សមត្ថកិច្ច​ខេត្ត​រតនគិរី​កោះហៅ​ជនជាតិ​ទំពួន​ម្នាក់​រឿង​ចោទ​មេភូមិ​លក់​ដី​ព្រៃ​ឲ្យ​ជនជាតិ​វៀតណាម

0:00 / 0:00

ជនជាតិ​ដើម​ភាគតិច​ទំពួន​ម្នាក់ រស់នៅ​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ដែល​ឈឺឆ្អាល​រឿង​បទល្មើស​ព្រៃឈើ ត្រូវ​បាន​អធិការ​ស្រុក​លំផាត់ ខេត្ត​រតនគិរី​កោះហៅ​ឲ្យ​បំភ្លឺ​ក្នុង​សំណុំរឿង​ចោទ​មេភូមិ​កែងសាន់ លក់​ដី​ព្រៃ​អភិរក្ស​ឲ្យ​ជនជាតិ​វៀតណាម និង​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម បើក​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​នៅ​មូលដ្ឋាន​បំពាន​ច្បាប់។

ជនជាតិដើម​ភាគតិច​ទំពួន ឲ្យ​ដឹង​នៅ​ថ្ងៃទី៥ កញ្ញា ថា អធិការ​ស្រុក​លំផាត់​ខេត្ត​រតនគិរី លោក ក្លុល ថើង បាន​អញ្ជើញ​ជនជាតិ​ដើម​ភាគតិច​ម្នាក់​ដែល​សកម្ម​រឿង​ការពារ​ព្រៃឈើ ឲ្យ​បំភ្លឺ​កាល​ពី​ពេល​ថ្មីៗ​នេះ ករណី​ចោទ​មេភូមិ​កែងសាន់ លក់​ដី​ព្រៃ​អភិរក្ស​ឲ្យ​ឈ្មួញ​ជនជាតិ​វៀតណាម ១៥​ហិកតារ និង អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម​បើក​អាជីវកម្ម​កែច្នៃ​គ្រឿង​សង្ហារិម​ខុសច្បាប់។ អ្នកភូមិ​ថា ពលរដ្ឋ​មាន​ភស្តុតាង​ច្បាស់លាស់ ដែល​បញ្ជាក់​ថា មេភូមិ​កែងសាន់ លោក ញ៉ួង គួត ពិតជា​បាន​លក់​ដី​ព្រៃ​អភិរក្ស ១៥​ហិកតារ នៅ​ចំណុច​អូរ​យាម៉ាយ ឲ្យ​ជនជាតិ​វៀតណាម ហើយ​មក​ទល់​ពេល​នេះ​ឈ្មួញ​ដែល​ជា​ជនជាតិ​វៀតណាម​ទាំងនោះ បាន​សង់ផ្ទះ​ស្នាក់​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ទៀត​ផង។

ជនជាតិ​ដើម​ភាគតិច​ទំពួន​រស់នៅ​កែងសាន់ លោក ខាំ និន ឲ្យ​ដឹង​ថា លោក​ភ័យ​ព្រួយ​ពី​សុវត្ថិភាព​ខ្លះ​ៗ​ដែរ ក្រោយពី​មេភូមិ​កែងសាន់ បាន​ប្ដឹង​លោក​ទៅ​អធិការ​ស្រុក បន្ទាប់ពី​លោក​បាន​លាតត្រដាង​បទល្មើស​ព្រៃឈើ ដែល​កើតមាន​ខ្លាំងក្លា​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សមាគម​អាដហុក(Adhoc) ក្នុង​បំណង​ឲ្យ​មានការ​អនុវត្ត​ច្បាប់។ លោក​ថា មេភូមិ​កែងសាន់ លោក ញ៉ួង គួត គឺជា​មេខ្លោង​លក់​ដី​ព្រៃ​ឲ្យ​ជនជាតិ​វៀតណាម​ខុសច្បាប់ ហើយ​កាលពី​ចុង ខែ​សីហា​កន្លង​ទៅ មេភូមិ​រូប​នោះ​បាន​លក់​ដី​ព្រៃ​អភិរក្ស ៣០​ហិកតារ​ទៀត នៅ​ចំណុច​អូរព្នៀង ឲ្យ​ទៅ​បុរស ឈ្មោះ កាដីន និង ឈ្មោះ ហាន។ លោក ខាំ និន បាន​លើក​ហេតុផល​ជាច្រើន នៅ​ចំពោះ​មុខ​អធិការ​ស្រុក លោក ក្លុល ថើង និង​ទទូច​ឲ្យ​អធិការ​ស្រុក​រូប​នោះ ចុះទៅ​មូលដ្ឋាន​ផ្ទាល់ ដើម្បី​ពិនិត្យមើល​ពី​ទិដ្ឋភាព​ជាក់ស្ដែង នៅ​គ្រា​ដែល​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ដែល​ជា​កន្លែង​ជនជាតិ​ដើម​ភាគតិច​អាស្រ័យ​ផល​ច្រើន​ជំនាន់​មក​ហើយ ត្រូវ​បាន​បំពារបំពាន​យ៉ាង​ធ្ងន់ធ្ងរ៖ «ខ្ញុំ​ចោទ​គាត់​ថា គាត់​លក់​ឈើ​ឲ្យ​វៀតណាម ខ្ញុំ​ឃើញ​វៀតណាម​អារ​រំលំ​ព្រៃឈើ និង​សង់​ខ្ទម​ក្នុង​ដី​អភិរក្ស បើ​មិន​ជឿ​អធិការ​ចុះទៅ​មើល ឡើង​ទៅ​អួយាម៉ាយ​ឃើញ​ហើយ ខ្ទម​វៀតណាម»។

លោក ខាំ និន បន្ថែម​ថា អាជ្ញាធរ​មូលដ្ឋាន មិន​បាន​បម្រើ​រាស្ត្រ​ដោយ​ស្មោះ​ត្រង់​នោះ​ទេ ហើយ​បាន​ព្យាយាម​បង្ក​បញ្ហា ជាមួយ​ពលរដ្ឋ​ដែល​ឈឺឆ្អាល​រឿង​បទល្មើស​ព្រៃឈើ រីឯ​ជនល្មើស​កាប់​ឈើ និង ទន្ទ្រានព្រៃ​យក​ដី​លក់​ខុសច្បាប់ មិន​ត្រូវ​បាន​អាជ្ញាធរ​ស៊ើបអង្កេត និង​អនុវត្ត​ច្បាប់​នោះ​ទេ។ លោក​រំឭក​ថា កន្លងទៅ​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សេដា លោក ធិ ចាន់រិទ្ធិ បាន​ទូរស័ព្ទ​មក​លោក​ដោយ​គំរាម​ចាប់​លោក​ដាក់គុក បើ​លោក​នៅតែ​មានៈ ផ្តល់​ដំណឹង​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សមាគម​អាដហុក​ពី​បទ​ល្មើស​ព្រៃឈើ។ លោក​ចាត់​ទុក​ការ​គំរាម និង​ការ​ប្ដឹង​ពលរដ្ឋ​ឈឺឆ្អាល​រឿង​បទល្មើស​ព្រៃឈើ ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ជនជាតិ​ដើម​ភាគតិច និង​ដើម្បី​ការពារ​ផល​ប្រ​យោជន៍​ឈ្មួញ៖ «គម្រោង​ថា បង្ក្រាប​ឲ្យ​យើង​ខ្លាច គាត់​បំភ័យ​យើង។ គម្រោង​គាត់​ចង់​កាប់​ផ្ដាច់​ដៃ ១ ពាន់​ហិកតារ បាទ​នៅតែ​កាប់​រំលំ​រាល់ថ្ងៃ​ហ្នឹង​នៅតែ​កាប់​រំលំ​ទៀត។ ទាល់តែ​មាន​ច្បាប់​ចែង​មក​ឲ្យ​ខ្ញុំ​ថា ដី​ព្រៃ​អភិរក្ស​ត្រូវ​បាន​អាជ្ញាធរ​ពុះ​ចែក​គ្នា​អ៊ីចឹង​ហើយ ខ្ញុំ​សួរ​ទៅ​អធិការ គាត់​ថា បង​អត់​ត្រូវ​ទេ​ហ្នឹង»។

អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​រឿ​ងនេះ ទៅ​អធិការ​ស្រុក​លំផាត់ លោក ក្លុល ថើង ក៏ប៉ុន្តែ​លោក​ប្រាប់​ថា ទូរស័ព្ទ​ស្ដាប់​មិន​ឮ។

ដើមបណ្ដឹង ដែល​ជា​មេភូមិ​កែងសាន់ លោក ញ៉ួង គួត បដិសេធ​ថា លោក​មិនបាន​ប្ដឹង​ពលរដ្ឋ​ទៅ​អធិការ​ស្រុក​នោះ​ទេ តែ​លោក​អះអាង​ថា មាន​ពលរដ្ឋ​ច្រើន​នាក់ ប្ដឹង​បុរស​ឈ្មោះ ខាំ និន ទៅ​អធិការ​ស្រុក រឿង​កាប់​រាន​ដី​ព្រៃ​អស់​រាប់​រយ​ហិកតារ។ តែ​ទោះ​យ៉ាងណា លោក​មិនបាន​បញ្ជាក់​លម្អិត​ពី​អត្តសញ្ញាណ​ពលរដ្ឋ​ណា​ម្នាក់ ដែល​ជា​ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ​ទេ៖ «ប្រជាពលរដ្ឋ​អ្នក​ប្ដឹង​ខ្ញុំ​ទៅ​ប្ដឹង​អី។ បទ​វា​កាប់​ព្រៃឈើ​ដែរ​។ វា​មាន​សិទ្ធិ​អី​ណា​ប្ដឹង​មេភូមិ​លក់​ដី​ព្រៃ។ ពលរដ្ឋ​មាន​សិទ្ធិ​ប្ដឹង​ដែរ គិត​យ៉ាងម៉េច ? ពលរដ្ឋ​មាន​សិទ្ធិ​ប្ដឹង​ដែរ​គេ ២ ទៅ ៣ រយ​នាក់​ស្មាន​តែ​ខ្លាច ខាំ និន ម្នាក់ឯង»។

អ្នកនាំពាក្យ​សមាគម​អាដហុក លោក សឹង សែនករុណា សម្តែង​ការ​កោតសរសើ​ចំពោះ​ទឹកចិត្ត​ជនជាតិ​ដើម​ភាគតិច ដែល​ហាន​ចេញមុខ​ការពារ​ព្រៃឈើ ដោយ​បាន​លាតត្រដាង​ពី​បទ​ល្មើស​ព្រៃឈើ និង​ភាព​អសកម្ម​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ លោក​ថា អធិការ​ស្រុក បាន​អនុញ្ញាត​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ត្រឡប់​មក​វិញ គឺជា​ចំណុច​វិជ្ជមាន​មួយ ក៏ប៉ុន្តែ​នគរបាល​យុត្តិធម៌​ត្រូវតែ​ចុះ​ស៊ើបអង្កេត​រក​មេខ្លោង និង​អ្នក​ពាក់ព័ន្ធ​រឿង​កាប់​ទន្ទ្រាន​ដី​ព្រៃ​អភិរក្ស​ខុសច្បាប់​ឲ្យ​មក​ទទួលខុសត្រូវ នៅ​ពេល​ដែល​ទទួល​ភស្តុតាង​ច្បាស់លាស់ ដែល​ពលរដ្ឋ​បាន​បំភ្លឺ​នេះ៖ «គួរតែ​សមត្ថកិច្ច​ចាត់វិធានការ​យ៉ាងណា ការពារ​អ្នក​ដែល​រាយការណ៍​ពី​បទ​ល្មើស​ព្រៃឈើ និង​ត្រូវ​ចាត់វិធានការ​ចំពោះ​ជន​ដែល​បំផ្លាញ​ព្រៃឈើ។ ប្រមុខ​រដ្ឋាភិបាល​ធ្លាប់​អំពាវនាវ​ឲ្យ​ការពារ​ព្រៃឈើ តែ​ព្រៃ​នៅតែ​ហិនហោច ខុស​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រមុខរដ្ឋ»។

លោក សឹង សែនករុណា បន្ថែម​ថា សមត្ថកិច្ច ឬ​នគរបាល​យុត្តិធម៌​គួរតែ​សហការ​ល្អជា​មួយ​ពលរដ្ឋ​ដែល​ផ្តល់​ព័ត៌មាន​រឿង​បទល្មើស​ព្រៃឈើ និង​គួរ​លើកទឹកចិត្ត​ពលរដ្ឋ​ដែល​ឈឺឆ្អាល​រឿង ការបំផ្លាញ​ធនធាន​ធម្មជាតិ ដើម្បី​គាំពារ​សម្បត្តិ​ធម្មជាតិ​របស់​ជាតិ ចៀសវាង​មានការ​ប្ដឹង​គំរាមកំហែង លើ​អ្នក​ដែល​ខិតខំ​ការពារ​ព្រៃឈើ ដែល​លោក​ចាត់ទុកថា នាំ​ឲ្យ​ពលរដ្ឋ​ភ័យខ្លាច និង​ថយ​ចុះ​ភាព​ក្លាហាន​ក្នុង​ការ​បំពេញភារកិច្ច​ថែរក្សា​សម្បត្តិ​ជាតិ​របស់​ខ្លួន។

រដ្ឋធម្មនុញ្ញ​មាត្រា ៣៥ ចែងថា ពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេសជាតិ​។ សេចក្ដីស្នើ​ទាំងឡាយ​របស់​ពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។