ប៉ូលិស​ចាប់​ខ្លួន​ពល​រដ្ឋ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន

ក្រុម​ប៉ូលិស​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ស្ទឹង​ត្រែង​បាន​ឃាត់​ខ្លួន​ប្រជា​ពល​រដ្ឋ​ម្នាក់ និង​គ្រឿង​ញៀន​ប្រភេទ​មេតំហ្វេតាមីន​ចំនួន​ជាង ៦០០​គ្រាប់​បន្ថែម​ទៀត នៅ​ឯ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ជាប់​និង​ព្រំដែន​ប្រទេស​ឡាវ។
ដោយ រដ្ឋា វីសាល
2011.07.10

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី លោក រដ្ឋា វីសាល រាយ​ការណ៍​នៅ​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កក្កដា ឆ្នាំ​២០១១ ឲ្យ​ដឹង​ថា នេះ​ជា​ការ​បង្ក្រាប​ការ​ជួញដូរ​គ្រឿង​ញៀន​មួយ​ករណី​ថ្មី​ទៀត បន្ទាប់​ពី​ជន​ជាប់​ចោទ​ត្រូវ​បាន​ប៉ូលិស​ឆែក​ឆេរ​រក​ឃើញ​គ្រឿង​ញៀន​នោះ​នៅ​ជាប់​និង​ខ្លួន​ក្នុង​ការ​ប៉ុន​ប៉ង​នាំ​យក​គ្រឿង​ញៀន​នេះ​ពី​ភូមិ​មួយ នៅ​ជាប់​នឹង​ព្រំដែន​ប្រទេស​ឡាវ។

បុគ្គលិក​ផ្នែក​អង្កេត​សមាគម​អាដហុក ខេត្ត​ស្ទឹង​ត្រែង លោក ហូ សំអុល ឲ្យ​ដឹង​ថា ជន​ជាប់​សង្ស័យ​ក្នុង​ការ​ជួញដូរ​គ្រឿង​ញៀន​នេះ មាន​ឈ្មោះ ថៃ សាឡឺម អាយុ​២២​ឆ្នាំ រស់​នៅ​ភូមិ​ក្បាល​កោះ​ឈើ​ទាល​តូច ក្នុង​ឃុំ​ព្រះ​រំកិល ត្រូវ​ប៉ូលិស​ចាប់​ខ្លូង​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១១ នៅ​ចំណុច​កំពង់​ចម្លង​ឃុំ​អូរស្វាយ ៖ "បាទ​នៅ​នឹង​ខ្លូង​វា កំពុង​តែ​ឆ្លង​ដរ​អូរស្វាយ ឆ្លង​ក្បាល​កោះ​ឈើ​ទាល​តូច​ហ្នឹង។ ខ្ញុំ​កំពុង​តែ​តាម​ដាន​តើ​គេ​បញ្ជូន​ទៅ​តុលាការ​ឬ​នៅ ព្រោះ​អី​តាំង​ពី​ថ្ងៃ​៨ គេ​មិន​ដែល​ទុក"

ប្រធាន​ការិយាល័យ​ប៉ូលិស​ប្រឆាំង​ការ​ជួញដូរ​គ្រឿង​ញៀន​លោក នូ ហន មាន​ប្រសាសន៍​បញ្ជាក់​ថា ជន​ជាប់​សង្ស័យ​ត្រូវ​បាន​គេ​ជួល​ឲ្យ​នាំ​គ្រឿង​ញៀន​ពី​ភូមិ​របស់​ខ្លួន នាំ​មក​កាន់​ឃុំ​សាមគ្គី ដើម្បី​ប្រគល់​ឲ្យ​ឈ្មួញ​អ្នក​ជួញដូរ ប៉ុន្តែ​ប៉ូលិស​បាន​ទទួល​ព័ត៌មាន​ពី​ករណី​នេះ​ទើប​ស្ទាក់​ចាប់​បាន។

លោក​បន្ត​ថា ជន​សង្ស័យ​ត្រូវ​ស្ថាប័ន​អយ្យការ​ធ្វើ​ការ​ចោទ​ប្រកាន់ និង​ត្រូវ​នាំ​ទៅ​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​រួច​ហើយ ដើម្បី​បើក​ការ​ស៊ើប​អង្កេត​បន្ត។

អាជ្ញាធរ​ប៉ូលិស​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​ស្ទឹង​ត្រែង កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១១ បាន​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​បី​នាក់ និង​រិប​អូស​បាន​គ្រឿង​ញៀន​ប្រភេទ​មេតំហ្វេតាមីន (Methamphetamine) ចំនួន​ជាង ៣​ម៉ឺន​គ្រាប់ ក្នុង​ការ​ប៉ុន​ប៉ង​នាំ​ចូល​ពី​តំបន់​ព្រំដែន​ប្រទេស​ឡាវ ចូល​មក​ខេត្ត​ស្ទឹងត្រែង៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Jul 11, 2011 07:58 PM

ការចាប់ខ្លួនបាននេះ មកពីមិនបានចែកប្រាក់ចំណេញដល់សម្ថកិច្ច មានន័យថាចង់ស៊ីដាច់ ឬមកពីការជួញដូរជាលក្ខណៈតូចពេក បើដឹកទាំងកាប៉ាល់ទើបវាស្របច្បាប់ ណាអ្នកជួញដូរ។