សកម្មជនបរិស្ថានអះអាងថា ក្រុមហ៊ុន ២ បានបើកទីតាំងអាជីវកម្មឈើខ្នាតយក្សក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ អាជីវកម្មឈើទាំងនោះ ក្រុមឈ្មួញបានដឹកជញ្ជូនឈើមូលធំៗ ចេញពីតំបន់ឧទ្យានជាតិភ្នំក្រវាញ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលឋិតក្នុងចន្លោះខេត្តចំនួន ៣ រួមមាន ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តពោធិ៍សាត់។
សកម្មជនបរិស្ថានដែលចុះឃ្លាំមើលបទល្មើសព្រៃឈើនៅតំបន់នោះ បង្ហាញអារម្មណ៍សោកស្ដាយ ពីវិនាសកម្មព្រៃឈើបន្សល់ចុងក្រោយ នៅគ្រាដែលឈើធំៗដែលមានមុខចាប់ពី កន្លះម៉ែត្រ ឡើងទៅ ត្រូវបានគេកាប់ និងដឹកជញ្ជូនចេញ ពីតំបន់ព្រៃការពារធម្មជាតិ ដោយរថយន្តប៉ាកុង និងគោយន្តកន្ត្រៃ រាប់សិបគ្រឿងទាំងយប់ និងថ្ងៃ។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន ដែលអង្កេតរឿងនេះ ឱ្យដឹងនៅថ្ងៃទី១ ឧសភាថា កម្មកររាប់រយនាក់ ប្រដាប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ ចូលអាររំលំឈើមូលធំៗ ក្នុងតំបន់ឧទ្យានជាតិភ្នំក្រវាញ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដោយពុំមានការហាមឃាត់ ពីមន្ត្រីឧទ្យានុរក្សដែលឈរជើងនៅតំបន់នោះទេ។ លោកថា ឈើទាំងនោះ គេដឹកជញ្ជូនចូលការដ្ឋាន ក្រុមហ៊ុន ទ្រី ភាព និង ក្រុមហ៊ុន តាំង អ៊ាង រួចអារច្រៀកជាឈើជ្រុង ដើម្បីយកទៅលក់នៅប្រទេសវៀតណាម ឆ្លងកាត់ភូមិសាស្ត្រខេត្តកំពត៖ «កម្មករដូចក្នុងទីផ្សារអីចឹង គឺរាប់រយនាក់ បន្ទាប់ពីការរំលំដោយម៉ាស៊ីនត្រង់សឺន័រហើយ មានម៉ាស៊ីនរ៉ៃ។ ម៉ាស៊ីនរ៉ៃអារប្រភេទជាគ្រឿងផ្ទះ និងអារប្រភេទនាំចេញទៅវៀតណាម គេឡាំង ៤ជ្រុង ឈើគេហៅថា ម៉ៃតាប់នាំទៅវៀតណាម។ រីឯឈើពុំមែនជាប្រណិត មិននាំទៅវៀតណាម គឺគ្រឿងផ្ទះ អាហ្នឹងលក់នៅស្រុកខ្មែរទេ។ សកម្មភាពវាមានគ្រប់រូបភាពទាំងអស់។ ជូនអីតំបន់ព្រៃគេជួលគោយន្ត ឱ្យពលរដ្ឋដឹកជាគោយន្ត ចូលដាក់ដល់ក្នុងក្រុមហ៊ុន ហើយបានមានម៉ាស៊ីនរ៉ៃ អាក្នុងក្រុមហ៊ុនខ្លះ និងមានមួយផ្នែកទៀត អារក្នុងតំបន់អភិរក្សតែម្ដង»។
លោក ជា ហ៊ាន បន្ថែមថា ក្រុមឈ្មួញ បានកែនពលរដ្ឋឱ្យចូលព្រៃកាប់ឈើ និងដឹកជញ្ជូនតាមគោយន្តលក់ឱ្យខ្លួន។ ចំណែកសមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីបរិស្ថាន ដែលមានតួនាទីបង្ក្រាបបទល្មើសព្រៃឈើ នៅតំបន់នោះ បានអង្គុយសំកុកចាំទទួលប្រាក់ពីអ្នកដឹកឈើតាមដងផ្លូវ ជាថ្នូរមិនអនុវត្តច្បាប់។ លោកបញ្ជាក់ថា ឈើទាល បេង សុក្រំ និងផ្ចឹកជាដើម ដែលដុះតាមជ្រលងភ្នំ និងតំបន់ជ្រោះ ហ៊ុមព័ទ្ធជុំវិញភ្នំក្រវាញ និងភ្នំឱរ៉ាល់ កំពុងត្រូវបានគេកាប់ យ៉ាងរង្គាល ដោយក្នុងមួយថ្ងៃៗ មានរថយន្តប៉ាកុងមិនក្រោម ៣០គ្រឿងដឹកជញ្ជូនឈើចេញពីតំបន់នោះ៖ «សមត្ថកិច្ចទាំងអស់ហ្នឹង ទាំងបរិស្ថាន ទាំងសមត្ថកិច្ចអាវុធហត្ថគឺ ទទួលផលប្រយោជន៍ពីបទល្មើស ក្នុងមួយគោយន្ត បើមន្ត្រីបរិស្ថាន គេយក ៨ម៉ឺនមួយគោយន្ត ហើយប៉ូលិស មានប៉ូលិស យក ៥ម៉ឺន ទាហានយក ៣ម៉ឺន អាវុធហត្ថដាក់ប៉ុស្តិ៍នៅហ្នឹង យក ៥ម៉ឺនអីចឹងទៅ។ នេះបន្ទាប់ពីខ្ញុំ ក្លែងខ្លួន អ្នករកស៊ីកាប់ឈើ ជិះតាមគោយន្តហ្នឹងមក សុំគោយន្តគេជិះមក។ ពួកហ្នឹងចូលបង់លុយតាមផ្លូវ ដល់ក្នុងគោយន្តតែម្ដងបានគេទូទាត់ឱ្យ»។
អាស៊ីសេរីបានព្យាយាមទាក់ទង អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភត្រា ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះ តែទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកទទួលនៅថ្ងៃទី១ ឧសភា។ ចំណែកអភិបាលខេត្តកោះកុង មិនលើកទូរស័ព្ទ។
អ្នកនាំពាក្យគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី ប្រាប់ថា គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានបញ្ជូនក្រុមការងារ ចុះធ្វើកិច្ចការងារនេះហើយ។ លោកផ្ដាំឱ្យសកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិល រាយការណ៍ពីបទល្មើសព្រៃឈើទាំងនោះ ទៅក្រុមការងារលោក និងអភិបាលខេត្តសាមី ដែលទទួលខុសត្រូវរឿងនេះ។ លោកបដិសេធបញ្ជាក់លម្អិតពីលទ្ធផល នៃការបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់នោះទេ ដោយអះអាងថា មន្ត្រីជំនាញកំពុងបូកសរុបរបាយការណ៍ជាក់លាក់៖ «មានក្រុមការងារគេចុះធ្វើហើយ អីចឹងឱ្យសកម្មជនទាំងអស់ហ្នឹងគាត់ គាត់រាយការណ៍ទៅខាងក្រុមការងារទទួលទិសហ្នឹងទៅ គឺគេនឹងធ្វើហើយ តែការងារនេះគេធ្វើហើយ។ អីចឹងសូមឱ្យរាយការណ៍ផ្ទាល់ ជាពិសេសគឺ រាយការណ៍ផ្ទាល់ទៅអភិបាលខេត្ត កន្លែងតំបន់ណា ឱ្យអ្នកឃើញ សូមឱ្យរាយការណ៍ទៅអាជ្ញាធរដែនដីហ្នឹងតែម្ដង»។
ចំណែកអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បដិសេធថា ពុំមានការដ្ឋានអារឈើ និងដឹកជញ្ជូនឈើ ក្នុងខេត្តកំពង់ស្ពឺនោះទេ ហើយលោក បានបើកចំហទូរស័ព្ទ ប្រសិនបើមានបទល្មើសព្រៃឈើ ក្នុងខេត្តដែលលោកគ្រប់គ្រង សហគមន៍ និងអង្គការសង្គមស៊ីវិលនានា អាចទូរស័ព្ទរាយការណ៍ មកលោកផ្ទាល់៖ «ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត បេះដូងបើកទូរស័ព្ទក៏បើក ឱ្យតែបងប្អូនឃើញ បទល្មើសព្រៃឈើឆ្លងកាត់មក សូមរាយការណ៍មកត្រង់ ព្រោះយើងខ្ញុំមានកម្លាំងគ្រប់គ្រាន់ រង់ចាំអន្តរាគមន៍ បទល្មើសទាំងឡាយណាដែលទាក់ទងក្នុងដែនសមត្ថកិច្ចខេត្តកំពង់ស្ពឺទាំងមូល»។
លេខទូរស័ព្ទរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ 016 787 877
តំបន់ឧទ្យានជាតិភ្នំក្រវាញ និងដែនជម្រកសត្វព្រៃភ្នំឱវ៉ាល់ ត្រូវបានអតីតព្រះមហាក្សត្រ ព្រះនរោត្តម សីហនុ ចេញព្រះរាជក្រឹត្យកំណត់ជាព្រៃអភិរក្ស កាលពីខែវិច្ឆិកា ឆ្នាំ ១៩៩៣ ដែលមានផ្ទៃដីរាប់ម៉ឺនហិកតារ។ របាយការណ៍របស់អង្គការទប់ស្កាត់ធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ បង្ហាញថា ព្រៃអភិរក្សទាំងនេះ ទទួលរងការកាប់បំផ្លាញ ដោយក្រុមហ៊ុនទ្រី ភាព និងក្រុមហ៊ុន ឧកញ៉ា តាំង អ៊ាង បានប្រើរូបភាពដឹកឈើចូល បន្លំជាឈើស្របច្បាប់រួចដឹកទៅលក់ទៅវៀតណាម កើតមានជាង ៣ឆ្នាំមកហើយ។ អាស៊ីសេរីនៅមិនទាន់អាចទាក់ទង តំណាងក្រុមហ៊ុន ទ្រី ភាព និងក្រុមហ៊ុន តាំង អ៊ាង ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់បានទេ គិតត្រឹមម៉ោងផ្សាយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។