ឥទ្ធិពលចិននៅឥណ្ឌូចិន
2011.03.02
តើចិនបានធ្វើអ្វីខ្លះមកទល់ពេលនេះ នៅភូមិភាគអាស៊ីអាគ្នេយ៍?
កាសែតនៅតំបន់អាស៊ីអាគ្នេយ៍មួយចំនួន ដូចជា The Straits Times, Asia News Network និងកាសែត The China Post ចុះផ្សាយអត្ថបទអំពីឥទ្ធិពលចិន ដោយសរសេរថា កំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លានៅស្រុកចិន កំពុងតែដូរមុខមាត់ភូមិភាគអាស៊ីអាគ្នេយ៍ ហើយវត្តមានចិន នៅតំបន់ឥណ្ឌូចិននេះ ក្លាយជាថាមភាពជំរុញការគិតគូររបស់មេដឹកនាំប្រទេសមួយចំនួន ដូចជាកម្ពុជា និងថៃ ជាដើម។
ក្នុងជម្លោះរឿងប្រាសាទព្រះវិហាររវាងកម្ពុជា និងថៃ ចិនគ្មានទាក់ទងអ្វីនឹងរឿងនេះសោះ ប៉ុន្តែគេថា វត្តមាន និងឥទ្ធិពលចិន នៅឥណ្ឌូចិន កំពុងតែផ្លាស់ប្ដូរកម្លាំងរុញច្រានក្នុងការគិតគូររបស់មេដឹកនាំប្រទេសនីមួយៗនៅតំបន់នេះ។
អ្នកវិភាគនិយាយថា ឥទ្ធិពលចិន តាមរយៈការផ្ដល់ជំនួយ និងវិយោគទុននៅក្នុងអនុមហាតំបន់ទន្លេមេគង្គ ដែលមានកម្ពុជា លាវ ភូមា និងវៀតណាមនោះ បានធ្វើឲ្យថៃ ចុះខ្សោយខាងសេដ្ឋកិច្ចដែលធ្លាប់មានប្រពៃណីមានប្រៀបជាងអ្នកជិតខាងរបស់ខ្លួននៅគ្រាមុនៗ។ ទោះជាថៃ នៅដើរតួនាទីសំខាន់មួយដែរក្នុងសេដ្ឋកិច្ចកម្ពុជា កម្ពុជាក៏មិនសូវពឹងផ្អែកលើសេដ្ឋកិច្ចថៃ សម្រាប់ជួយសេដ្ឋកិច្ចកម្ពុជានោះដែរ ថ្វីត្បិតតែអាជីវករថៃ មានគម្រោងដាក់ទុនជាង ៨០គម្រោងនៅកម្ពុជា ដែលមានទឹកប្រាក់ជាង ៣៦៣លានដុល្លារយ៉ាងណាក៏ដោយ។
អ្នកវិភាគថា កម្ពុជាមានជម្រើសតាមរយៈការចងសម្ព័ន្ធមិត្តជាមួយចិន ហើយការសំអាងលើចិននេះ ក៏អាចជួយពង្រឹងជំហរនយោបាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនឲ្យចុះញ៉មថៃ ដោយងាយៗឡើយ។ ចិនបានផាត់ចោលបំណុលឲ្យកម្ពុជា ចំនួន ៤០០លានដុល្លារ។ ចិនបានសង់សាលារៀនភាសាចិន ដ៏ធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍នៅក្រុងភ្នំពេញ។ សម្ភារៈសឹកភាគច្រើនក្នុងកងទ័ពកម្ពុជា ចិនជាអ្នកផ្តល់ឲ្យ ដូចជាគ្រឿងសព្វាវុធប្រើទប់ទល់នឹងថៃ នៅតំបន់ប្រាសាទព្រះវិហារជាដើម។
ចិនគ្រោងដាក់ទុននៅកម្ពុជា ចំនួន ៣៦០គម្រោង ដែលមានទឹកប្រាក់ ៨០ពាន់លានដុល្លារកាលពីឆ្នាំ២០១០។ ដើម្បីតបស្នងនឹងសប្បុរសធម៌របស់ចិន កម្ពុជាបានចាប់បញ្ជូនភៀសខ្លួនជនជាតិអ៊ុយហ្គរ៍ កាន់សាសនាឥស្លាមចំនួន ២០នាក់ទៅឲ្យរដ្ឋអំណាចចិនវិញ កាលពីឆ្នាំ២០០៩។ ចិនដើរតាមមាគ៌ាដូចគ្នានៅប្រទេសលាវ និងភូមា ប៉ុន្តែនៅភូមា ឥទ្ធិពលចិនមិនសូវខ្លាំងទេ ដោយសារភាពជាតិនិយមរបស់ជនជាតិភូមា។ រីឯវៀតណាម ដែលធ្លាប់មានប្រពៃណីមហិច្ឆតាទៅលើអ្នកជិតខាងរបស់ខ្លួនដែរនោះ ក៏ហ៊ានប្រឈមមុខនឹងចិនដែរ ព្រោះក្រុងហាណូយ ជឿជាក់លើខ្លួនឯងជាងពឹងគេ៕