ការជំរុញនេះបានធ្វើឡើងនៅគ្រាដែលពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃ បានរត់គេចពីភូមិស្រុក ដោយសារការបាញ់ផ្លោងកាំភ្លើងធំពីសំណាក់ទាហានថៃ មកលើកន្លែងជនស៊ីវិលកម្ពុជា ស្នាក់នៅ ធ្វើឲ្យពួកគេខកខានដាំដុះដំណាំ។
អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកបណ្ឌិត ញឹម វណ្ណដា មានប្រសាសន៍នៅថ្ងៃអង្គារ ទី១៧ ខែឧសភា ថា ថៃបានឈ្លានពានទឹកដីកម្ពុជា ដោយបាញ់ផ្លោងកាំភ្លើងធំមកប៉ះពាល់ដីកសិកម្ម ទើបពលរដ្ឋខ្លះមិនទាន់បានធ្វើស្រែទាន់ដើមរដូវនៅឡើយ។ ប៉ុន្តែមានពលរដ្ឋខ្មែរភាគច្រើនបានជួយសម្អាតគ្រាប់ផ្លោងក្នុងដីស្រែរបស់ខ្លួនដើម្បីបង្កបង្កើនផល។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងផ្ដល់ជាអំណោយដល់ពួកគេនៅថ្ងៃ១៨ ខែឧសភា ដើម្បីលើកទឹកចិត្តពលរដ្ឋទាំងនោះ ពិសេសអ្នករស់នៅសង្កាត់អូរស្មាច់ ១.៩៤០គ្រួសារ ដែលរត់គេចពីសង្គ្រាមនោះ។
លោក ញឹម វណ្ណដា មានប្រសាសន៍ទៀតថា ៖ «អ៊ីចឹងហើយមិនមែនជាការសង្គ្រោះបន្ទាន់ដូចកាលយើងរស់នៅក្នុងជំរំទេ។ នេះជាការស្ដារឡើងវិញ មិនមានចាយលុយកាក់ទេ ប៉ុន្តែមានជាអង្ករ ជាមី ជាត្រីខ អ៊ីចឹងទៅ ដើម្បីគាត់មានកម្លាំង ហើយដើម្បីបង្កបង្កើនផលដាំដំណាំស្រូវ ដំណាំរួមផ្សំផ្សេងៗទៀត ដែលអាចធ្វើទៅបាន ហើយស្របពេលដែលច្រកនោះសៀមឈ្លានពានហ្នឹងបានបិទការនាំចេញនាំចូល ទាំងពីប្រេង ទាំងពីទំនិញអីផ្សេងៗផង ហើយនិងស្របពេលវេលាហ្នឹងផង យើងត្រូវតែជួយគាត់»។
លោក ញឹម វណ្ណដា មានប្រសាសន៍បន្តថា គណៈកម្មាធិការជាតិបានផ្ដល់ការលើកទឹកចិត្តដល់អ្នកភូមិឲ្យងាកមកដាំដុះ ប្រកបរបរកសិកម្ម កុំពឹងផ្អែកតែការនាំចូលកសិផលពីប្រទេសថៃ។
លោកបានឲ្យដឹងទៀតថា ក្រៅពីជំនួយពីរដ្ឋាភិបាល មានអង្គការក្រៅរដ្ឋាភិបាលគ្រោងផ្ដល់ជំនួយ មុង ភួយ និងថ្នាំពេទ្យជាដើម ដល់កងទ័ព និងពលរដ្ឋខ្មែរនៅព្រំដែននោះ ៖ «ពីមុនយើងថា Emergency (មានអាសន្ន) ឥឡូវគេថា ស្ដារឡើងវិញ មានអង្គការការីតាស្ត និងមានអង្គការមួយចំនួនទៀត អ៊ីចឹងហើយគេនឹងចែកបន្តៗ។ យើងគិតថា អង្គការនានាក៏គេត្រៀមនឹងជួយផងដែរ»។
មន្ត្រីនាំពាក្យក្រសួងទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា តួលេខខូចខាតពីសាលាខេត្តឧត្តរមានជ័យ ក្នុងអំឡុងការឈ្លានពានរបស់ថៃ ពីថ្ងៃ២២ ខែមេសា ដល់ថ្ងៃ៤ ខែឧសភា ឆ្នាំ២០១១ មានជនភៀសខ្លួន ៤៥.០២០នាក់ ខូចខាតផ្ទះ ៤០ខ្នង សាលារៀន ១ខ្នង និងមានយុទ្ធជនពលី ៨នាក់ អ្នករបួស ១៨នាក់ ក្នុងនោះមានជនស៊ីវិល ៣នាក់។
លោកបន្តថា ការឈ្លានពានរបស់ថៃ មកលើកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០១១ នៅតំបន់ប្រាសាទព្រះវិហារ មានជនភៀសខ្លួនកម្ពុជា ចំនួន ១៣.០០០នាក់ មានផ្ទះ ៦ខ្នង រងការខូចខាត មានយុទ្ធជនពលី ៤នាក់ នៅក្នុងនោះមានមន្ត្រីប៉ូលិសម្នាក់ និងរបួសប្រជាពលរដ្ឋចំនួន ៣០នាក់។
លោក ញឹម វណ្ណដា បន្ថែមដូច្នេះ ៖ «បើយើងសរុបព្រឹត្តិការណ៍ទាំង២លើក ក្នុងឆ្នាំ២០១១នេះ គឺអ្នកភៀសខ្លួនទាំងអស់ហ្នឹង គឺមាន ៥៨.០២០នាក់ បូកសរុបផ្ទះ ៤៦ខ្នង ត្រូវបានទទួលរងខូចខាត សាលារៀនមាន ១ខ្នង ហើយសរុបមនុស្សស្លាប់ទាំងអស់ដែលពលីជីវិតមាន ១៣នាក់ ហើយមាន ៥១នាក់រងរបួស»។
របាយការណ៍បឋមពីអាជ្ញាធរមីននៅកម្ពុជា បានឲ្យដឹងថា ផ្ទៃដីកម្ពុជា ដែលរងឥទ្ធិពលនៃគ្រាប់ផ្លោងរបស់ថៃ មិនទាន់ផ្ទុះលាតសន្ធឹងពីតំបន់ប្រាសាទព្រះវិហារ ទៅតំបន់ជប់គគីរ ចម្ងាយពី ២០០ ទៅ ២៥០គីឡូម៉ែត្រ ហើយមានជម្រៅដី ៣០គីឡូម៉ែត្រ ពីខ្សែបន្ទាត់ខណ្ឌសីមាអន្តរជាតិព្រំដែនកម្ពុជា-ថៃនោះ គឺគេទើបធ្វើការស្រាវជ្រាវបានប្រហែលជា ១០% ប៉ុណ្ណោះ៕