អ្នក​ភូមិ​តំបន់​បឹង​កក់ ក្រុង​ភ្នំពេញ​ទាមទារ​ចំណែក​​ដី​​​ជា​ថ្មី​ទៀត

ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹង​កក់ ក្រុង​ភ្នំពេញ​ទាមទារ​ជា​ថ្មី​ទៀត សុំ​ឲ្យ​សាលា​ក្រុង​ភ្នំពេញ និង​ក្រុមហ៊ុន ស៊ូកាគូ (Sukaku) ធ្វើ​ការ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​សម្រាប់​ប្រជា​ពលរដ្ឋ ដែល​នៅ​សល់​ចំនួន ១.៥០០ គ្រួសារ ក្នុង​តំបន់​នោះ។ ការ​ទាមទារ​នេះ ត្រូវ​បាន​អ្នក​ភូមិ​ធ្វើ​ឡើង​ក្នុង​សន្និសីទ​កាសែត​មួយ នៅ​ថ្ងៃ​ទី ១៣ ខែ​មិថុនា។
ដោយ សុខ​សេរី
2011.06.13
Share on WhatsApp
Share on WhatsApp

តំណាង​ប្រជា​ពលរដ្ឋ ១.៥០០ គ្រួសារ លោក ដួង គា អាយុ ៤៣ ឆ្នាំ ថ្លែង​ថា ប្រជា​ពលរដ្ឋ​សុំ​ឲ្យ​សាលា​ក្រុង​ភ្នំពេញ ដោះ​ស្រាយ និង​វាស់វែង​ដី​ចែក​ជូន​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​មាន​ការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ​ផង។

លោក​បន្ត​ថា ៖ «អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ដោយ​មាន​ទំហំ​ផ្ទះ ៤ ម៉ែត្រ គុណ ១៦ ម៉ែត្រ។ ផ្ទាល់​ដី មាន​កម្មសិទ្ធិ​ត្រឹមត្រូវ និង​ធានា​ថា ការ​សាងសង់​បន្ត​នៅ​ថ្ងៃ​អនាគត ដូចជា យើង​មាន​កូន​មាន​ចៅ​អាច​ធ្វើ​ឡើង​ទៅ​លើ​បាន​តទៅ​ទៀត។ ទាមទារ​ដូច​ជា​ខ្ញុំ នៅ​តំបន់​បឹង​កក់​ចំនួន ៧ ភូមិ​នេះ មាន​ទាំង​អស់ ១.៥០០ គ្រួសារ ដែល​គាត់​មិន​ព្រម​ចាក​ចេញ​ទេ។ ហើយ​តែងតែ​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​មេត្តា ជួយ​សម្រួល​ក្នុង​ករណី​ដែល​មាន​ភាព​ងាយ​ស្រួល​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ឲ្យ​បាន​ឆាប់​រហ័ស»។

កន្លង​មក មាន​ប្រជា​ពលរដ្ឋ​សរុប​ចំនួន ៤.២៥២ គ្រួសារ​នៅ​បឹង​កក់​នោះ។ ប៉ុន្តែ ប្រជា​ពលរដ្ឋ​ជាង  ២.៧០០ គ្រួសារ ត្រូវ​បាន​សាលា​ក្រុង​ភ្នំពេញ និង​ក្រុមហ៊ុន ស៊ូកាគូ តម្រូវ​ឲ្យ​ចាកចេញ​ពី​តំបន់​បឹង​កក់​ នោះ​ដោយ​បង្ខំ។

សាលា​ក្រុង​ភ្នំពេញ បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន ស៊ូកាគូ អភិវឌ្ឍន៍​នៅ​តំបន់​បឹង​កក់​នោះ ទំហំ ១៣៣ ហិកតារ​សម្រាប់​រយៈ​ពេល ៩៩ ឆ្នាំ ក្នុង​ទឹក​ប្រាក់​ចំនួន​ជាង ៧៩ លាន​ដុល្លារ​អាមេរិក។

កិច្ចសន្យា​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា និង​លោក​ឧកញ៉ា ទ្បៅ ម៉េងឃីន កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០០៧។

ចាប់​តាំង​ពី​ពេល​នោះ​មក ប្រជា​ពលរដ្ឋ​ដែល​មិន​ព្រម​ចាកចេញ បាន​ងើប​តវ៉ា​ជា​ច្រើន​លើក។ ក៏​ប៉ុន្តែ ការ​តវ៉ា​របស់​ពលរដ្ឋ​ទាំង​នោះ ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​ដោយ​ហិង្សា បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស និង​រង​ការ​ចាប់​ខ្លួន៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Jun 14, 2011 06:39 AM

Greed is never ending cycle. It is not just the rich but the poor act the same.