នៅប្រទេសកម្ពុជានៅពេលទិញសម្ភារៈផ្សេងៗ ថង់ប្លាស្ទិក ត្រូវបានម្ចាស់អាជីកម្មផ្តល់ជូនអតិថិជនដោយឥតគិតថ្លៃ។ ការស្រាវជ្រាវបង្ហាញយ៉ាងច្បាស់ថា ថង់ប្លាស្ទិកបង្កផលប៉ះពល់ដល់បរិស្ថាន សុខភាពមនុស្សសត្វ និងជីវចម្រុះផ្សេងៗ។ មន្រ្តីជាន់ខ្ពស់ផ្នែកបរិស្ថានលើកឡើងថា ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាជំរើសដ៏ល្អមួយ។ ប៉ុន្តែទាមទារឲ្យមានការយល់ដឹងនិងការចូលរួមពីសំណាក់ពលរដ្ឋគ្រប់រូប។
អ្នកស្រាវជ្រាវផ្នែកបរិស្ថានលើកឡើងថា កម្ពុជា ត្រូវហាមប្រាមកុំឲ្យប្រើប្រាស់ថង់ប្លាស្ទិក និងត្រូវដំឡើងពន្ធ ចំពោះការនាំចូលថង់ប្លាស្ទិក និងត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីឲ្យដឹងពីផលប៉ះពាល់របស់ថង់ប្លាស្ទិក ក្នុងន័យការពារកុំឲ្យមានផលវិបាកចំពោះជីវភាពរស់នៅរបស់ប្រជាជន។
គេសង្កេតឃើញថា ថង់ប្លាស្ទិកមានភាពងាយស្រួលប្រើ ស្រាល មិនជ្រាបទឹក និងមានតម្លៃថោក ហើយលក់ចេញជាគីឡូក្រាម។ ម្ល៉ោះហើយ ការប្រើថង់ប្លាស្ទិក ក្លាយជាទម្លាប់សាមញ្ញនៃជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋកម្ពុជា។
អ្នកលក់បន្លែម្នាក់នៅផ្សារដើមគរ លោក ឈុំ អឿន និយាយថា សព្វថ្ងៃលោកតែងតែប្រើថង់ប្លាស្ទិកសម្រាប់ដាក់បន្លែផ្លែឈើ ត្រីសាច់ឲ្យភ្ញៀវ ដែលមកទិញបន្លែនៅកន្លែងលោក។ លោកថា លោកទិញថង់ប្លាស្ទិកពីអ្នកលក់ដូរផ្សេងទៀតក្នុងមួយគីឡូក្រាម ៦ពាន់រៀលទៅ ៧ពាន់រៀល ហើយមួយគីឡូក្រាម បានថង់ប្លាស្ទិកប្រហែលជិត ១០០ថង់៖ «ពេលទិញ មិនអាចដាក់កញ្ជើបានទេ មានតែដាក់ថង់ប្លាស្ទិក ទើបប្រើកើត»។
ស្រដៀងនឹងការលើកឡើងនេះដែរ អ្នកលក់បន្លែម្នាក់ទៀត លោកស្រី ទិន ស្រីម៉ាប់ និយាយថា បើសិនមិនឲ្យថង់ប្លាស្ទិកទៅអ្នកទិញទេ គេថាអ្នកលក់ចិត្តអាក្រក់ សូម្បីតែថង់ក៏មិនហ៊ានឲ្យ។ លោកស្រីបន្តថា លោកស្រីចង់ប្រើថង់ក្រដាស ឬថង់បរិស្ថានដែរ ប៉ុន្តែថង់នោះលក់ក្នុងតម្លៃថ្លៃ ហើយអតិថិជនមិននិយមប្រើ ព្រោះជ្រាបទឹក និងងាយរហែក៖ « អ្នកទិញសូម្បីតែប្រឡាក់បន្តិច ក៏អត់យកដែរ។ អ្នកទិញរើសយកតែថង់ណាល្អទេ »។
ទន្ទឹមនឹងនេះដែរ លោកស្រីមិនដឹងពីផលប៉ះពាល់ចំពោះបរិស្ថាន ការរស់នៅប្រចាំថ្ងៃអ្វីនោះទេ ហើយក៏មិនដឹងថា មានផលប៉ះពាល់ចំពោះសុខភាពអ្វីនោះដែរ។
ខុសប្លែកពីអាជីវករខាងលើ ស្ត្រីអ្នកទិញបន្លែផ្លែឈើម្នាក់នៅផ្សារថ្មី មានមតិថា លោកស្រីតែងតែលាងសម្អាតថង់ប្លាស្ទិក ដែលនៅស្អាតល្អ ហាលឲ្យស្ងួត ហើយយកមកប្រើឡើងវិញ។ លោកស្រីបន្ថែមថា លោកស្រីដឹងពីផលប៉ះពាល់របស់ថង់ប្លាស្ទិកចំពោះសុខភាព បរិស្ថាន និងការរស់នៅប្រចាំថ្ងៃ ប៉ុន្តែលោកស្រីគ្មានជម្រើសអ្វីផ្សេងក្រៅពីការប្រើថង់ប្លាស្ទិកនោះទេ៖ « បើអត់ប្រើថង់ គឺល្អ។ ប៉ុន្តែ យើងចៀសមិនផុតពីប្រើថង់ទេ។ យើងអត់ដឹងធ្វើយ៉ាងម៉េច ជាពិសេសគឺអ្នកដឹកនាំ » ។
លោកស្រីបន្តថា ម្តងម្កាល លោកស្រីក៏ទិញថង់បរិស្ថាន ឬក្រណាត់ប្រើដែរ ប៉ុន្តែថង់បរិស្ថាននេះ គឺលក់នៅលើទីផ្សារមានតម្លៃថ្លៃ។
ថង់បរិស្ថាន ឬថង់ក្រណាត់ ត្រូវបានក្រសួងបរិស្ថាន លក់ចេញនៅលើទីផ្សារតម្លៃ ១ដុល្លារក្នុងថង់មួយ។ គេសង្កេតឃើញថា នៅតាមផ្សារទំនើបមួយចំនួនក្នុងក្រុងភ្នំពេញ ដាក់លក់ថង់ក្រណាត់ដែរ ប៉ុន្តែតម្លៃ ១ដុល្លារក្នុងថង់មួយ ហាក់បានរារាំងប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ មិនហ៊ានលើកដៃលូកយកលុយពីហោប៉ៅ ដើម្បីទិញថង់បរិស្ថានប្រើឡើយ។
ការសិក្សារបស់អង្គការមូលនិធិអករា (ACRA Foundation) បង្ហាញថា បរិមាណកាកសំណល់ និងសំរាម ដែលប្រមូលបានជារៀងរាល់ឆ្នាំ នៅតាមផ្លូវក្នុងក្រុងមានចំនួនរាប់រយតោន គឺ ៣០០តោននៅខេត្តសៀមរាប ចំនួន ៣៧០តោនក្នុងខេត្តព្រះសីហនុ និង ១៧.៨០០តោន នៅភ្នំពេញ។
កម្ពុជា ត្រូវចំណាយលុយប្រចាំឆ្នាំលើសម្ភារៈសម្អាតប្លាស្ទិកប្រមាណ ៤.៥០០ដុល្លារ ក្នុងខេត្តព្រះសីហនុ នៅខេត្តសៀមរាប ១៥.០០០ដុល្លារ និងភ្នំពេញ ៣១.០០០ដុល្លារ។
សាស្ត្រាចារ្យ និងជាអ្នកស្រាវជ្រាវផ្នែកបរិស្ថាន លោក ស្ពាន់ វិន និយាយថា ប្លាស្ទិកបណ្ដាលឲ្យស្ទះប្រព័ន្ធលូបង្ហូរទឹក ជាហេតុបណ្ដាលឲ្យមានផលប៉ះពាល់ចំពោះការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ពិសេសក្មេងត្រូវផ្អាកការសិក្សាយ៉ាងតិចមួយថ្ងៃ នៅពេលមានទឹកលិច និងស្ទះលូដោយសារថង់ប្លាស្ទិក។
ការសិក្សាលើប្រជាពលរដ្ឋជាង ២០០នាក់ បញ្ជាក់ថា ពលរដ្ឋត្រូវបាត់បង់ចំណូលជាមធ្យម ១០៣ដុល្លារក្នុងមួយខែដោយស្ទះលូ ហើយត្រូវចំណាយលុយយ៉ាងច្រើនលើជំងឺផ្សេងៗ ដែលបណ្ដាលមកពីការស្ទះលូ៖ « យន្តការមិនទាន់តឹងតែង ... គួរមានការងារធ្វើបន្ត ដើម្បីឲ្យមានប្រសិទ្ធិភាពជាងនេះ » ។
លោកសាស្ត្រាចារ្យ ស្ពាន់ វិន បន្តថា នៅកម្ពុជា ពលរដ្ឋមិនសូវយល់ពីផលប៉ះពាល់ឡើយ ដោយសារការផ្សព្វផ្សាយរបស់រដ្ឋាភិបាលមានកម្រិតតិចតួច និងមិនទូលំទូលាយនោះទេ។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលហាក់មិនមានយន្តការច្បាស់លាស់ក្នុងការគ្រប់គ្រង និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកទេ។
អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន លោក ហេង ណារ៉េត មានប្រសាសន៍ថា ថង់ប្លាស្ទិកបណ្ដាលឲ្យស្ទះប្រព័ន្ធលូបង្ហូរទឹក ក្លាយជាសំរាមរាយប៉ាយនៅតាមដងផ្លូវ និងធ្វើឲ្យទីលានចាក់សំរាមងាយពេញយ៉ាងឆាប់រហ័ស។ លោកបន្តថា លោកពិតជាភ្ញាក់ផ្អើលណាស់នៅពេលការសិក្សាបង្ហាញថា នៅភ្នំពេញមានសំរាមរហូតដល់ ១៧.៨០០តោន។ ប្រការនេះ ត្រូវមានការចូលរួមកាត់បន្ថយការប្រើថង់ប្លាស្ទិក និងមិនត្រូវបោះសំរាមចោលផ្ដេសផ្ដាសនោះទេ។
មាត្រា៤៨ នៃអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ចែងថា បុគ្គលដែលធ្វើការទុកដាក់ វេចខ្ចប់ ឬប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន លាយឡំជាមួយសំណល់រឹងឧស្សាហកម្ម សំណល់វេជ្ជសាស្ត្រ ឬសំណល់គ្រោះថ្នាក់ ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥សែនរៀលសម្រាប់អាជីវកម្មសិប្បកម្ម មន្ទីរពេទ្យ និងសម្ភព ៨សែនរៀលសម្រាប់រោងចក្រ សហគ្រាស ក្រុមហ៊ុន និង ១លានរៀលសម្រាប់ក្រុមហ៊ុនសេវាប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹងទីប្រជុំជន។
របាយការណ៍សង្ខេបរបស់អង្គការអករា (ACRA Foundation) បង្ហាញថា ថង់ប្លាស្ទិក ត្រូវបានប្រជាជនប្រើប្រាស់ក្នុងទីផ្សារកម្ពុជា តាំងពីឆ្នាំ១៩៩០។ មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា កម្ពុជា ត្រូវបង្កើតច្បាប់ ស្ដីពីការប្រើប្លាស្ទិក ដើម្បីកាត់បន្ថយការផលិតប្លាស្ទិក ការប្រើថង់ប្លាស្ទិក និងត្រូវកែច្នៃថង់ប្លាស្ទិកដែលប្រើរួចឡើងវិញ។ បន្ថែមពីលើនេះ រដ្ឋាភិបាលត្រូវតែផ្សព្វផ្សាយ ឲ្យទូលំទូលាយអំពីផលប៉ះពាល់ នៃថង់ប្លាស្ទិកចំពោះបរិស្ថាន ការរស់នៅរបស់ប្រជាពលរដ្ឋ វិស័យទេសចរណ៍ និងសុខភាពដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។