កម្ពុជា​ថា​ទីភ្នាក់ងារ​ស៊ើបការណ៍​ថៃ​កំពុង​ធ្វើ​ឲ្យ​ខូចខាត​ដល់​ទំនាក់​ទំនង​ខ្មែរ-​ថៃ

ក្រសួង​ការបរទេស​កម្ពុជា បាន​ផ្ញើ​លិខិត​ទៅ​កាន់​ស្ថានទូត​ថៃ​ប្រចាំ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​១៣ តុលា បដិសេធ​យ៉ាង​ដាច់អហង្ការ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​នាយកដ្ឋាន​ស៊ើបការណ៍​សម្ងាត់​របស់​ថៃ ដែល​បាន​ចុះ​តាម​សារ​ព័ត៌មាន​ថៃ​ថា កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ហ្វឹកហ្វឺន​ប្រដាប់​អាវុធ​នៅ​លើ​ដែន​ដី​របស់​ខ្លួន​ដល់​សមាជិក​ក្រុម​អាវ​ក្រហម ដើម្បី​ធ្វើ​សកម្មភាព​ភេរវកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ និង​រៀប​គម្រោង​ធ្វើ​ឃាត​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ថៃ។

លិខិត​របស់​ក្រសួង​ការបរទេស​កម្ពុជា បាន​ព្រមាន​ថា ការ​អះអាង​ដោយ​មួលបង្កាច់ និង​គ្មាន​ភស្តុតាង​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​ពិសេស​របស់​ថៃ​នេះ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​កម្ពុជា-​ថៃ ហើយ​ក៏​អាច​ជា​ឧបសគ្គ​រារាំង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ៕