ក្រុមហ៊ុន​ហុល្លង់​ពង្រីក​សេវា​ដឹក​ជញ្ជូន​ផ្លូវ​គោក​មក​កម្ពុជា

ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​ពី​ប្រទេស​ហុល្លង់ ឈ្មោះ TNT NV បាន​ពង្រីក​សេវា​ដឹក​ជញ្ជូន​តាម​ផ្លូវ​គោក​របស់​ខ្លួន​មក​កាន់​ប្រទេស​កម្ពុជា​ផងដែរ ដោយ​ហៅ​ការពង្រីក​ផ្លូវ​ថ្មី​នេះ​ថា Asia Road Network (ARN)។

ការពង្រីក​សេវា​ដឹក​ជញ្ជូន​ថ្មី​នេះ​បាន​ពង្រីក​ចម្ងាយ​ផ្លូវ​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន TNT ១៥០០​គីឡូម៉ែត្រ​បន្ថែម​ទៅ​លើ​ចម្ងាយ​ផ្លូវ​មាន​ស្រាប់ ៦០០០​គីឡូម៉ែត្រ ដែល​ភ្ជាប់​ពី​សិង្ហបុរី​ទៅ​ប្រទេស​ថៃ​និង​ចិន។

យោង​តាម​កាសែត​នៅ​ប្រទេស​ម៉ាឡេស៊ី​ឈ្មោះ Business Times ដែល​បាន​ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ឧសភា​នេះ ថា​ការពង្រីក​សេវា​រួម​មាន​ប្រទេស​កម្ពុជា​ផងដែរ​នេះ​ចាប់ផ្តើម​ពី​ថ្ងៃ​នេះ​ត​ទៅ ដោយ​មាន​កាត់​តាម​ប្រទេស​ម៉ាឡេស៊ី ប្រទេស​ថៃ ប្រទេស​កម្ពុជា​និង​ប្រទេស​យៀកណាម។

នាយក​របស់​ក្រុមហ៊ុន TNT ប្រចាំ​តំបន់​អាស៊ី លោក Onno Boots បាន​ឲ្យ​ដឹង​ថា តាម​ការបើក​ផ្លូវ​ដឹក​ជញ្ជូន​ថ្មី​នេះ​អតិថិជន​ដែល​ប្រើប្រាស់​សេវា​ថ្មី​នេះ​អាច​កាត់​បន្ថយ​ការចំណាយ​៣០%​ថោក​ជាង​ការដឹក​ទំនិញ​តាម​យន្តហោះ៕