ក្រុមហ៊ុន​ស៊ូកាគូ​បូម​ខ្សាច់​ធ្វើ​ឲ្យ​បាក់​ផ្ទះ​ពលរដ្ឋ​៣​ខ្នង​ទៀត

ប្រជាពលរដ្ឋ​តំបន់​បឹង​កក់ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ ធ្នូ បាន​នាំ​គ្នា​តវ៉ា​សុំ​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូ ផ្ដល់​សំណង​ផ្ទះ​សម្បែង ដោយសារ​ក្រុមហ៊ុន​នេះ​បូម​ខ្សាច់​ពន្លិច​ធ្វើ​ឲ្យ​បាក់​ស្រុត​ផ្ទះ​ដែល​ពួកគេ​កំពុង​រស់នៅ​ចំនួន ៣​ខ្នង។

លោកស្រី ពៅ ឡាំងអេង ពលរដ្ឋ​រស់នៅ​ភូមិ​២៤ សង្កាត់​ស្រះចក បាន​ថ្លែង​ថា ក្រុមហ៊ុន​ស៊ូកាគូ បាន​បូម​ខ្សាច់​ចាក់​បំពេញ​បឹងកក់ នាំ​ឲ្យ​លិច និង​បាក់​ស្រុត​ផ្ទះ​ពលរដ្ឋ​ភូមិ​២១ ចំនួន ១​ខ្នង និង​ភូមិ​២៤ ចំនួន ២​ខ្នង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២ ធ្នូ។ លោកស្រី​បន្ត​ថា ក្រុមហ៊ុន​នេះ​បាន​បូម​ខ្សាច់​ពន្លិច​ផ្ទះ​ពលរដ្ឋ ក្នុង​គ្រា​ដែល​ទំនាស់​ដីធ្លី​តំបន់​នោះ​មិន​ទាន់​ចប់​សព្វ​គ្រប់​ផង​នោះ។

លោកស្រី​សុំ​ឲ្យ​ក្រុមហ៊ុន​នេះ​ផ្ដល់​សំណង​ឲ្យ​ពួកគាត់​បាន​សាងសង់​ផ្ទះ​ឡើង​វិញ៖ «ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ហ្នឹង បូម​ខ្សាច់​មក​ពន្លិច​បាក់​ស្រុត​ចូល​គ្នា។ និយាយ​រួម​ទៅ​ខូច​ខាត​ទាំង​អស់ រស់​នៅ​អត់​បាន។ ផ្ទះ​ខ្ញុំ​ឈើ​ពាក់​កណ្ដាល ថ្ម​ពាក់​កណ្ដាល ដល់​អ៊ីចឹង​ឈើ​ទាំង​ប៉ុន្មាន​នោះ​បាក់​ខាង​ក្រោយ រួម​ចូល​គ្នា​តែម្ដង។ ក្រុមហ៊ុន​ហ្នឹង​វា​ធ្វើ​ទាំង​បំពាន ហើយ​អត់​មាន​ដំណោះស្រាយ​អី​សោះ»

ពាក់ព័ន្ធ​ការ​បាក់​លិច​ផ្ទះ​ពលរដ្ឋ​នេះ មន្ត្រី​ខណ្ឌ​ដូនពេញ លោក ហែម ឬទ្ធី បាន​ឲ្យ​ដឹង​ថា លោក​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្ដែង និង​កំពុង​ធ្វើ​របាយការណ៍​ពី​បញ្ហា​នេះ​ដើម្បី​ដោះស្រាយ​ទៅ​តាម​ការ​ស្នើសុំ​របស់​ពលរដ្ឋ៕