តំណាង​រដ្ឋាភិបាល​កម្ពុជា​ថ្លែង​ទៅ​កាន់​មហា​សន្និបាត​អ.ស.ប.

មន្ត្រី​តំណាង​រាជ​រដ្ឋាភិបាល​ខ្មែរ បាន​ធ្វើ​សុន្ទរកថា​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប.) នា​បុរី​ញូវយ៉ក ដោយ​បង្ហាញ​ពី​កិច្ចការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ស្ថានការណ៍​ពិភពលោក។

សុន្ទរកថា​១៥​នាទី​ដែល​អាន​ដោយ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស លោក អ៊ុច បូរិទ្ធ កាល​ពី​ម្សិលមិញ បាន​បង្ហាញ​ពី​ឆន្ទៈ​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​សកម្មភាព​ប្រឆាំង​ភេរវកម្ម ឆន្ទៈ​បំផ្លាញ​គ្រឿង​សព្វាវុធ​ធុន​តូច​និង​ធុន​ស្រាល​ខ្លះ​ដើម្បី​រួម​ចំណែក​ទ្រទ្រង់​សន្តិភាព ការបញ្ជូន​ក្រុម​អ្នក​ដោះមីន​ខ្មែរ​ទៅ​ប្រទេស​ស៊ូដង់ បញ្ហា​បារម្ភ​នឹង​ការកើន​នៃ​កម្ដៅ​ផែនដី​ដែល​ញ៉ាំង​ឲ្យ​មាន​ការធ្វើ​យុទ្ធនាការ​ដាំ​ដើម​ឈើ​ឡើង​វិញ​នោះ​ជា​ដើម។

មន្ត្រី​តំណាង​រាជ​រដ្ឋាភិបាល​ខ្មែរ នៅ​ក្នុង​ពេល​នោះ បាន​អំពាវនាវ​ឲ្យ​អង្គការ​សហប្រជាជាតិ​រៀបចំ​កិច្ចប្រជុំ​ពិភពលោក​មួយ​ស្តីពី​បញ្ហា​ប្រែប្រួល​ធាតុ​អាកាស​ពិភពលោក​ដើម្បី​ឲ្យ​បណ្តា​ប្រទេស​នានា​អនុវត្ត​តាម​វិធានការ​ជាក់លាក់​ដែល​បាន​ដាក់​ចុះ​ក្នុង​គោលដៅ​កាត់​បន្ថយ​គ្រោះថ្នាក់​ពី​ការ​កើន​កម្ដៅ​ពិភពលោក៕