អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​គ្រោង​អភិវឌ្ឍ​តំបន់​ធម្មជាតិ​រលុះ​ធំ​ទៅ​ជា​រមណីយដ្ឋាន​ទេសចរណ៍

0:00 / 0:00

រលុះ​ធំ គឺ​ជា​ឈ្មោះ​តំបន់​ធម្មជាតិ​មួយ​កន្លែង​ដែល​មាន​ដី​ហូរ​ច្រោះ ហើយ​ផ្ទាំង​ដី​ខ្លះ​បាន​នៅ​សល់​បង្កើត​ទៅ​ជា​រូបរាង​ដូចជា​សសរ​វិហារ ឬ​ក៏​សំណង់​ប្រាសាទ​បុរាណ​ផ្សេងៗ ជាដើម។ ទីនោះ​ស្ថិត​នៅ​ភូមិ​ខ្នាចឫស្សី សង្កាត់​បន្សាយរាក់ ក្រុង​សំរោង បើ​ធ្វើ​ដំណើរ​ពី​ខេត្ត​ឧត្តរមានជ័យ ឆ្ពោះ​ទៅ​លិច​ត្រង់ មាន​ចម្ងាយ​តែ ១២​គីឡូម៉ែត្រ​ទេ ប៉ុន្តែ​បើ​ចេញ​តាម​ផ្លូវ​អូរស្មាច់ គឺ​មាន​ចម្ងាយ​រហូត​ដល់​ទៅ ៣២​គីឡូម៉ែត្រ។

បច្ចុប្បន្ន រលុះ​ធំ កំពុង​ធ្វើ​ឲ្យ​អ្នក​ទេសចរ​ជាតិ និង​អន្តរជាតិ​ខ្លះ​ចាប់​អារម្មណ៍​ទៅ​លើ​ទេសភាព​ធម្មជាតិ​របស់​វា​យ៉ាង​ខ្លាំង។

មន្ត្រី​ជំនាញ​ផ្នែក​ទេសចរណ៍ និង​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ មើល​ឃើញ​ថា តំបន់​ដី​ហូរ​ច្រោះ​រលុះ​ធំ គឺ​មាន​សក្ដានុពល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ទៅ​ទស្សនា និង​កម្សាន្ត​ទេសភាព​ធម្មជាតិ​របស់​វា ព្រម​ទាំង​អាច​បង្កើត​ការងារ​ខ្លះ​ឲ្យ​អ្នក​ភូមិ​ដែល​រស់នៅ​ជិត​នោះ អាច​រក​កម្រៃ​ពី​វិស័យ​ទេសចរណ៍​បាន​នៅ​ពេល​អនាគត។

ដោយសារ​តែ​មើល​ឃើញ​សក្ដានុពល​ផ្នែក​ទេសចរណ៍​នេះ អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ បាន​ជំរុញ​ឲ្យ​មន្ទីរ​ទេសចរណ៍ និង​អាជ្ញាធរ​ក្រុង​សំរោង រៀបចំ​គម្រោង​អភិរក្ស​តំបន់​ធម្មជាតិ​នៅ​ទីនោះ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​ចូល​ទៅ​រុករាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​រៀបចំ​ផ្សព្វផ្សាយ​ទៅ​លើ​វិស័យ​ទេសចរណ៍​ជា​បន្តបន្ទាប់។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧត្តរមានជ័យ គឺ​អ្នកស្រី ធិន នីមុន្នីរស្មី។ អ្នកស្រី​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន មន្ទីរ​ទេសចរណ៍ និង​អាជ្ញាធរ​ក្រុង​សំរោង កំពុង​សហការ​គ្នា​ចុះ​បោះ​ព្រំ​ដើម្បី​កំណត់​ផ្ទៃ​ដី​រលុះ​ធំ​នេះ​ទុក កុំ​ឲ្យ​មាន​ការ​ចូល​ទៅ​រំលោភ​យក​ដីធ្លី​ទីនោះ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។ តំបន់​រលុះ​ធំ ក្រៅ​តែ​ពី​មាន​ទេសភាព​ដី​ច្រោះ​បង្កើត​បាន​ជា​សិល្បៈ​ធម្មជាតិ​ម្យ៉ាង មាន​ទ្រង់ទ្រាយ​ដូចជា​សសរ​ព្រះវិហារ ឬ​ក៏​ប្រាសាទ​ធ្វើ​ពី​ដី​ជាដើម​នោះ វា​ក៏​ជា​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​ត្បូង​ថ្ម​ប្រភេទ​និល ព្រម​ទាំង​មាន​ធម្មជាតិ​គួរ​ឲ្យ​ទាក់ទាញ​ដែរ។

អ្នកស្រី ធិន នីមុន្នីរស្មី បញ្ជាក់​ថា មន្ទីរ​ទេសចរណ៍​មាន​គម្រោង​អភិវឌ្ឍន៍ និង​កែច្នៃ​តំបន់​រលុះ​ធំ ឲ្យ​ក្លាយ​ទៅ​ជា​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​នៅ​ពេល​អនាគត ក៏ប៉ុន្តែ​បច្ចុប្បន្ន គេ​នៅ​រង់ចាំ​ក្រុមហ៊ុន​ចិន ដែល​ធ្វើ​ផ្លូវ​ជាតិ​លេខ​៥៨ ឆ្លង​កាត់​តំបន់​នោះ​ឲ្យ​រួច​រាល់​សិន៖ « ក្រោយ​ពី​ផ្លូវ​លេខ​៥៨ កើត​ស្រួលបួល​ជា​ផ្លូវ​កៅស៊ូ​ហើយ យើង​នឹង​អាច​លើក​ស្លាក​សម្គាល់ ហើយ​និង​អាច​ដាំ​ដើម​ឈើ​ឡើង​វិញ​នៅ​តំបន់​នោះ ព្រម​ទាំង​អភិរក្ស​ដី​ទីនោះ​កុំ​ឲ្យ​វា​បាត់បង់ »

បច្ចុប្បន្ន មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ខ្លះៗ​បាន​នាំ​គ្នា​ចូល​ទៅ​កម្សាន្ត​នៅ​ទីនោះ ក៏ប៉ុន្តែ​ចំនួន​អ្នក​ទេសចរ​ហាក់​នៅ​មាន​កម្រិត​តិចតួច ដោយសារ​តែ​ផ្លូវ​មិន​ទាន់​ល្អ​ប្រសើរ និង​មិន​មាន​អ្នក​បម្រើ​ផ្នែក​សេវាកម្ម​ទេសចរណ៍​នៅ​ឡើយ។

បុរស​ម្នាក់​ដែល​ជា​ជាង​សំណង់ កំពុង​រៀបចំ​កសាង​កន្លែង​គោរព​សក្ការៈ​បែប​សាសនា​នៅ​ទីនោះ លោក ណុប សួន ឲ្យ​ដឹង​ថា ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ ជាពិសេស​នៅ​ថ្ងៃ​ឈប់​សម្រាក​ពី​ការងារ​រាជការ ឬ​ក៏​ថ្ងៃ​បុណ្យ​ទាន លោក​តែង​ឃើញ​មនុស្ស​ជាច្រើន​មក​លេង​នៅ​កន្លែង​ដី​រលុះ​ធំ​នេះ។

បុរស​ដដែល​បញ្ជាក់​ថា ពេល​ខ្លះ​លោក​បាន​ឃើញ​ក្រុម​អ្នក​ទេសចរ​ហាក់​ដូចជា​ក្រុម​និស្សិត បាន​នាំ​គ្នា​មក​សិក្សា​ស្រាវជ្រាវ​ផង៖ « ពាក់ព័ន្ធ​នឹង​និស្សិត​មក​ច្រើន​ណាស់​រាប់​រយ​នាក់។ អ្នក​មក​កម្សាន្ត​ច្រើន​តែ​មក​ពី​ខេត្ត​ឆ្ងាយៗ គឺ​មក​ថត​រូប ហើយ​នាំ​គ្នា​ឡើង​មក​លើ​ភ្នំ​លេង​កម្សាន្ត »

តំបន់​ដី​ច្រោះ​រលុះ​ធំ មាន​ទំហំ​ប្រហែល ៤​គីឡូម៉ែត្រ​ក្រឡា។ វា​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចាប់​អារម្មណ៍​តាំង​ពី​ឆ្នាំ​២០០៧ បន្ទាប់​ពី​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧត្តរមានជ័យ បាន​ថត​រូបភាព​យក​ទៅ​ដាក់​តាំង​ពិព័រណ៍ ហើយ​ព្រះមហាក្សត្រ​ខ្មែរ​បាន​ព្រះរាជទាន​ជ័យលាភី​ឲ្យ​ជាប់​លេខ​១ មក។

តំបន់​ដី​ហូរ​ច្រោះ​បង្កើត​បាន​ជា​សិល្បៈ​ធម្មជាតិ​ម្យ៉ាង​នៅ​តំបន់​រលុះ​ធំ ក្នុង​សង្កាត់​បន្សាយរាក់ ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ។ រូបថត​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
តំបន់​ដី​ហូរ​ច្រោះ​បង្កើត​បាន​ជា​សិល្បៈ​ធម្មជាតិ​ម្យ៉ាង​នៅ​តំបន់​រលុះ​ធំ ក្នុង​សង្កាត់​បន្សាយរាក់ ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ។ រូបថត​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (RFA/Hang Savyouth)

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ មាន​គម្រោង​រក្សា​ទុក​តំបន់​ដី​ច្រោះ​រលុះ​ធំ​នេះ​ជា​តំបន់​ប្រវត្តិសាស្ត្រ​ធម្មជាតិ ដែល​បង្កើត​ឲ្យ​មាន​ជា​រូបរាង​សិល្បៈ​ដោយ​ខ្លួន​ឯង។

អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​មន្ទីរ​ទេសចរណ៍ ដែល​ស្នើសុំ​ឲ្យ​រក្សា​ទុក​តំបន់​នោះ​ជា​កន្លែង​ប្រវត្តិសាស្ត្រ។ លោក ស ថាវី បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​តំបន់​ដី​ច្រោះ​ធម្មជាតិ​រលុះ​ធំ​នោះ គឺ​មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​ជា​បន្តបន្ទាប់ ហើយ​នៅ​ពេល​ខាង​មុខ អាជ្ញាធរ​ក៏​នឹង​ប្រឹងប្រែង​ផ្សព្វផ្សាយ​តំបន់​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត៖ « ហើយ​ទី​ពីរ​ទៀត គឺ​ខ្ញុំ​កំពុង​រៀបចំ​តំបន់​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដោយ​យើង​រក្សា​ព្រៃ​ឈើ និង​កសាង​សំណង់​សក្ការបូជា​សាសនា​នៅ​ទីនោះ ជាដើម »

ទោះ​ជា​យ៉ាង​ណា មន្ទីរ​ទេសចរណ៍​ខេត្ត​ឧត្តរមានជ័យ មិន​អាច​បញ្ជាក់​បាន​ទេ​ថា តើ​ក្នុង​មួយ​ខែៗ​មាន​ភ្ញៀវ​ទេសចរ​ចំនួន​ប៉ុន្មាន​នាក់​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ​ទេ ដោយសារ​តែ​បច្ចុប្បន្ន គេ​នៅ​មិន​ទាន់​បាន​ដាក់​ភ្នាក់ងារ​ទេសចរ​ប្រចាំ​នៅ​ទីនោះ​នៅ​ឡើយ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧត្តរមានជ័យ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​គេ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​លើ​ការ​ផ្សព្វផ្សាយ​តំបន់​រលុះ​ធំ ឲ្យ​មហាជន​បាន​ដឹង​តាម​រយៈ​គេហទំព័រ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​តាម​សៀវភៅ​មគ្គុទ្ទេសក៍​ទេសចរណ៍ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។