កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​សិក្ខាសាលា​ស្ដីពី​ការ​អភិវឌ្ឍ​និង​អេកូ​ទេសចរណ៍

ក្រសួង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​​នៃ​អនុ​តំបន់​អាស៊ាន​មួយ នៅ​ក្នុង​ខេត្ត​សៀមរាប ស្តីពី​និរន្តរភាព​នៃ​ការ​អភិវឌ្ឍ និង​អេកូ​ទេសចរណ៍ ក្នុង​បំណង​ស្វែង​រក​បទពិសោធន៍​ល្អៗ និង​ជោគជ័យ​លើ​ការ​ទាក់ទាញ​ទេសចរ​បរទេស​ឱ្យ​ចូល​មក​ទស្សនា​ជីវចម្រុះ និង​ធម្មជាតិ​ដ៏​សំបូរ​បែប​នៅ​តាម​បណ្ដា​ខេត្ត​ជា​ច្រើន​របស់​ប្រទេស​កម្ពុជា នា​ពេល​អនាគត។

សិក្ខាសាលា​រយៈពេល ២​ថ្ងៃ​នោះ ក៏​មាន​ការ​ចូលរួម​ពី​ប្រទេស​ភូមា ឡាវ ផង​ដែរ ដោយ​មាន​ការ​ឧបត្ថម្ភ​ផ្នែក​បច្ចេកទេស​ពី​ក្រុម​សាស្ត្រាចារ្យ​មក​​ពី​ប្រទេស​អូស្ត្រាលី។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា បាន​ថ្លែង​ក្នុង​ការ​បើក​សិក្ខាសាលា​នោះ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៦ មិថុនា ថា កម្ពុជា​កំពុង​សម្លឹង​ឃើញ​វិស័យ​អេកូ​ទេសចរណ៍ ដែល​ជា​ផ្នែក​សំខាន់​បំផុត​ ក្នុង​ការ​ជួយ​បង្កើត​ការងារ និង​ផ្ដល់​កម្រៃ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ទី​ជនបទ។

លោក ថោង ខុន បាន​ឱ្យ​ដឹង​ថា នៅ​ប្រទេស​កម្ពុជា បាន​រក​ឃើញ​ខេត្ត​ចំនួន ១៤ នៅ​តាម​តំបន់​ភាគ​ឦសាន តំបន់​ឈូង​សមុទ្រ និង​ខ្លះ​ទៀត​នៅ​ជុំវិញ​តំបន់​បឹង​ទន្លេ​សាប ដែល​តំបន់​ទាំង​នោះ​មាន​ធម្មជាតិ​ចម្រុះ​ស្រស់​ស្អាត ហើយ​អាច​ទាក់ទាញ​អ្នក​ទេសចរណ៍​ឱ្យ​ចង់​ទស្សនា។

លោកស្រី ផេន្នី រីឆាដស៍ (Penny Richards) ឯក​អគ្គរដ្ឋទូត​របស់​ប្រទេស​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា វិស័យ​ទេសចរណ៍​គឺ​ជា​វិស័យ​សំខាន់​បំផុត​សម្រាប់​ប្រទេស​ទាំង​ពីរ គឺ​អូស្ត្រាលី និង​កម្ពុជា ហើយ​ជា​ពិសេស​សម្រាប់​ប្រទេស​ជិត​ខាង​នៅ​ក្នុង​តំបន់​ផង​ដែរ។ ម្យ៉ាង​វិញ​ទៀត ប្រទេស​អូស្ត្រាលី មាន​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​ដើម្បី​លើក​តម្កើង​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​ផង​ដែរ៕