ក្រុមមិត្តភក្ដិខ្លះ រួមទាំងមេធាវីផង កំពុងចង់ដឹងពីមូលហេតុពិតប្រាកដនៃមរណភាពរបស់អ្នកកាសែតកាណាដា ឈ្មោះ ដេវីដ វ៉កឃើ (David Walker) ថាតើបណ្ដាលមកពីអ្វី? ការចង់ដឹងនេះបន្ទាប់ពីជនរងគ្រោះបានបាត់ខ្លួនពីផ្ទះសំណាក់រយៈពេលជិត ៣ខែ ហើយនៅទីបំផុតគេបានរកឃើញសាកសពនៅក្នុងព្រៃ ជិតខ្លោងទ្វារជ័យនៃតំបន់ប្រាសាទអង្គរធំ ក្នុងខេត្តសៀមរាប។
មន្ត្រីស្ថានកុងស៊ុលកាណាដា ប្រចាំទីក្រុងបាងកក ប្រទេសថៃ បានដឹកនាំក្រុមអ្នកជំនាញខាងវិភាគវេជ្ជសាស្ត្រមួយក្រុមមកដល់ខេត្តសៀមរាប រយៈពេល ២ថ្ងៃជាប់គ្នានេះ។
ដំណើរមកដល់របស់ក្រុមអ្នកវិភាគវេជ្ជសាស្ត្រនោះ កាលពីថ្ងៃទី៣ ខែឧសភា គឺបានទៅលើកយកសាកសពជនបរទេសម្នាក់ដែលគេសង្ស័យថា ជាអ្នកកាសែតកាណាដា ចេញពីព្រៃ ហើយនៅថ្ងៃទី៤ ខែឧសភា បានទៅពិនិត្យបន្ទប់ផ្ទះសំណាក់ ហ្គ្រីន វិលេក អង្គរ (Green Village Angkor) ដែលជាកន្លែងលោក ដេវីដ វ៉កឃើ ធ្លាប់ស្នាក់នៅ។
អធិការនគរបាលក្រុងសៀមរាប គឺលោក ទិត្យ ណារ៉ុង។ លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យ ទី៤ ខែឧសភា ថា មនុស្សរបស់ស្ថានកុងស៊ុលកាណាដា មួយក្រុមនោះ កំពុងធ្វើការពិនិត្យនៅក្នុងបន្ទប់ផ្ទះសំណាក់ដែលអ្នកកាសែតកាណាដា ដេវីដ វ៉កឃើ ស្នាក់នៅជាច្រើនម៉ោង ក៏ប៉ុន្តែលោកមិនបានដឹងពីការងាររបស់ពួកគេច្បាស់លាស់ទេ៖ «ធ្វើតែការងារគេ ពិនិត្យក្នុងបន្ទប់វានោះឯង។ ម៉ោងជាង ១១ហើយ ពួកនោះអត់ទាន់ចេញផង»។
ទោះយ៉ាងណា ការមកដល់របស់ក្រុមអ្នកឯកទេសពិនិត្យសាកសពនោះ ត្រូវសមត្ថកិច្ចយល់ថា គឺក្នុងបំណងធ្វើ ឌី.អិន.អេ (DNA) ដើម្បីបញ្ជាក់ថា តើសាកសពជនបរទេសម្នាក់ដែលគេរកឃើញនៅក្នុងព្រៃអង្គរ គឺពិតជាអ្នកកាសែតកាណាដា ឈ្មោះ ដេវីដ វ៉កឃើ មែនឬក៏អត់ ហើយតើមូលហេតុដែលស្លាប់បណ្ដាលមកពីអ្វី?
នៅកន្លែងផ្ទះសំណាក់ ហ្គ្រីន វិលេក អង្គរ កាលពីព្រឹកថ្ងៃអាទិត្យ ក្រុមអ្នកឯកទេសទាំងនោះមិនបាននិយាយអ្វីទេ ចំណែកឯមេធាវីរបស់អ្នកកាសែតកាណាដានោះ ក៏មិនចង់ឱ្យមានការផ្សព្វបញ្ហានេះដែរ។
សាកសពជនបរទេសម្នាក់ដែលរកឃើញក្នុងព្រៃជិតខ្លោងទ្វារជ័យនៃតំបន់អង្គរធំ កាលពីថ្ងៃទី៣០ ខែមេសា ហើយគេសង្ស័យថា ជាអ្នកកាសែតកាណាដា បាត់ខ្លួននោះ ត្រូវប៉ូលិសខេត្តសៀមរាប សន្និដ្ឋានជំហានដំបូងថា អាចស្លាប់ដោយសារខ្យល់គរ។ ក៏ប៉ុន្តែមិត្តភ័ក្ដិជិតស្និទ្ធរបស់អ្នកកាសែតកាណាដា នៅមិនទាន់ជឿថា មរណភាពរបស់លោក ដេវីដ វ៉កឃើ បណ្ដាលមកពីគាំងបេះដូង ឬក៏ខ្យល់គរនោះទេ។
អ្នករួមការងារជាមួយអ្នកកាសែតកាណាដា ម្នាក់ គឺលោក ឈួន សាន់នី បានមានប្រសាសន៍ថា លោកមិនយល់ស្របជាមួយប៉ូលិសខ្មែរដែលគ្រាន់តែពិនិត្យមើលសាកសពរលួយអស់ទៅហើយ បែរជាហ៊ានសន្និដ្ឋានទៅលើបញ្ហាខ្យល់គរនោះទេ។
លោក សាន់នី រំពឹងថា អ្នកជំនាញពិនិត្យ សាកសពមួយក្រុមមកពីបរទេស នឹងស្វែងរកឃើញមូលហេតុនៃមរណភាពរបស់លោក ដេវីដ វ៉កឃើ យ៉ាងពិតប្រាកដ៖ «ខ្ញុំរង់ចាំមើល ថាតើកោសល្យវិច័យនៃក្រុមដែលគេពិនិត្យម្សិលមិញ តើគេពិនិត្យឃើញយ៉ាងម៉េច? ហើយយើងនឹងគិតមើលតាមហ្នឹងទៀត។ ប៉ុន្តែទោះយ៉ាងណា នៅតែចង់ឱ្យមានការស៊ើបអង្កេត និងពិនិត្យពិច័យឱ្យបានត្រឹមត្រូវតាមបែបលក្ខណៈវិទ្យាសាស្ត្រ ដើម្បីឱ្យបានយល់ទាំងអស់គ្នាថាគាត់កើតអ្វី?»។
អ្នកកាសែតកាណាដា ដេវីដ វ៉កឃើ បានបាត់ខ្លួនពីផ្ទះសំណាក់ក្នុងខេត្តសៀមរាប តាំងតែពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤។ ក្រុមប៉ូលិស និងអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលជាច្រើនបានខំស្វះស្វែងរកគ្រប់ច្រកល្ហក ក៏ប៉ុន្តែនៅទីបំផុត គេបានទទួលដំណឹងក្រៀមក្រំ ដោយសារតែប្រទះឃើញគាត់ស្លាប់នៅក្នុងព្រៃនៃតំបន់អង្គរធំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។