ស្រែប្រាំងជាច្រើនពានហិកតារអាចប្រឈមមុខខូចខាតដោយសារតែខ្វះទឹកបូមបញ្ចូលបន្ថែមនៅពេលដែលស្រូវចាប់ផ្ដើមចេញបង្ហើម។ កសិករដែលធ្វើស្រែនៅខាងកើតទីរួមខេត្តព្រៃវែង បានថ្លែងថា ប្រសិនបើមិនមានភ្លៀងធ្លាក់ ឬមានទឹកបូមពីប្រឡាយបន្ថែមទៀតទេ ស្រូវរបស់ពួកគាត់អាចស្កកខូច។ ប៉ុន្តែប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានថ្លែងថា លោកនឹងឲ្យក្រុមមន្ត្រីយកគ្រឿងចក្រទៅជួយកាយប្រឡាយបន្ថែមដើម្បីបង្ហូរទឹកជូនដល់ពលរដ្ឋធ្វើស្រែ។
សូរសំឡេងម៉ាស៊ីនបូមទឹកលាន់ឮទ្រហឹងនៅបណ្ដោយប្រឡាយខាងកើតទីរួមខេត្តព្រៃវែង ដែលគោកទឹកដោយកន្លែងទៅហើយ។ ម៉ាស៊ីនបូមទឹកជាង ១០០គ្រឿង ដាក់តម្រៀបដង្ហែតាមប្រឡាយរាយទុយយោបង្ហូរទឹកដាក់ទៅស្រែរៀងៗខ្លួន។ ពលរដ្ឋកំពុងតែកាយភក់ល្បាប់ក្នុងប្រឡាយដើម្បីបង្ហូរទឹកបន្ថែមចូលក្បាលបូមទឹក ដើម្បីបូមទឹកដែលមានតិចតួចនោះដាក់ស្រែ។
កសិករដែលកំពុងតែខ្នះខ្នែងបូមទឹកដាក់ស្រែទាំងនោះឲ្យដឹងថា ប្រសិនបើកសិករទាំងអស់មិនស្រវាបូមទឹកដាក់ស្រែទេ ស្រែប្រាំងពណ៌បៃតងស្រស់ លាតសន្ធឹងជាច្រើនពាន់ហិកតារ អាចនឹងខូចខាតដោយសារតែខ្វះទឹកសម្រាប់ស្រូវប្រាំងលូតលាស់។
កសិកររស់នៅក្នុងភូមិថ្កោដាច សង្កាត់កំពង់លាវ ក្រុងព្រៃវែង លោក ប៉ុក សំអឿន ថ្លែងថា មានកសិករមួយចំនួនគឺសម្រាកនៅក្បែរៗប្រឡាយនោះទាំងយប់ទាំងថ្ងៃ ដើម្បីរង់ចាំបូមសម្រេងទឹកដែលមានតិចតួចនៅក្នុងប្រឡាយ៖ «អ្នកខ្លះដេកមួយយប់ហាលមូស ហាសសន្សើមមិនបានបូមទឹកបន្តិចចូលស្រែកក៏មានដែរ រាប់ទាំងកូនគេកូនខ្ញុំ អ៊ីចឹងហើយខ្ញុំស្នើដល់មន្ទីរធនធានទឹកលោកមេត្តាជួយដោះស្រាយផង។ ម្នាក់មកដេកចាំបូមទឹកដាក់ស្រែ ហើយគេក៏បូម យើងក៏បូមគឺអស់ទឹកតែម្ដង»។
ក្រុមកសិករដែលមានស្រែងប្រាំងនៅវាលខាងកើតទីរួមខេត្តនោះ គឺបានបូមទឹកឡើងពីប្រឡាយខាងក្រោមៗបណ្ដាក់គ្នាដើម្បីបានទឹកមកដាក់ស្រែនៅភាគខាងលើបាន។
អ្នកស្រី វង សាមុត រស់នៅក្នុងភូមិនៅភូមិឡូ២ ក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង បានថ្លែងថា ដោយសារតែទឹកនៅក្នុងប្រឡាយអស់បូមលែងចង់កើតទៅហើយនោះ គឺគាត់បែរជារង់ចាំទឹកភ្លៀងកក់ខែវិញម្ដង។ អ្នកស្រីបានថ្លែងទៀតថា ស្រូវរបស់គាត់ដាក់បង្ហើមចេញខ្លះហើយ ប្រសិនបើមិនមានទឹកទេនោះទំនងជាអាចខូចខាតផ្នែកខ្លះ។
អ្នកស្រី វង សាមុត មានប្រសាសន៍ទៀតថា ប្រជាពលរដ្ឋទាំងអស់បានទៅស្នើសុំម៉ាស៊ីនបូមទឹកធុនធំពីមន្ទីរធនធានទឹកខេត្ត ដើម្បីបូមទឹកពីប្រឡាយខាងក្រោមមកដាក់ប្រឡាយលើឲ្យប្រជាពលរដ្ឋបូមបន្តដាក់ស្រែ៖ «កសិកររាល់ថ្ងៃប្រឈមមុខនឹងរឿងអត់ទឹកហ្នឹងតែម្ដង ម្នាក់ៗខំបូមទឹក។ រឿងនេះគឺមានតែទៅស្នើសុំខាងមន្ទីរធនធានទឹកដើម្បីជួយបូមទឹក ឬជីកប្រឡាយដើម្បីនាំទឹកមកបន្ថែមទៀត។ ពីមុនមកធ្លាប់ស្នើទៅមន្ទីរធនធានទឹកហើយគេជួយដាក់មកបូមឲ្យកសិករទាំងអស់ ហើយបច្ចុប្បន្ននេះមានតែស្នើសុំម្ដងទៀតហើយ»។

អ្នកស្រីបានថ្លែងបន្ថែមទៀតថា ពលរដ្ឋម្នាក់ៗព្រួយបារម្ភខ្លាចក្រែងស្រូវស្កក មិនទទួលបានផលល្អនៅក្នុងឆ្នាំនេះ ដោយសារតែខ្វះទឹកបង្ហូរដាក់ស្រែ៖ «កសិករខ្លះមានអណ្ដូងបូមដាក់ស្រែ ហើយខ្លះទៀតមិនមានទេ គឺអាចប្រឈមមុខនឹងស្រូវស្កកខ្លះ បើទោះបីជាមិនស្កកទាំងស្រុងតែមិនសូវបានផល។ ខ្ញុំបារម្ភខ្លាំងណាស់គឺដេកនៅវាលស្រែរាល់ថ្ងៃរង់ចាំបូមទឹកដាក់ស្រែ ប៉ុន្តែឥឡូវអស់ទឹក ហើយដកម៉ាស៊ីនបូមទឹកទៅផ្ទះវិញហើយ»។
ឆ្លើយតបបញ្ហាចំពោះមុខដែលកសិករត្រូវការទឹកបញ្ចូលស្រែនោះ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែង លោក ជុំ សុភី មានប្រសាសន៍ថា ខាងមន្ទីរនឹងបញ្ជូនគ្រឿងចក្រដើម្បីជួយកាយប្រឡាយបន្ថែមដើម្បីបង្ហូរទឹកឲ្យពលរដ្ឋបានបូមដាក់ស្រែ ដើម្បីឲ្យស្រូវប្រាំងទាំងនោះបានលូតលាស់ និងទទួលផលបានទាន់ពេលវេលា។
លោក ម៉ៅ សេង កំពុងតែកាយភក់ល្បាប់បាតប្រឡាយដើម្បីបង្ហូរទឹកដាក់នៅជង្ហុកសម្រាប់បូមបានថ្លែងថា អ្នកដែលមានស្រែប្រាំងកំពុងខ្វះទឹកនោះគឺកំពុងតែដណ្ដើមគ្នាបូមទឹកដាក់ស្រែ បើទោះជាស្រែខ្លះមើលទៅលូតលាស់ល្អ ពណ៌បៃតងខ្ចីក៏ដោយ តែបើមិនមានទឹកគ្រប់គ្រាន់ទេ គឺអាចប្រឈមមុខខូចខាតខ្លះហើយ។
លោកបានថ្លែងបន្តថា ស្រូវដែលនៅឆ្ងាយៗពីប្រឡាយទឹកគឺទើបតែបានដាំដុះ ដូច្នេះហើយស្រែខ្លះត្រូវការបញ្ចូលទឹកពីរដងទៀតទើបអាចឲ្យផលបានល្អ៖ «ស្រូវឆ្នាំនេះបានល្អល្មមដែរ តែបញ្ហារឿងអត់ទឹក ប្រសិនបើមានទឹកដាក់ស្រែពីរដងទៀត គឺអាចប្រមូលផលបានហើយ។ កសិករទាំងអស់ដណ្ដើមគ្នាបូមទឹកដាក់ស្រែ បានបន្តិចៗម្នាក់ទឹកគោកដាច់វិញទៅ ម្នាក់ៗគឺរង់ចាំបូមទាំងយប់ទាំងថ្ងៃដើម្បីបានទឹកដាក់ស្រែ។ ប្រសិនបើអស់ទឹកនេះគឺស្រូវអាចស្កកហើយ មានកសិករខ្លះអាចឲ្យច្រូតឲ្យគោក្របីស៊ីបើមិនបានផល»។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែង លោក ជុំ សុភី មានប្រសាសន៍ឲ្យដឹងដែរថា ពលរដ្ឋដែលនៅក្បែរទំនប់ស្នេហ៍ គឺបង្កបង្កើនផល៣ដងមកហើយ ដោយការបង្កបង្កើនផលនេះ លើសពីទឹកនៅក្នុងទំនប់អាចផ្គត់ផ្គង់បាន។ បឹងស្នេហ៍ ឬទំនប់ទឹកស្នេហ៍ អាចផ្ទុកទឹកបានប្រមាណ ៧៥លានម៉ែត្រគីប។ លោកបញ្ជាក់ទៀតថា វាលស្រែប្រាំងប្រមាណ ៧ពាន់ហិកតារនៅក្បែរទំនប់ស្នេហ៍នោះ កំពុងតែបង្កបង្កើនផល ហើយមានកសិករមួយចំនួនទៀតនៅក្នុងស្រុកបាភ្នំ ស្រុកស្វាយអន្ទរ និងស្រុកពាមរ ជាដើម ដែលប្រើប្រាស់ទឹកទំនប់ស្នេហ៍នោះ។
លោក ជុំ សុភី៖ «ករណីនេះពិបាកណាស់ដោយសារតែកសិករបង្កបង្កើនផលហើយត្រូវការទឹកលើសពីអ្វីដែលអាងផ្ទុកទឹកអាចផ្គត់ផ្គង់បាន។ កសិករម្នាក់ដែលនៅក្បែរនោះគឺបង្កបង្កើនផល ៣ដងមកហើយ អ៊ីចឹងលើសពីសមត្ថភាពទឹកអាចស្រោចស្រពបាន។ តែទោះយ៉ាងណាខ្ញុំនឹងឲ្យគេទៅមើលជួយពួកគាត់ដោយស្ដារប្រឡាយទឹកដើម្បីឲ្យគាត់អាចបូមដាក់ស្រែបាន។ ប្រសិនបើដាក់ម៉ាស៊ីនបូមនោះមិនសូវមានប្រសិទ្ធភាពល្អទេ បើជួយកាយប្រឡាយថែមកសិករអាចបូមបានច្រើនជាង»។
ទោះយ៉ាងណាកសិករដែលបង្កបង្កើនផលនៅក្រុងព្រៃវែង ទាំងនោះនៅតែមានរំពឹងថា មន្ទីរធនធានទឹក និងឧតុនិយម ជួយកាយប្រឡាយ ឬបូមទឹកដាក់ប្រឡាយឲ្យពួកគាត់មានទឹកបង្ហូរចូលស្រែបានស្រូវលូតលាស់ និងទទួលផលបានទាន់ពេលវេលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។