សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ក្រោមកិច្ចសម្របសម្រួលពីតំណាងអយ្យការខេត្ត ចុះបិទទីតាំងមជ្ឈមណ្ឌលកម្សាន្តចិនយីហោ ជីនទីង (Jingding) នៅលើកោះរ៉ុងសន្លឹម នៅថ្ងៃទី២៤ ឧសភានេះ។ សកម្មជនបរិស្ថានសាទរចំពោះចំណាត់ការនេះ ក៏ប៉ុន្តែថានឹងបន្តឃ្លាំមើលតទៅទៀត ដើម្បីចង់ដឹងពីប្រសិទ្ធភាពនៃបទបញ្ជារបស់អាជ្ញាធរ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ឃាង ភារម្យ ឱ្យអាស៊ីសេរីដឹងថា អាជ្ញាធរខេត្តបានឱ្យម្ចាស់ទីតាំងសណ្ឋាគារ និងកាស៊ីណូចិន ជីនទីង ធ្វើកិច្ចសន្យាបញ្ឈប់អាជីវកម្មរបស់ខ្លួនជាស្ថាពរ។ លោកថា ប្រសិនបើមានករណីលួចបើកដំណើរការទៀត នោះអាជ្ញាធរនឹងកសាងសំណុំរឿងនេះបញ្ជូនទៅតុលាការ។ លោកបន្ថែមថា មជ្ឈមណ្ឌលកម្សាន្ត ជីនទីង នឹងមិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការជាថ្មីនៅលើទីតាំងបច្ចុប្បន្ននេះឡើយ ហើយអាជ្ញាធរនឹងចុះរុះរើសំណង់ខុសច្បាប់នោះចេញ នៅពេលឆាប់ៗខាងមុខ៖ «ប្រសិនបើគាត់អត់អនុវត្ត មានន័យថា បណ្ដឹងហ្នឹងគឺទៅស្វ័យប្រវត្តិហើយ គឺនឹងអនុវត្តទៅតាមផ្លូវតុលាការហើយ។ ហើយដូចថ្ងៃនេះជាក់ស្ដែង មានន័យថា ការចុះទៅនេះក៏វាមានតំណាងស្ថាប័នតុលាការចូលរួមជាមួយដែរ អ៊ីចឹងកាស៊ីណូនេះបើនៅតែបន្ត មានន័យថា គាត់ប្រឈមផ្លូវច្បាប់ខ្លាំង»។
អាជ្ញាធរខេត្តព្រះសីហនុបានរកឃើញថា មជ្ឈមណ្ឌលកម្សាន្ត ជីន ទីង បានប្រព្រឹត្តខុសច្បាប់ជាច្រើនចំណុច ដែលតម្រូវឱ្យមានការបិទអាវជីកម្មនោះជាបន្ទាន់។ សកម្មភាពល្មើសច្បាប់ទាំងនោះ រួមមាន ការបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រដោយមិនបានឆ្លងកាត់ការចម្រោះ ការសាងសង់ទីតាំងកាស៊ីណូរំលោភលើដីឆ្នេរសមុទ្រ ការដាក់ម៉ាស៊ីនភ្លើងនៅលើផែធ្វើឱ្យមានប្រេងហូរចូលសមុទ្រប៉ះពាល់ដល់បរិស្ថាន និងការចាក់ធុងបាសខ្លាំងបង្កការរំខានដល់ពលរដ្ឋ និងភ្ញៀវទេសចរ។
ម្យ៉ាងវិញទៀត មជ្ឈមណ្ឌលកម្សាន្តចិនមួយនេះ បានប្រើប្រាស់អាជ្ញាប័ណ្ណល្បែងភ្នាល់អនឡាញដែលហួសសុពលភាព និងមានករណីបាញ់បោះហិង្សា ប្រព្រឹត្តដោយអ្នកគ្រប់គ្រងសន្តិសុខនៅទីនោះទៀតផង។
អាជ្ញាធរខេត្តព្រះសីហនុបានជូនដំណឹងដល់ម្ចាស់មជ្ឈមណ្ឌលកម្សាន្ត ជីនទីង ឱ្យបិទទីតាំងអាជីវកម្មរបស់ខ្លួន តាំងតែពីចុងខែមីនាមកម្ល៉េះ។ ក៏ប៉ុន្តែម្ចាស់អាជីវកម្មមិនបានអនុវត្តតាមសេចក្តីជូនដំណឹងនេះឡើយ ផ្ទុយទៅវិញពួកគេនៅតែបើកដំណើរការដូចធម្មតាដដែល រហូតទាល់តែអាជ្ញាធរចុះទៅបិទទីតាំងនោះដោយផ្ទាល់ នៅពេលនេះតែម្ដង។
ទោះជាយ៉ាងណា សកម្មជនបរិស្ថានយល់ថា អាជ្ញាធរទំនងជាមិនចង់បិទមជ្ឈមណ្ឌលកម្សាន្តចិនមួយនេះឡើយ ប៉ុន្តែចំណាត់ការនេះកើតឡើង ប្រហែលជាដោយសារតែវីដេអូរបស់សកម្មជន ដែលបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ស្ដីពីការនៅបើកដំណើរការរបស់មជ្ឈមណ្ឌលកម្សាន្តជីនទីង និងភាពទន់ខ្សោយនៃការអនុវត្តច្បាប់របស់អាជ្ញាធរទៅលើភាគីក្រុមហ៊ុន។
សកម្មជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា សាទរចំពោះចំណាត់ការរបស់អាជ្ញាធរខេត្តព្រះសីហនុ បើទោះជាសកម្មភាពនេះហាក់មានភាពយឺតយ៉ាវបន្តិចក្ដី។ លោកសង្ឃឹមថា មជ្ឈមណ្ឌលកម្សាន្តចិននេះ នឹងត្រូវបិទជារៀងរហូត ពោលគឺមិនមែនបិទតែមួយរយៈពេលខ្លី រួចក៏អាចបើកដំណើរការបានវិញនោះឡើយ៖ «យើងនៅតែមិនទាន់ជឿបានទាំងស្រុងទេថា តើជាការអនុវត្តពិតមែន ឬអត់ ? អាចថា បិទថ្ងៃហ្នឹងធ្វើឱ្យសាធារណជនស្ងប់ចិត្ត គិតថា ប្រហែលជាបិទមែន ស្រាប់តែមួយខែ ឬក៏ពីរខែទៀត បើកឡើងវិញ។ អ៊ីចឹងយើងនៅតែបន្តតាមដានជានិច្ច។ ប្រសិនបើមានការបើកឡើងវិញទៀត យើងនឹងព្យាយាមស្វែងរកព័ត៌មានហ្នឹងដើម្បីផ្សាយជូនសាធារណជនបន្តទៀត»។
សកម្មជនបរិស្ថានរូបនេះ ចង់ឱ្យអាជ្ញាធរខេត្តព្រះសីហនុមានចំណាត់ការតាមផ្លូវច្បាប់ទៅលើម្ចាស់មជ្ឈមណ្ឌលកម្សាន្តចិនមួយនេះ ព្រោះពួកគេបានអនុវត្តបំពានច្បាប់កម្ពុជា ដែលមិនគួរមានការលើកលែងឡើយ។ ម្យ៉ាងវិញទៀត លោកស្នើឱ្យអាជ្ញាធរខេត្តបើកការស៊ើបអង្កេត និងរកមុខមន្ត្រីរបស់ខ្លួនដែលអាចមានជាប់ពាក់ព័ន្ធនឹងការបើកដំណើរការទីតាំងកម្សាន្តខុសច្បាប់មួយកន្លែងនេះ ដើម្បីដាក់ពិន័យពួកគេឱ្យរាងចាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។