវតែលែងនេះមួយផ្នែក ហើយចិញ្ចឹមនេះមួយផ្នែកទៀត ហើយថ្មីៗនេះឯកឧត្ដម លោកជំទាវ លោកលោកស្រី ជ្រាបស្រាប់ហើយថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកសម្រេចចិត្តមួយដ៏ខ្ពង់ខ្ពស់ដើម្បីធ្វើឲ្យផលត្រីនៃប្រទេសកម្ពុជាយើងកើនឡើងវិញ ជាពិសេសបឹងទន្លេសាបនេះឲ្យក្លាយទៅជាជង្រុកត្រីនៅតំបន់អាស៊ី។ លោកបានធ្វើការសម្រេចចិត្តផ្អាកឡូត៍នេសាទ ដកឡូត៍នេសាទរយៈពេល ៣រដូវសិន»។
ផលត្រីនៅក្នុងប្រទេសកម្ពុជា កំពុងតែរងការបំផ្លាញដោយសារតែមានជនល្មើសបានប្រើឧបករណ៍នេសាទខុសច្បាប់ដើម្បីនេសាទត្រី។
មន្ត្រីរដ្ឋបាលជលផល និងមន្ត្រីសាលាក្រុងភ្នំពេញបានលែងកូនត្រី និងមេត្រីពូជប្រមាណ ៤ម៉ឺនក្បាលចូលទៅបឹងធម្មជាតិមួយក្នុងសង្កាត់ពញាពន់ ខណ្ឌសែនសុខ ក្រុងភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១១។
លោក ងឹន ឌី នាយខណ្ឌរដ្ឋបាលជលផលក្រុងភ្នំពេញ មានប្រសាសន៍ថា ក្នុងឆ្នាំ២០១១ នេះ អាជ្ញាធរចាប់ឧបករណ៍នេសាទលូស្បៃមុងបាន ២០០មាត់ របាំងស្បៃមុងបាន ៩.៣៥០ម៉ែត្រ របាំងព្រួល ១.២០០ម៉ែត្រ។
អភិបាលក្រុងភ្នំពេញ លោក កែប ជុតិម៉ា ថ្លែងសុំឲ្យជួយរក្សាត្រីនៅក្នុងបឹងធម្មជាតិដើម្បីទុក្ខឲ្យប្រជាពលរដ្ឋនេសាទដោយស្របច្បាប់។
លោកបន្តថា អាជ្ញាធរប្រើវិធានការខ្លាំងប្រសិនបើប្រជាពលរដ្ឋនៅតែប្រើឧបករណ៍នេសាទខុសច្បាប់នោះ ៖ «ហើយលែងទៅដល់ត្រីធំធាត់គ្មានអ្នកណាចាប់ក្រៅពីបងប្អូននៅទីហ្នឹងទេ។ ដូច្នេះបងប្អូនត្រូវថែ គឺកុំប្រើឧបករណ៍ដែលយើងនិយាយអម្បាញ់មិញអ៊ីចឹង ឆក់ ស្បៃមុង គឺចង្រៃណាស់ អស់រលីងតែម្ដង និយាយរួមគឺពាយតែម្ដង។ ខ្ញុំសូមជម្រាបបងប្អូនឲ្យច្បាស់ថា លើកទីមួយយកឧបករណ៍មកដុត លើកទីពីរគឺចាប់មនុស្សហើយ»។
នៅក្នុងពិធីមច្ឆាជាតិនោះ ក្រៅពីលែងកូនត្រី និងមេត្រីពូជចូលទៅក្នុងបឹងធម្មជាតិ អាជ្ញាធរក៏បានដុតកម្ទេចចោលឧបករណ៍នេសាទខុសច្បាប់មួយចំនួនដូចជាស្បៃមុង និងឧបករណ៍ឆក់ត្រីជាដើម ដែលអាជ្ញាធរចាប់បានកាលពីពេលកន្លងមកនោះ។
លោក ស៊ឹម ស៊ីន ប្រជាពលរដ្ឋដែលប្រកបរបរនេសាទនៅបឹងពណ្ណរាយ បានថ្លែងថា ចាប់តាំងពីអាជ្ញាធរបង្ក្រាបបទល្មើសនេសាទ ហើយមានលែងកូនត្រីទៅក្នុងបឹងផងនោះគឺផលត្រីបានកើនឡើងជាងពេលកន្លងមក ៖ «តាំងពីគាត់លែងមកគឺថា វាកើនបន្តិចដែរ ហើយតាំងពីសហគមន៍នេះគេចុះចាប់ចុះអ៊ីចឹងទៅពួកអ្នកឆក់ហ្នឹងណា នេះវាបានត្រីច្រើនដែរ។ បាទ! មួយយប់បាន ៣ ឬ ៤ ឬ ៥គីឡូក្រាមដែរ ពីមុនមកអត់បានប៉ុណ្ណឹងទេ គឺឆក់ច្រើនពេក។ ខ្ញុំថា អាចកើនជាងមុនទៅទៀតពី ៥គីឡូ អីទៅ ១០គីឡូទៅ ខ្ញុំសង្ឃឹមអ៊ីចឹង»។
មន្ត្រីជំនាញបានប៉ាន់ប្រមាណថា ផលត្រីនៅក្នុងឆ្នាំ២០១១នេះ នឹងកើនឡើង ដោយសារតែឡូត៍នេសាទមួយចំនួនបានបិទ និងការបង្ក្រាបបទល្មើសនេសាទបានច្រើនផងនោះ៕