ក្រុមនិស្សិតពេទ្យមធ្យមជាច្រើននាក់ បាននាំគ្នាធ្វើពាក្យបណ្ដឹងដាច់ដោយឡែកពីគ្នា ដាក់ទៅតុលាការខេត្តបាត់ដំបង ដោយបានប្ដឹងចោទប្រកាន់លោក ណុប នរិន្ទ នាយកនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មីពីបទឆបោកប្រាក់កាសសិស្សនិស្សិត ឲ្យចូលរៀននៅវិទ្យាស្ថានរបស់ខ្លួន ដែលពុំមានច្បាប់ទទួលស្គាល់ដោយក្រសួងសុខាភិបាល។
និស្សិតឆ្នាំទី៣ ផ្នែកគិលានុបដ្ឋាកមធ្យម ឈ្មោះ ជុំ សារី បានថ្លែងនៅថ្ងៃព្រហស្សត្តិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១១ នេះថា កាលពីថ្ងៃទី១៤ ខែមិថុនា ក្រុមនិស្សិតចំនួន ២០នាក់ ក្នុងចំណោម ៦៣នាក់ នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ខេត្តបាត់ដំបង បានប្ដឹងទៅតុលាការរកយុត្តិធម៌ជូនពួកគាត់ ចំពោះករណីលោក ណុប នរិន្ទ ជានាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆបោកពួកគាត់ ៖ «ពួកខ្ញុំចង់បានសាលារៀនវិញ ដើម្បីបញ្ចប់ថ្នាក់ ព្រោះពួកខ្ញុំខាតអស់ច្រើនណាស់ ខាតទាំងពេលវេលា និងលុយកាក់ បើសិនជាសាលាបើកមិនបានទេ ពួកខ្ញុំឲ្យគាត់សងជំងឺចិត្ត ហើយឲ្យគាត់ទទួលទោសតាមច្បាប់ ដែលបោកប្រាស់និស្សិត មិនមែនបោកតែពួកខ្ញុំ បោកទាំងរដ្ឋាភិបាល បោកទាំងមន្ទីរអប់រំទាំងអស់ ដែលគាត់ហ៊ានបើកសាលាគាត់អត់មានច្បាប់អ៊ីចឹង»។
លោក ណុប នរិន្ទ នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានច្រានចោលការចោទប្រកាន់។ លោកបានស្ដីបន្ទោសថា វាជាកំហុសរបស់និស្សិតទាំងនោះ ៖ «បោកប្រាស់យ៉ាងម៉េច មុនអ្នកឯងចូលរៀន អ្នកឯងត្រូវការមើលស្ថាប័នគេហ្នឹង មានអីខ្លះពិតប្រាកដ មានច្បាប់ហើយ ឬនៅ មានអីទទួលស្គាល់ពីរាជរដ្ឋាភិបាល នៅពីក្រសួងសុខាភិបាល ពីក្រសួងអប់រំនៅ»។
ក្រុមនិស្សិតបានចោទលោក ណុប នរិន្ទ ជានាយកនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី មានទីតាំងស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពីបទឆបោកនិស្សិតឲ្យចូលរៀនផ្នែកគិលានុបដ្ឋាកមធ្យម តាមរយៈការប្រើឡូហ្គោ និងខិត្តប័ណ្ណបោកប្រាស់ថា សាលាមានច្បាប់ដើម្បីទាក់ទាញសិស្សឲ្យចូលរៀន តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៧ រហូតមក។
និស្សិតឈ្មោះ ឆេង ភារ៉ា បានចោទថា លោក ណុប នរិន្ទ បានយករូបភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំនាវ ប៊ុនរ៉ានី ហ៊ុន សែន អូសទាញសិស្សនិស្សិតឲ្យបង់លុយអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បី ចូលរៀននៅសាលា ដែលគ្មានច្បាប់ទទួលស្គាល់មួយនេះ ៖ «ចុះផ្សព្វផ្សាយតាមលិខិតមកគាត់ថា សាលាមានការទទួលស្គាល់ដល់ចុងក្រោយ គាត់បែរជាបោកប្រាស់ទៅវិញធ្វើឲ្យនិស្សិតខាងពេទ្យហ្នឹងខកចិត្តយ៉ាងខ្លាំង រហូតដល់អ្នកខ្លះមិនហ៊ានទៅផ្ទះវិញ ខ្លាចឪពុកម្ដាយបន្ទោស»។
ប្រធានសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក ស៊ុន តឹក បានថ្លែងថា និស្សិតពេទ្យចំនួន ៦៣នាក់ ខ្លះរៀនឆ្នាំទី១ ឆ្នាំទី២ និងឆ្នាំទី៣ បានចំណាយពេលរៀនសូត្រ និងប្រាក់កាសយ៉ាងច្រើន តែពួកគេរងគ្រោះដោយសារលោកនាយកបោកប្រាស់ពួកគាត់ ៖ «ជាកំហុសធំ គឺនាយកដែលគាត់បើកដោយគ្មានច្បាប់ ហើយយើងមិនអាចបន្ទោសនិស្សិតបានទេ និស្សិតកាលណាសាលាបើកគាត់គិតថាមានច្បាប់ហើយ ហើយផលប៉ះពាល់ទី១ អស់ទ្រព្យសម្បត្តិ ទី២ អនាគត់ ដល់ឆ្នាំទី៣ គាត់ទៅរៀនសាលាផ្សេងឡើងវិញ គាត់មិនអាចរៀនបន្តបានទេ គាត់នឹងរៀនសារដើមឡើងវិញ»។
កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១១ ក្រសួងសុខាភិបាលចេញលិខិតមួយ ចុះលេខ១០៣ ប្រាប់មកលោកនាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី ខេត្តបាត់ដំបង ថាការបើកបណ្ដុះបណ្ដាលផ្នែកសុខាភិបាលនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ខេត្តបាត់ដំបង ត្រូវមានការចូលរួមពិនិត្យ និងវាយតម្លៃពីក្រសួងសុខាភិបាល និងក្រសួងអប់រំយុវជន និងកីឡាសិន មុននឹងអនុញ្ញាតឲ្យបើកដំណើរការបណ្ដុះបណ្ដាលវិស័យសុខាភិបាល។ ដូច្នេះ ក្រសួងសុខាភិបាលមិនឯកភាពក្នុងការបើកបណ្ដុះបណ្ដាលផ្នែកសុខាភិបាលនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីនេះទេ។ ប៉ុន្តែ វិទ្យាស្ថាននេះនៅតែបន្តបើកបង្រៀន ដោយពុំបានគោរពតាមសេចក្ដីណែនាំរបស់ក្រសួងឡើយ លុះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១១ ក្រសួងសុខាភិបាលបានចេញលិខិតព្រមានថ្មីមួយ ឲ្យបញ្ឈប់ការបើកបណ្ដុះបណ្ដាលផ្នែកសុខាភិបាលនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីនេះ៕