នៅក្នុងសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃពុធ ទី២៣ ខែកុម្ភៈ បានបង្ហាញលទ្ធផលថា កិច្ចប្រជុំពេញអង្គលើកទី៩ បានអនុម័តលើសំណើសុំធ្វើសវនកម្ម ៥ចំណុចពាក់ព័ន្ធទៅនឹងសាលាដំបូង ដែលក្នុងនោះមានជាអាទិ គឺការទទួលយកបណ្តឹងដិតចិត្តចំពោះចៅក្រមណាម្នាក់ប្រសិនបើមាន។
មន្ត្រីទទួលបន្ទុកព័ត៌មានផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហម លោក ឌឹម សុវណ្ណារុំ ថ្លែងបញ្ជាក់ថា ៖ «បណ្ដឹងដិតចិត្តមានន័យថា បណ្ដឹងសុំដកចៅក្រមណាម្នាក់»។
សេចក្ដីអនុម័តមួយទៀត គឺកិច្ចប្រជុំពេញអង្គបានសម្រេចឱ្យអង្គជំនុំជម្រះអាចបន្តសវនាការរបស់ខ្លួនបាន ដោយមិនចាំបាច់មានវត្តមានរបស់ជនជាប់ចោទនៅក្នុងអង្គជំនុំជម្រះ។
លោក ឌឹម សុវណ្ណារុំ បញ្ជាក់បន្ថែម ៖ «បទបញ្ញត្តិមួយចំនួនបានអនុញ្ញាតដំណើរការដោយគ្មានវត្តមាន បើទោះជាមានការយល់ព្រមពីជនជាប់ចោទ ឬគ្មានក៏ដោយ។ មានន័យថា អង្គជំនុំជម្រះរៀបចំឱ្យមានប្រព័ន្ធវីឌីអូ link (ខ្សែ) ភ្ជាប់ពីសាលសវនាការទៅកាន់បន្ទប់គាត់ស្នាក់នៅ»។
លោកបន្តថា ការសម្រេចនេះគឺជាការឆ្លើយតបចំពោះសំណើសុំរបស់ជនជាប់ចោទ អៀង សារី ដែលកន្លងមកធ្លាប់បានសុំឱ្យមានសវនាការតែកន្លះថ្ងៃ ដោយសារតែបញ្ហាសុខភាព និងជរាភាពមិនអាចចូលរួមបាន។ មួយទៀត ប្រការដែលជនជាប់ចោទសុំមិនចូលរួមសវនាការតាមរយៈវីដេអូនោះ ឥឡូវនេះកិច្ចប្រជុំពេញអង្គសម្រេចថា អង្គជំនុំជម្រះអាចបង្គាប់ជនជាប់ចោទត្រូវតែចូលរួមតាមមធ្យោបាយ វីដេអូ ដើម្បីផលប្រយោជន៍យុត្តិធម៌ និងបង្ការកុំឱ្យយឺតយ៉ាវដល់នីតិវិធី។
កាលពីខែមករា ឆ្នាំ២០១១ មេធាវីការពារក្ដី បានសុំឱ្យសាលាក្ដីខ្មែរក្រហមដោះលែងជនជាប់ចោទក្នុងករណីដែលជនជាប់ចោទត្រូវឃុំខ្លួនបន្តរយៈពេល ៤ខែទៀត ហើយគេមិនបាននាំខ្លួនទៅធ្វើសវនាការចំពោះមុខសាលាដំបូង។
លោក ឌឹម សុវណ្ណារុំ ថ្លែងថា ចំណុចនេះសាលាដំបូងបានធ្វើរួចហើយ កាលពីថ្ងៃទី៣១ ខែមករា ហើយនៅថ្ងៃទី១៦ ខែកុម្ភៈ សាលាដំបូងបានសម្រេចឱ្យឃុំខ្លួនបន្តរហូតដល់ការប្រកាសសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង៕