មន្ត្រីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ បានសម្ដែងការព្រួយបារម្ភថា វេទិកាសាធារណៈដែលគម្រោងរៀបចំធ្វើនៅខេត្តកំពត នៅថ្ងៃទី២៤ ខែធ្នូ អាចត្រូវផ្អាកមិនដំណើរការ ដោយសារមានការសាកសួរពីអាជ្ញាធរមូលដ្ឋាន ធ្វើឲ្យមានការភ័យខ្លាចដល់អ្នកផ្ដល់កន្លែងរៀបចំវេទិកា។
លោក ឈឹម សាវុធ បន្តថា ៖ «ហើយយើងមើលស្ថានភាព ៣ថ្ងៃហ្នឹងរបស់អាជ្ញាធរនៅឃុំ ទាំងភូមិទាំងអីទាំងអស់ហ្នឹង ហាក់បីដូចជាគាត់ដើរព្យាយាមរារាំងប្រជាពលរដ្ឋមិនឲ្យចូលរួម ហើយមិនឲ្យប្រគល់ទីតាំងមកឲ្យយើងធ្វើកម្មវិធី»។
ប្រជាជនរស់នៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត លោក គី ហ៊ន អាយុ ៥៣ឆ្នាំ ឲ្យដឹងនៅថ្ងៃអង្គារ ទី២១ ខែធ្នូថា គាត់សម្រេចចិត្តផ្ដល់ទីធ្លាក្នុងផ្ទះគាត់ឲ្យបើកវេទិកាសាធារណៈមួយនៅថ្ងៃ២៤ ខែធ្នូ ខាងមុខ ដើម្បីនិយាយពីការអភិវឌ្ឍតំបន់ និងបញ្ហាជម្លោះដីធ្លី ដែលរៀបចំដោយអង្គការសិទ្ធិមនុស្សកម្ពុជា។ ក្រោយពីគាត់យល់ព្រមផ្ដល់កន្លែងឲ្យបើកវេទិកាមក ៣ថ្ងៃជាប់គ្នាមានមន្ត្រីឃុំ ភូមិ និងយោធាកងពលលេខ១១២ មកសាកសួរជំទាស់នឹងការសម្រេចចិត្តរបស់គាត់នោះ។ ទោះជាយ៉ាងណា គាត់នៅតែផ្ដល់កន្លែងឲ្យបើកវេទិកានោះ ព្រោះមានលិខិតអនុញ្ញាតពីសាលាខេត្តត្រឹមត្រូវ។
លោក គី ហ៊ន បន្ថែម ៖ «មេឃុំក៏គេគ្រាន់ថា កុំឲ្យដាក់អីក្នុងភូមិក្នុងផ្ទះយើងអ៊ីចឹង ឲ្យដាក់ទៅកន្លែងសាធារណៈអ៊ីចឹងទៅ ហើយទាហានក៏គេថាអ៊ីចឹងដែរ។ ចំណុចគេ គេចង់ណែនាំខ្ញុំថា កាលណាដាក់នៅផ្ទះខ្ញុំក្រែងមានគេស្អប់ ទាហានអីគេស្អប់អ៊ីចឹងទៅ ព្រោះវេទិកាហ្នឹងប្រជាពលរដ្ឋគេឡើងសម្ដែងមតិប៉ះគេហើយ»។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តកំពត អ្នកស្រី ទ្រី ឈូន បានឲ្យដឹងថា វេទិកាសាធារណៈចំនួន២ កាលពីខែមុនត្រូវអាក់ខានបើកដូចគ្នា ដោយសារតែក្រុមអ្នកផ្ដល់ទីកន្លែងបដិសេធវិញ ក្រោយពីអាជ្ញាធរភូមិឃុំមកសាកសួរម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ដែលបានជួលកន្លែងឲ្យ។
ក្រុមប្រឹក្សាឃុំច្រេស ស្រុកជុំគីរី លោក ឱ សឿន អះអាងថា មិនបានទៅហាមឃាត់ម្ចាស់ផ្ទះក្នុងភូមិត្រពាំងឈើទាល មិនឲ្យបើកវេទិកាសាធារណៈនោះទេ ព្រោះសាលាឃុំបានទទួលលិខិតអនុញ្ញាតពីសាលាខេត្ត ៖ «ធ្វើហ្នឹងមានឃើញមានច្បាប់ទម្លាប់អីរៀបចំត្រឹមត្រូវហើយ ខ្ញុំមិនមែនថា ទៅហាមឃាត់ទេ ជាសិទ្ធិរបស់ប្រជាពលរដ្ឋ សិទ្ធិរបស់ខាងមជ្ឈមណ្ឌលដែរ»។
មេឃុំច្រេស លោក អ៊ូ សឿន មិនធ្វើអត្ថាធិប្បាយទេក្នុងការបើកវេទិកាសាធារណៈក្នុងឃុំនោះ លោកថា កំពុងនៅក្នុងប្រជុំ។
តំណាងរាស្ត្រខេត្តកំពត ខាងគណបក្សប្រជាជនកម្ពុជា លោក ឃឹម សាម៉ន មានប្រសាសន៍ថា វេទិកាសាធារណៈនៅថ្ងៃ២៤ ធ្នូ លោកនឹងមិនបានចូលរួមទេ។
លោកបន្តថា ៖ «វេទិកាបែបនេះចំណេញបានភាគីជំទាស់ជេរប្រមាថតែគណបក្សកាន់អំណាចហ្នឹង មានបានចំណេញអី»។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា អ្នកតំណាងរាស្ត្រគ្រប់គណបក្សនយោបាយ ក្រោយជាប់ឆ្នោតនៅតំបន់របស់ខ្លួនត្រូវតែទទួលយក និងស្ដាប់ទុក្ខកង្វល់ពីរាស្ត្រតាមរយៈការសម្ដែងមតិក្នុងវេទិកាសាធារណៈនោះ។
មន្ត្រីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ ឲ្យដឹងថា កាលពីខែមុន វេទិកាសាធារណៈស្ដីពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិអ្នកបោះឆ្នោតត្រូវបានម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ៣កន្លែងសុំសងប្រាក់កក់មកវិញ មិនហ៊ានជួលទីតាំងឲ្យធ្វើវេទិកាទេ។ អង្គការនេះបានសម្រេចបញ្ឈប់វេទិកាវិញ ព្រោះតក់ក្រហល់ គ្មានកន្លែងសម្រាប់បើកវេទិកា។
លោក ឈឹម សាវុធ បន្តថា វេទិកានេះបានធ្វើចំនួន ២៤ខេត្តក្រុង បានចំនួនជាង ១០ប្រធានបទមកហើយ។ ក្នុងនោះមានវគ្គសិក្ខាសាលាជាង ២០កម្មវិធី ដែលផ្ដោតលើសិទ្ធិអ្នកបោះឆ្នោត ច្បាប់អនុវត្តក្នុងប្រទេសកម្ពុជា និងការអភិវឌ្ឍជាដើម។ ប៉ុន្តែបញ្ហាកើតមាននៅខេត្តកំពត គឺថ្នាក់ខេត្តសហការល្អ តែថ្នាក់ភូមិឃុំច្រើនតែបង្កការលំបាក៕