បឹងត្រាវកុដិ គឺជារមណីយដ្ឋានធម្មជាតិនៅឃុំបល្ល័ង្ក នៃស្រុកប្រាសាទបាគង ចម្ងាយជិត ៤០គីឡូម៉ែត្រ ភាគឦសានពីទីរួមខេត្តសៀមរាប។ ទីនោះកំពុងមានចលនាពុះដីឡូត៍លក់ ព្រមទាំងអ្នកមានលុយកាក់ខ្លះបាននាំគ្នាសម្រុកទៅទិញដីនៅជុំវិញបឹង បំណងធ្វើជាភោជនីយដ្ឋាន ឬក៏ទីកម្សាន្តផ្សេងៗសម្រាប់រកកម្រៃពីទេសចរ ប៉ុន្តែវាក៏កំពុងគំរាមកំហែងដល់ធនធានធម្មជាតិ និងបរិស្ថានរបស់រមណីយដ្ឋានទេសចរណ៍ដែរ។
សហគមន៍ទេសចរណ៍បឹងត្រាវកុដិ ព្រួយបារម្ភថា រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនេះអាចនឹងបាត់បង់ព្រៃឈើ ព្រមទាំងបរិស្ថានមិនល្អ ប្រសិនបើអាជ្ញាធរ និងមន្ត្រីជំនាញដែលពាក់ព័ន្ធ មិនយកចិត្តទុកដាក់លើការកំណត់ព្រំប្រទល់ការពារឲ្យបានទាន់ពេលវេលាទេនោះ។
ការព្រួយបារម្ភរបស់សហគមន៍ បានកើតឡើងនៅស្របពេលដែលចលនាទិញលក់ដីនៅជុំវិញតំបន់បឹងត្រាវកុដិ កំពុងកើតឡើងយ៉ាងខ្លាំង។
ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិបឹងត្រាវកុដិ គឺលោក អឿម អន។ លោកមានប្រសាសន៍ថា បច្ចុប្បន្ន ព្រៃឈើជាច្រើនកន្លែងនៅជុំវិញបឹងត្រាវកុដិ បានបាត់បង់ដោយសារតែពលរដ្ឋលក់ដូរដី ហើយម្ចាស់ថ្មីបានកែច្នៃធ្វើជាកន្លែងចិញ្ចឹមសត្វ ឬក៏ភោជនីយដ្ឋានទំនើបៗ ជាដើម។
ប្រធានសហគមន៍ទេសចរណ៍ដដែលបញ្ជាក់ថា រូបលោកកំពុងព្រួយបារម្ភខ្លាចបាត់បង់ព្រៃឈើ ហើយប៉ះពាល់ដល់ជីវិតសត្វព្រៃ រួមទាំងខូចខាតដល់បរិស្ថានធម្មជាតិផង ក៏ប៉ុន្តែរូបលោកមិនអាចដឹកនាំចលនាដាំកូនឈើនៅជុំវិញបឹងត្រាវកុដិបានទេ ពីព្រោះតែអាជ្ញាធរមិនទាន់កំណត់ព្រំប្រទល់រមណីយដ្ឋានត្រឹមណានៅឡើយ។
លោក អឿម អន បញ្ជាក់ថា បច្ចុប្បន្ន ម្ចាស់ដីឯកជនខ្លះបានចាប់ផ្ដើមទៅធ្វើកន្លែងចិញ្ចឹមសត្វ និងភោជនីយដ្ឋាននៅតាមមាត់បឹងធម្មជាតិជាបណ្ដើរៗ ជាហេតុធ្វើឲ្យព្រួយបារម្ភចំពោះការបំពុលបរិស្ថានទឹក ប្រសិនបើមានការបង្ហូរសំណល់រាវ ឬក៏ចោលកាកសំណល់មិនត្រឹមត្រូវ៖ « ខាងសហគមន៍ចង់ឲ្យកំណត់ព្រំប្រទល់រមណីយដ្ឋានទេសចរណ៍ធម្មជាតិនេះឲ្យច្បាស់លាស់ ដើម្បីធនធានធម្មជាតិឲ្យបានគង់វង្ស សម្រាប់ទាក់ទាញភ្ញៀវទេសចរ »។

បឹងធម្មជាតិត្រាវកុដិ ដែលមានផ្ទៃទឹកទំហំជាង ៥០ហិកតារ មានព្រៃឈើដុះអមជុំវិញផង គឺមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យទៅកម្សាន្ត ព្រមទាំងបង្កើតបានជាការងារខ្លះដល់អ្នកភូមិដែលរស់នៅក្បែរៗ ឲ្យរកកម្រៃបានពីវិស័យទេសចរណ៍ផង។
អ្នកភូមិដូននំ ឃុំមានជ័យ នៃស្រុកប្រាសាទបាគង ដែលទៅប្រកបរបរលក់ម្ហូបអាហារនៅបឹងត្រាវកុដិ លោកស្រី អឿ ស្រីពៅ មានប្រសាសន៍ថា ក្នុងមួយខែៗគាត់អាចរកចំណូលបានពីភ្ញៀវទេសចរប្រហែល ៤០០ ទៅ ៥០០ដុល្លារអាមេរិកដែរ។ ស្ត្រីរូបនេះចង់ឲ្យអាជ្ញាធរជួយអភិវឌ្ឍរមណីយដ្ឋានត្រាវកុដិ ឲ្យកាន់តែល្អថែមទៀត ដូចជាមានកន្លែងចតឡាន និងសួនកុមារ ជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែចង់ទៅលេងកម្សាន្តច្រើនថែមទៀត៖ « កន្លែងខ្ញុំលក់ម្ហូបកុម្ម៉ង់គ្រប់មុខ។ ម្ហូបមានដូចជាមាន់ដុត ត្រីដុត មាន់អាំង ហើយសាច់ និងត្រីភាគច្រើនដែលយកមកធ្វើម្ហូប សុទ្ធតែរបស់អ្នកនៅស្រុក »។
កញ្ញាម្នាក់ទៀតដែលលក់ម្ហូបសម្រាប់ភ្ញៀវទេសចរដែរ តែសុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍ថា នាងអាចរកកម្រៃពីវិស័យទេសចរណ៍ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារសមរម្យនៅក្នុងតំបន់រមណីយដ្ឋានបឹងត្រាវកុដិនេះ៖ « ភ្ញៀវភាគច្រើនសម្បូរថ្ងៃសៅរ៍ អាទិត្យ និងពេលមានបុណ្យទាន។ ថ្ងៃធម្មតាមានភ្ញៀវដែរ តែមួយៗ គឺរកបានប្រាក់គ្រាន់តែម៉ាហូប »។
អាជ្ញាធរឃុំបល្ល័ង្ក ទទួលស្គាល់ថា បច្ចុប្បន្ននេះចលនាទិញ និងលក់ដីនៅជុំវិញតំបន់បឹងធម្មជាតិត្រាវកុដិ កំពុងកើតឡើងយ៉ាងខ្លាំង ជាហេតុធ្វើឲ្យព្រួយបារម្ភដល់ការបំផ្លាញព្រៃធម្មជាតិ ការធ្វើឲ្យប៉ះពាល់បរិស្ថានទឹកមែន។
មេឃុំបល្ល័ង្ក ដែលទើបតែឡើងកាន់តំណែងថ្មី លោក ហម ព្រេម មានប្រសាសន៍ថា ការបាត់បង់ព្រៃឈើខ្លះៗនៅជុំវិញបឹងត្រាវកុដិ គឺកើតឡើងតាំងពីមេឃុំអាណត្តិមុនមក។ លោកមេឃុំដដែលបញ្ជាក់ថា បច្ចុប្បន្ននេះលោកក៏ព្រួយបារម្ភចំពោះការបាត់បង់ព្រៃឈើ ដោយសារការទិញលក់ដីនៅជុំវិញបឹងធម្មជាតិនោះដែរ ហើយលោកគិតថានឹងមានវិធានការទប់ស្កាត់ការទិញ និងលក់ដីនៅជុំវិញនោះ៖ « ការពិត បើមើលពីផលអាក្រក់ គឺកំពុងកើតមាននៅជុំវិញបឹងធម្មជាតិនោះមែន។ បញ្ហានេះក្រុមអាជីវករដែលលក់ម្ហូបចំណីនៅទីនោះ តែងនាំគ្នាឡើងមកសាលាឃុំឲ្យ ខ្ញុំជួយដោះស្រាយដែរ ប៉ុន្តែរឿងនេះវាលើសពីសមត្ថភាពរបស់ឃុំដែលដោះស្រាយ »។
អាស៊ីសេរី មិនអាចសុំការពន្យល់ពីអភិបាលស្រុកប្រាសាទបាគង លោក ភូ សំអាត ជុំវិញដំណោះស្រាយទិញលក់ដីនៅជុំវិញបឹងទេសចរណ៍ធម្មជាតិ ដែលសហគមន៍កំពុងព្រួយបារម្ភនោះបានថាយ៉ាងណានៅឡើយ នៅថ្ងៃទី២០ ខែសីហា ដោយសារតែលោកទទួលទូរស័ព្ទ ប៉ុន្តែប្រាប់ថាស្ដាប់ការសន្ទនាគ្នាមិនច្បាស់។
អាជ្ញាធរឃុំបល្ល័ង្ក ឲ្យដឹងថា បច្ចុប្បន្ន បឹងធម្មជាតិត្រាវកុដិ មានសក្ដានុពលផ្នែកទេសចរណ៍ធម្មជាតិយ៉ាងខ្លាំង ដែលអាចទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្ត ធ្វើឲ្យពលរដ្ឋចំនួន ២ភូមិរស់នៅជិតនោះ ព្រមទាំងអ្នកមកពីចម្ងាយខ្លះទៀតអាចរកប្រាក់កម្រៃចិញ្ចឹមជីវិតបានយ៉ាងសមរម្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។