មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ នៅថ្ងៃទី២៨ ខែធ្នូ បានបើកកិច្ចប្រជុំមួយនៅក្នុងខែត្រកោះកុង ក្នុងការបង្កើតសមាគមកម្មករចំណាកស្រុកកម្ពុជា (Cambodian Migrant Workers Association) ប្រចាំនៅខែត្រកោះកុង និងនៅក្រុងប៉ោយប៉ែត ខែត្របន្ទាយមានជ័យ ដើម្បីការពារផលប្រយោជន៍របស់កម្មករចំណាកស្រុក។
លោក ដេវីដ ចនវេលស៍ (David John Welsh) ប្រធានមជ្ឈមណ្ឌលអាមេរិកាំង សម្រាប់សាមគ្គីភាពការងារអន្តរជាតិ ហៅថា ACILS (American Center for International Labor Solidarity) បានឲ្យដឹងតាមទូរស័ព្ទពីខែត្រកោះកុង មកថា កម្មករចំណាកស្រុកមិនមានសមាគមសម្រាប់រួបរួមគ្នាជាកម្លាំងទេ ដូច្នេះដើម្បីឱ្យកម្មកររួបរួមគ្នាជាកម្លាំង និងតាមសិទ្ធិដែលគេមាន វាគួរតែមានអង្គការរបស់កម្មករ ហើយការងារជាច្រើនដែលកម្មករធ្វើនោះ គឺនៅកន្លែងក្រៅផ្លូវការ ជាទូទៅគេមិនអនុញ្ញាតឱ្យចូលរួមជាសហជីពទេនៅក្នុងប្រទេសដែលទទួលយកកម្មករ។
លោក ដេវីដ ចនវេលស៍ បន្តថា ៖ "ទូតកម្ពុជា មិនមានតំណាងមន្ត្រីទទួលបន្ទុកការងារមើលការខុសត្រូវកម្មករទេ ហើយប្រាក់ឈ្នួលររបស់គេក៏មិនមានការធានា គេមិនអាចចរចាមកខាងកម្ពុជាបាន ថាតើគេត្រូវបានប្រាក់ឈ្នួលប៉ុន្មាន គឺគេមិនមានការការពារអ្វីសោះ។ ដូច្នេះសមាគមនេះនឹងមើលការខុសត្រូវផលប្រយោជន៍កម្មករ"។
លោក ដេវីដ ចនវេលស៍ បន្ថែមថា ការបង្កើតសមាគមនេះក៏ដើម្បីភ្ជាប់ទំនាក់ទំនងប្រទេសដែលទទួលកម្មករ ដូច្នេះកម្មករដែលធ្វើការនៅម៉ាឡេស៊ី ថៃ ឬប្រទេសណាក៏ដោយ ក៏អាចជាសមាជិកបានដែរ។ ដូច្នេះក្រុមនេះនឹងជាក្រុមបង្ហាត់បង្រៀន ក្រុមផ្ដល់ជំនួយខាងផ្លូវច្បាប់ ហើយនៅពេលអនាគតនឹងជាក្រុមដែលត្រូវចរចាជាមួយនិយោជក ឬក្រុមហ៊ុនជ្រើសរើសកម្មករ ដើម្បីធានាដល់ការគោរពសិទ្ធិកម្មករ គោរពកិច្ចសន្យា ផ្ដល់ការហ្វឹកហ្វឺនដល់កម្មករមុនចាកចេញពីប្រទេសកម្ពុជា។
លោកសង្ឃឹមថា នៅពេលអនាគតសមាគមនេះនឹងអាចជាក្លាយជាសមាជិកបណ្ដាញមួយរបស់សមាគមកម្មករចំណាកស្រុកនៅប្រទេសថៃ និងម៉ាឡេស៊ី។
អនុប្រធានមន្ទីរកិច្ចការនារីខែត្រកោះកុង លោកស្រី ឡុក សុម៉ានេត បានមានប្រសាសន៍ថា នេះជាការល្អមួយក្នុងការបង្កើតសមាគមនេះ ពីព្រោះថា កម្ពុជាជាប្រទេសដែលមានកម្មករធ្វើការចំណាកស្រុកច្រើន ទាំងស្របច្បាប់ និងមិនស្របច្បាប់។
លោកស្រី ឡុក សុម៉ានេត បានលើកឡើងថា នៅក្នុងខែត្រកោះកុង មិនសូវមានកម្មករចំណាកស្រុកច្រើនទេ ប៉ុន្តែមានកម្មករមកពីខែត្រផ្សេងៗនៅក្នុងប្រទេសកម្ពុជា បានធ្វើការចំណាកស្រុកមិនស្របច្បាប់ទាំងប្រថុយប្រថានតាមច្រកអន្តរជាតិខែត្រកោះកុង ដូចជាទៅប្រទេសថៃ ម៉ាឡេស៊ី។ លោកស្រីបញ្ជាក់ថា សមត្ថកិច្ចថៃ បានបញ្ជូនកម្មករខ្មែរយកមកដាក់នៅខែត្រកោះកុង ចន្លោះពីជាង ៤០០នាក់ទៅ ៥០០នាក់ក្នុងមួយឆ្នាំៗ។
អនុប្រធាននាយកដ្ឋានការងារនៃក្រសួងការងារ លោក ហ៊ូ វុទ្ធី បានឲ្យដឹងកាលពីថ្ងៃទី១៨ ខែធ្នូថា កម្មករខ្មែរដែលធ្វើការចំណាកស្រុកកន្លងមក គឺទៅប្រទេសថៃ ម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង និងប្រទេសអារ៉ាប់។
មន្ត្រីដដែលបញ្ជាក់ថា ការធ្វើចំណាកស្រុកមានសុវត្ថិភាព ត្រូវតែធ្វើឡើងតាមរយៈក្រសួងការងារ និងក្រុមហ៊ុនមួយចំនួន ដែលក្រសួងការងារទទួលស្គាល់ប៉ុណ្ណោះ ដូចជាការចាកចេញទៅប្រទេសកូរ៉េ និងប្រទេសម៉ាឡេស៊ី។ ប៉ុន្តែយ៉ាងនេះក្តី ក៏គេនៅតែឃើញមានការធ្វើចំណាកស្រុកមិនស្របច្បាប់តាមរយៈការលួងលោមរបស់មេខ្យល់ ដែលជាការគ្រោះថ្នាក់សម្រាប់កម្មករ៕