សវនាការនេះបានប្រព្រឹត្តទៅក្រោមអធិបតីរបស់លោក ឃឹម ប៉ុន ជាចៅក្រមជម្រះក្តី និងចៅក្រមប្រឹក្សាចំនួន ៤រូបទៀត។
ជនជាប់ចោទឈ្មោះ ជា ជុង ជនជាតិខ្មែរ អាយុ ៤៥ឆ្នាំ បានឆ្លើយនៅក្នុងសវនាការនោះថា លោកបានចាញ់បោកឈ្មោះ អ៊ុំ ឆាយ ដែលបានបបួលរូបលោកមកផ្សំថ្នាំសម្លាប់សត្វល្អិត និងសម្លាប់ស្មៅនៅខេត្តកំពង់ស្ពឺ ប៉ុន្តែក្រោយមកក្រុមសមត្ថកិច្ចបានមកចាប់ខ្លួន និងបានធ្វើពិសោធន៍រកឃើញថា សារធាតុនោះជាសារធាតុផ្សំគ្រឿងញៀន។
លោក ជា ជុង បានអះអាងថា លោកជាម្ចាស់ដីទំហំ ៥ហិកតារនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមិត្តភ័ក្ដិជនជាតិចិន បានជួលកន្លែងដើម្បីរក្សាទុកសារធាតុទាំងនោះ។
កាលពីខែមករា ឆ្នាំ២០០៨ កន្លងទៅ តុលាការក្រុងភ្នំពេញ បានកាត់ទោសឲ្យជនជាតិចិនម្នាក់ឈ្មោះ ហួង ជាប់គុកមួយជីវិត និងផាកពិន័យចំនួន ១០០លានរៀល ស្មើនឹង ២៥.០០០ដុល្លារអា មេរិក។ តុលាការបានកាត់ទោសឈ្មោះ ជា ជុង ឲ្យជាប់គុក ២៥ឆ្នាំ និងផាកពិន័យចំនួន ១លានរៀល ស្មើនឹង ២៥០ដុល្លារអាមេរិក ក្រោមបទផលិតគ្រឿងញៀន និងជួញដូរគ្រឿងញៀន ក្រោយពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានស្រាវជ្រាវរកឃើញថា មានសារធាតុផ្សំគ្រឿងញៀនចំនួនសរុប ៦តោន រក្សាទុកនៅក្នុងកសិដ្ឋានមួយក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅខែមេសា ឆ្នាំ២០០៧។
ក្រៅពីនេះ តុលាការក្រុងភ្នំពេញ បានកាត់ទោសជនជាតិចិន ចំនួន ៥នាក់ទៀតឲ្យជាប់គុករវាង ២០ឆ្នាំ ទៅ ២៥ឆ្នាំ។ ដោយឡែកជនជាប់ចោទឈ្មោះ អ៊ុំ ឆាយ បានធ្វើអត្តឃាតនៅពេលកំពុង ឃុំខ្លួននៅក្រសួងមហាផ្ទៃ នៅឆ្នាំ២០០៧ កន្លងទៅ៕