ឧក្រិដ្ឋកម្មប្លន់ប្រដាប់អាវុធនៅក្រុងភ្នំពេញ បានផ្តើមកើនឡើងវិញ ហើយអ្នកសង្កេតការណ៍មើលឃើញថា ហេតុការណ៍ទាំងនោះកើតឡើងបន្ទាប់ពីមរណភាពដ៏រហ័សបំផុតនៃអគ្គស្នងការនគរបាលជាតិ ហុក ឡងឌី និងការឡើងកាន់កិច្ចការជំនួសដោយលោកឧត្តមសេនីយ៍ នេត សាវឿន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា រឿងចោរប្លន់ទាំងនោះមិនទាក់ទងនឹងមរណភាពលោកឧត្តមសេនីយ៍ ហុក ឡងឌី នោះទេ។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក John Johnson ថ្លែងថា គេឃើញមានការកើនឡើងនូវអំពើឆក់កាបូបនិងអំពើប្លន់លើពលរដ្ឋអាមេរិកាំង ព្រមទាំងជនបរទេសដទៃទៀងផងដែរ។
អ្នកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី ប្រាប់កាសែតថា ឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលកើនឡើង គឺមកពីសង្គមសព្វថ្ងៃមានវប្បធម៌និទណ្ឌភាព ឬភាពរួចទោសពៃរ៍ ហើយ ប្រព័ន្ធយុត្តិធម៌ គឺគេដាក់លក់សម្រាប់នរណាដែលមានលុយទិញ៕