ក្រុមយុវជន និងសកម្មជនបរិស្ថាន ទាមទារឱ្យអាជ្ញាធរបកស្រាយឱ្យបានច្បាស់លាស់ជុំវិញចំណាត់ការរបស់ខ្លួនលើករណីចាក់ដីលុបឆ្នេរព្រែកត្រែង បន្ទាប់ពីពួកគេសង្កេតឃើញថា តំបន់នេះមិនទាន់ត្រូវបានកាយដីចេញ និងស្ដារបរិស្ថានឱ្យល្អដូចដើមវិញនៅឡើយទេ។ ម្យ៉ាងវិញទៀត ពួកគេចង់ឱ្យអាជ្ញាធរអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវទៅលើភាគីក្រុមហ៊ុនដែលហ៊ានប្រព្រឹត្តអំពើល្មើសច្បាប់ ចាក់ដីលុបឆ្នេរធម្មជាតិ ដើម្បីជាការព្រមានកុំឱ្យករណីនេះកើតមានសាជាថ្មីទៀត។ មន្ត្រីសិទ្ធិមនុស្ស អះអាងថា នឹងដាក់បណ្ដឹងបរិហារករណីនេះទៅតុលាការជុំវិញការបណ្ដែតបណ្ដោយរបស់អាជ្ញាធរឱ្យមានបទល្មើសកើតឡើងក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ហើយមិនមានចំណាត់ការលើជនល្មើស។
ក្រុមយុវជនដែលបានចុះទៅដល់ទីតាំងឆ្នេរព្រែកត្រែង ស្ថិតក្នុងភូមិសាស្ត្រភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ អះអាងថា ដីឆ្នេរដែលត្រូវបានចាក់លុបនោះ មិនទាន់មានការកាយដីចេញ និងរៀបចំឱ្យបានត្រឹមត្រូវតាមលក្ខណៈដើមវិញនៅឡើយទេ។ លើសពីនេះ ពួកគេអះអាងថា ភាគីក្រុមហ៊ុនថែមទាំងកំពុងសាងសង់របងថ្មព័ទ្ធជុំវិញបរិវេណដែលត្រូវបានចាក់ដីលុបនោះទៀតផង។
ក្នុងវីដេអូរយៈពេលជាង ២ នាទី ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) កាលពីថ្ងៃទី១ ធ្នូ ក្រុមយុវជនសម្តែងការខកចិត្តនឹងចំណាត់ការរបស់អាជ្ញាធរពាក់ព័ន្ធ និងបានចាត់ទុកវិធានការលើរឿងនេះថា គ្រាន់តែជាការបន្លំភ្នែកសាធារណជនប៉ុណ្ណោះ។ ពួកគេទាមទារឱ្យអាជ្ញាធរដោះស្រាយរឿងនេះឱ្យបានត្រឹមត្រូវ បើពុំដូចច្នេះពួកគេនឹងបន្តលាតត្រដាងពីភាពអសកម្មជុំវិញរឿងនេះតទៅទៀត៖ «ពួកខ្ញុំទាំងអស់គ្នាជាយុវជនពិតជាមានការសោកស្ដាយយ៉ាងខ្លាំងដែលអាជ្ញាធរក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំពិតជាអសមត្ថភាពក្នុងការដោះស្រាយជាមួយក្រុមហ៊ុន។ បច្ចុប្បន្នយើងឃើញថា ក្រុមហ៊ុនមួយនេះមិនបានកាយដីចេញទាំងអស់នោះទេ ថែមទាំងកំពុងសាងសង់របងថ្មជុំវិញដីដែលបានចាក់រួចហើយទៀតផង។ ខ្ញុំពិតជាមិនពេញចិត្តចំពោះការចាក់ដីលុបឆ្នេរមួយនេះសោះ។ ពួកខ្ញុំសង្ឃឹមថា អាជ្ញាធរគួរតែបញ្ចប់វិធីសាស្ត្រដែលធ្វើការបន្លំភ្នែកសាធារណជនទៀតទៅ គួរតែមានវិធីសាស្ត្រចាត់ការតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុនមួយនេះឱ្យធ្វើការកាយដីចេញ និងសម្អាតឆ្នេរឱ្យស្រស់ស្អាតឡើងវិញ»។

អាស៊ីសេរីមិនទាន់អាចទាក់ទងអាជ្ញាធរខេត្តព្រះសីហនុ ដើម្បីឆ្លើយតបរឿងនេះបាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ ចំណែកអ្នកនាំពាក្យក្រសួងដែនដី លោក សេង ឡូត ក៏មិនអាចទាក់ទងបានដូចគ្នា នៅថ្ងៃទី២ ធ្នូ ដោយលោកមិនលើកទូរស័ព្ទ។
កាលពីអំឡុងខែកញ្ញា កន្លងទៅ មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងជាប្រធានគណៈកម្មការគ្រប់គ្រងឆ្នេរ លោក ជា សុផារ៉ា ចុះត្រួតពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រនៅចំណុចឆ្នេរព្រែកត្រែង ដើម្បីឱ្យកាយយកដីដែលបានចាក់បំពេញនោះចេញ និងរក្សាឆ្នេរធម្មជាតិដូចដើមវិញ។ ចំណែក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងឆ្នេរ លោក ថោង ខុន បានអះអាងថា ក្រុមហ៊ុនអភិវឌ្ឍឆ្នេរព្រែកត្រែងនោះ កំពុងតែរំលោភបំពានច្បាប់ ហើយគណៈកម្មការគ្រប់គ្រងតំបន់ឆ្នេរកំពុងតែពិនិត្យមើលទិដ្ឋភាពច្បាប់ទាក់ទងនឹងករណីនេះ។
ទោះជាយ៉ាងណា រយៈពេលជាង ២ ខែកន្លងទៅនេះ មន្ត្រីជំនាញមិនទាន់បង្ហាញលទ្ធផលនៃការចុះត្រួតពិនិត្យករណីនេះនៅឡើយទេ ហើយក៏មិនទាន់បង្ហាញពីចំណាត់ការតាមផ្លូវច្បាប់យ៉ាងណាទៅលើក្រុមហ៊ុន និងអ្នកពាក់ព័ន្ធនោះដែរ។
សកម្មជនបរិស្ថានមួយរូបដែលបានចុះទៅដល់ទីតាំងដាក់លុបនេះផ្ទាល់ គឺកញ្ញា ផេង ស្រីស យល់ឃើញថា ក្រុមហ៊ុនទំនងជាមានគម្រោងច្បាស់លាស់ ហើយពួកគេនឹងមិនបញ្ឈប់សកម្មភាពរបស់ខ្លួនឡើយ ព្រោះពួកគេកំពុងសាងសង់របងថ្មព័ទ្ធជុំវិញដីនោះបន្ថែមទៀត។ កញ្ញាយល់ថា ដំណោះស្រាយរបស់អាជ្ញាធរគ្រាន់តែជាការបន្លំភ្នែកពលរដ្ឋ កុំឱ្យរិះគន់រឿងនេះតែប៉ុណ្ណោះ។ កញ្ញាស្នើឱ្យអាជ្ញាធរបញ្ជាឱ្យក្រុមហ៊ុនកាយដីនោះចេញវិញ និងសម្អាតឆ្នេរនៅកន្លែងនោះឱ្យបានស្អាតដូចដើមវិញ ព្រមទាំងឱ្យក្រុមហ៊ុនទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះសកម្មភាពរបស់ពួកគេ៖ «វាមិនមានជាការដែលត្រូវយោគយល់ចំពោះក្រុម ឬក៏ក្រុមហ៊ុនដែលបានរំលោភបំពានច្បាប់នោះទេ អ៊ីចឹងទីមួយគឺឱ្យគាត់កាយដីចេញមកវិញ និងសម្អាតឆ្នេរ។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ ត្រូវឱ្យគាត់ទទួលទោសតាមផ្លូវច្បាប់ទៀត។ ប្រសិនបើគាត់លុបឆ្នេរហើយ ឱ្យគាត់កាយដីចេញវិញហើយ រួចខ្លួននោះ អ៊ីចឹងមានក្រុមហ៊ុនផ្សេងៗទៀត អាចយកគំរូតាមហ្នឹងដែរ គឺប្រសិនបើធ្វើខុស គ្រាន់តែកាយដីចេញទៅហើយ ចប់»។
ក្រុមហ៊ុនដែលចាក់ដីលុបឆ្នេរព្រែកត្រែងនោះ គឺជារបស់អ្នកស្រី ជឹង សុភាព ហៅ យាយ ភូ ភរិយារបស់លោកឧកញ៉ា ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។ លោក ឡៅ ម៉េងឃីន គឺជាជាម្ចាស់ក្រុមហ៊ុន ស៊ូកាកូ អ៊ីន (Shukaku Inc) ដែលបានចាក់ដីលុបតំបន់បឹងកក់ដ៏ចម្រូងចម្រាស កាលពីពេលកន្លងទៅ។
អាស៊ីសេរីមិនទាន់អាចទាក់ទងក្រុមហ៊ុនរបស់អ្នកស្រី ជឹង សុភាព ដែលបានចាក់ដីលុបឆ្នេរព្រែកត្រែងនេះបាននៅឡើយ គិតត្រឹមម៉ោងផ្សាយនេះ។
មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋានសមាគមអាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ ថ្លែងថា ការចាក់លុបដីឆ្នេរព្រែកត្រែងនេះ គឺជាបទល្មើសឧក្រិដ្ឋជាក់ស្ដែង ដែលអាជ្ញាធរត្រូវចាត់វិធានការឱ្យបានតឹងរ៉ឹង។ លោកបន្តថា ការខកខានមិនបានចាត់ការរឿងនេះ គឺជាគំរូអាក្រក់បំផុតក្នុងសង្គម ដែលបង្ហាញឱ្យឃើញថា អាជ្ញាធរមិនអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋឱ្យបានគង់វង្សនោះឡើយ៖ «ដោយសារអំពើពុករលួយជាប្រព័ន្ធហ្នឹងហើយ ដែលធ្វើឱ្យនិទ្ទណ្ឌភាពហ្នឹងកើតឡើងយ៉ាងធ្ងន់ធ្ងរក្នុងសង្គម។ បទល្មើសឃើញជាក់ស្តែងហើយ បើតាមយើងសិក្សានៅក្នុងច្បាប់ស្ដីពីតំបន់ការធម្មជាតិ នេះគឺជាបទល្មើសឧក្រិដ្ឋទៅហើយ ចាក់លុបអីហ្នឹង។ អ៊ីចឹងវាជាបទល្មើសមួយដែលមន្ត្រីនគរបាលយុត្តិធម៌ហ្នឹង ត្រូវតែរួមគ្នានៅក្នុងការកសាងសំណុំរឿង និងនិយាយឱ្យមែនទែនទៅ ត្រូវឃាត់ខ្លួនជនល្មើសភ្លាមៗ ព្រោះវាជាបទល្មើសជាក់ស្ដែង ហើយបញ្ជូនទៅស្ថាប័នអយ្យការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ មិនមែននៅទ្រឹង រង់ចាំរបាយការណ៍ ហើយគ្រាន់តែយកលេសថា អ៊ីចេះ អ៊ីចុះ នោះទេ យើងមិនអាចទទួលយកបានឡើយ»។
លោក ប៉ែន បុណ្ណារ៍ អះអាងថា លោកកំពុងសិក្សាអំពីផ្លូវច្បាប់ ដើម្បីដាក់បណ្ដឹងបរិហារផ្លូវការទៅស្ថាប័នអយ្យការ ជុំវិញការចាក់ដីលុបឆ្នេរព្រែកត្រែង និងទីតាំងសាធារណៈដទៃទៀតក្នុងខេត្តព្រះសីហនុ។ លោកបញ្ជាក់ថា បណ្ដឹងបរិហារនេះ គឺប្ដឹងចំពោះការបណ្ដែតបណ្ដោយរបស់មន្ត្រីនគរបាលយុត្តិធម៌ ឱ្យមានបទល្មើសឧក្រិដ្ឋចាក់ដីលុបសមុទ្រ និងបឹងធម្មជាតិនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ហើយមិនចាត់វិធានការតាមផ្លូវច្បាប់លើជនល្មើស។
ការចាក់លុប ឬចាក់បំពេញដី ឬចាក់បំពេញដែនទឹកដោយគ្មានការអនុញ្ញាត ត្រូវបានកំណត់ក្នុងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិថា ជាបទល្មើសឧក្រិដ្ឋ ដែលជនល្មើសនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ និងទោសពិន័យជាប្រាក់ពី ១៥ លានរៀល ទៅ ១៥០ លានរៀល។ ច្បាប់នេះក៏ចែងដែរថា អាជ្ញាធរមានសមត្ថកិច្ចណាដែលសមគំនិតនឹងអ្នកប្រព្រឹត្តបទល្មើស ឬជួយសម្រួលការប្រព្រឹត្តបទល្មើសនោះ ក៏នឹងត្រូវផ្ដន្ទាទោសដូនជនប្រព្រឹត្តដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។