មេបក្សប្រឆាំងលាតត្រដាងទីតាំងគាស់ថ្មកែវដ៏ធំមួយនៅខេត្តបាត់ដំបង។ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី បានបង្ហោះវីដេអូមួយឈុតមានរយៈពេលជាង ៣នាទី ដែលបង្ហាញពីទិដ្ឋភាពទូទៅនៅបរិវេណភ្នំគីរីសិលាកែវ ស្ថិតនៅឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ លោក សម រង្ស៉ី បញ្ជាក់ថា ឈ្មួញខិលខូចគាស់ថ្មកែវ យកទៅលក់ឲ្យវៀតណាម ដោយខុសច្បាប់។
ប្រធានគណបក្សប្រឆាំង លោក សម រង្ស៉ី ធ្លាប់តែត្រូវអ្នកកាសែតសម្ភាសន៍ ប៉ុន្តែក្នុងវីដេអូមួយនេះ លោកដើរតួជាអ្នករាយការណ៍ព័ត៌មានវិញម្តង។ លោកស្លៀកខោខ្មៅ អាវស ជាសំលៀកបំពាក់ទៅបុណ្យកឋិនដែលបក្សប្រឆាំងបានដង្ហែរទៅវត្តមួយជិតភ្នំគីរីសិលាកែវ ។ មេបក្សរូបនេះឈរនៅមុខម៉ាស៊ីនថតវីដេអូ ហើយខាងក្រោយខ្នងលោកមានថ្មកែវសក្បុស ភ្លឺចិញ្ចាច និងគ្រឿងចក្រកាយថ្មមួយគ្រឿង។ លោកដើរបណ្តើររៀបរាប់ពីអត្ថប្រយោជន៍ថ្មកែវបណ្តើរ៖ «គឺគេយកទៅធ្វើអគារ ធ្វើអូតែល ធ្វើវិឡា ដូច្នេះលក់បានថ្លៃណាស់។ វាជាទ្រព្យសម្បត្តិធម្មជាតិ សម្បត្តិជាតិ។ យើងសោកស្តាយណាស់ថាឈ្មួញហ្នឹងមិនដឹងមកពីខាងណាយកថ្មនេះ»។
លោកបន្តថា ក្នុងការដ្ឋានកាយថ្មកែវនេះ មានកម្មករធ្វើការរាប់សិបនាក់ តែពេលដែលលោកទៅដល់កម្មករទាំងនោះរត់ចោលគ្រឿងចក្រអស់តែម្តង។ វីដេអូរបស់លោក សម រង្ស៉ី បង្ហាញពីប្រដាប់គាស់ ដែកជីក ធុងសាំងធំៗដាក់ប្រេង ម៉ូទ័រច្រៀក ខ្សែចងថ្ម ទីតាំងអារច្រៀក ប្រដាប់បំផ្ទុះ ព្រមទាំងរថយន្តយីឌុបមួយគ្រឿងដែលមានស្លាកលេខវៀតណាម ទៀតផង។ ថ្មកែវខ្លះធំ ខ្លះតូច ត្រូវឈ្មួញតម្រៀតជាជួរៗដូចឥដ្ឋការ៉ូ ទំនងជានឹងត្រូវដឹកចេញយកទៅលក់នៅពេលឆាប់ៗខាងមុខ។
លោក សម រង្ស៉ី បានដើរទៅសម្ភាសប្រជាពលរដ្ឋពីផលប៉ះពាល់ដែលបណ្តាលមកពីការដ្ឋាននេះ៖ «សំឡេងលោក សម រង្ស៉ី និយាយជាមួយពលរដ្ឋពីថ្មដែលធ្លាក់ត្រូវផ្ទះពលរដ្ឋ»។
លោកក៏បានប្តេជ្ញាចិត្តថា នឹងតាមដានការដ្ឋានកាយថ្មកែវនេះមិនឲ្យរបូតទេ៖ «អ៊ីចឹងហើយបានយើងនឹងតាមដានសកម្មភាពជីកគាស់ថ្មកែវនេះឲ្យមានការគ្រប់គ្រងដោយតម្លាភាព ធ្វើស្អីក៏ដោយត្រូវតែដើម្បីប្រយោជន៍ជាតិ»។
ទាក់ទងនឹងបញ្ហានេះ អភិបាលខេត្តបាត់ដំបង លោក ចាន់ សុផល នៅថ្ងៃទី៣១ ខែតុលា មានប្រសាសន៍ថា ការដ្ឋានថ្មកែវបានទទួលអាជ្ញាប័ណ្ណប្រកបអាជីវកម្មពីក្រសួងរ៉ែនិងថាមពល។ លោកបន្តថា អាជ្ញាធរខេត្តមិនមានសិទ្ធិសម្រេចលើបញ្ហានេះឡើយ តែគ្រាន់តែមានសិទ្ធិធ្វើរបាយការណ៍ទៅថ្នាក់ក្រសួង ព្រមទាំងដោះស្រាយពីផលប៉ះពាល់ជាក់ស្តែងនៅថ្នាក់មូលដ្ឋានប៉ុណ្ណោះ៖ «សមត្ថកិច្ចដែលជាអ្នកសម្រេចផ្តល់ច្បាប់ក្នុងការធ្វើអាជីវកម្មហ្នឹង គឺជាក្រសួងរ៉ែនិងថាមពល»។
ការដ្ឋានថ្មកែវដ៏ធំនេះ ស្ថិតនៅឃុំតាគ្រាម នៅជិតអាងទឹកកំពីងពួយ។ ម្ចាស់ការដ្ឋាននេះ បានជីកកកាយថ្មកែវតាំងពីសម័យអភិបាលខេត្តចាស់ដែលល្បីឈ្មោះខាងលក់ទ្រព្យសម្បត្តិរដ្ឋនៅក្នុងខេត្ត លោក ប្រាជ្ញ ច័ន្ទ កាន់ការមកម្ល៉េះ។ កាលនោះការដ្ឋានជីកគាស់ថ្មកែវនេះ មិនមានច្បាប់ឡើយ លុះដល់ពេលអភិបាលខេត្តថ្មី គឺលោក ចាន់ សុផល មកធ្វើជាអភិបាលខេត្ត លោកក៏បានសើរើរឿងនេះ។ ក្រុមហ៊ុននោះបានរត់ការពីថ្នាក់ក្រសួងចុះទៅក្រោមវិញ។ អាជ្ញាប័ណ្ណនោះទើបបានក្នុងរយៈពេលពីរខែចុងក្រោយប៉ុណ្ណោះ គឺនៅគ្រាដែលឈ្មួញកាយភ្នំថ្មកែវនេះអស់មួយចំហៀងបាត់ទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ អភិបាលខេត្តបាត់ដំបង លោក ចាន់ សុផល បញ្ជាក់ថា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា រួមទាំងមន្ត្រីនៅជុំវិញខេត្តនឹងចុះទៅពិនិត្យទីតាំងនោះនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។