ពលរដ្ឋចំនួន ៤ភូមិ ស្រុកបាធាយ ខេត្តកំពង់ចាមបារម្ភជាថ្មីទៀត ខ្លាចក្រែងបាត់បង់បឹងថ្កាសទាំងមូល ដោយសារអ្នកមានអំណាច ដែលពួកគេមិនស្គាល់ឈ្មោះ បានយកគ្រឿងចក្រឈូសឆាយរំលោភយកធ្វើជាទ្រព្យឯកជនខុសច្បាប់។ អ្នកភូមិថា ការរំលោភយកដីបឹងនេះ ប៉ះពាល់ធ្ងន់ធ្ងរដល់កន្លែងនេសាទត្រី និង ប្រភពទឹកស្រោចស្រពស្រូវប្រាំង និងវស្សារបស់អ្នកស្រុករាប់ពាន់គ្រួសារ។
ពលរដ្ឋរាប់ពាន់គ្រួសាររស់នៅភូមិតាំងគោក ភូមិប្រាសាទ ភូមិជើងឆ្នុក និងភូមិត្បូងភ្នំ ក្នុងឃុំតាំងក្រាំង ស្រុកបាធាយ អំពាវនាវជាថ្មីទៀត ឱ្យអាជ្ញាធរខេត្តកំពង់ចាម និងក្រសួងធនធានទឹកទប់ស្កាត់គ្រឿងចក្រ ពីរគ្រឿង ដែលកំពុងឈូសឆាយរំលោភយកដីបឹងថ្កាសទាំងមូលជិត ១សប្តាហ៍មកហើយ។ អ្នកភូមិចាត់ទុក សកម្មភាពឈូសឆាយនោះថា រំលោភទ្រព្យសម្បត្តិរបស់រដ្ឋខុសច្បាប់ និងបំផ្លាញទីកន្លែងនេសាទត្រីរបស់អ្នកស្រុក។
តំណាងពលរដ្ឋ រស់នៅភូមិតាំងគោក ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព ឱ្យដឹងនៅថ្ងៃទី៣០ មិថុនាថា អ្នកភូមិមិនទាន់ស្គាល់ អត្តសញ្ញាណ អ្នកមានអំណាច ដែលយកគ្រឿងចក្រឈូសឆាយ រំលោភដីបឹងថ្កាសទាំងមូលនៅឡើយទេ។ លោកថា មកទល់ពេលនេះដីបឹងនេះ ត្រូវគេឈូសឆាយហ៊ុមព័ទ្ធរំលោភយកអស់ជាង ៣០ហិកតារទៅហើយ។ ចំណែកក្រុមពលរដ្ឋបានផ្តល់ដំណឹងនេះទៅអាជ្ញាធរមូលដ្ឋានដែរ នៅតែគ្មានដំណោះស្រាយ៖ «ចង់អស់ហើយ ឃើញឈូសបោសសំអាតចង់ជាង ៣០ហិកតារហើយ គ្រាន់តែឈូសឆាយ។ ព្រួយដែរចង់ឃើញ ចង់អស់សង្ឃឹមអ្នកស្រុកមួយៗ អាជ្ញាធរប្រគល់ឱ្យអ្នកស្រុកហើយ ទៅជាមានឈ្មួញអីទៀត »។
ពលរដ្ឋម្នាក់ទៀត រស់នៅភូមិត្បូងភ្នំ ថ្លែងមិនបញ្ចេញឈ្មោះ ឱ្យដឹងថា កន្លងទៅអាជ្ញាធរស្រុកបាននិរាករណ៍ ឯកសារកាន់កាប់ដី ក្នុងតំបន់បឹងនេះដែរ ហើយមន្ទីរធនធានទឹក បានកំណត់ព្រំដី មិនឱ្យបុគ្គលណារំលោភបំពានទេ ក៏ប៉ុន្តែឈ្មួញមានអំណាចនៅតែបំពានជាថ្មីទៀត។ លោកបន្ថែមថា ថ្វីត្បិតតែបឹងនេះ រីងរាក់ផ្នែកខ្លះ ក៏ប៉ុន្តែអ្នកភូមិ តែងតែធ្វើកសិកម្មប្រដេញទឹក និងមានពលរដ្ឋរាប់ពាន់គ្រួសារនេសាទត្រីនៅរដូវវស្សា៖ «ឥឡូវយកអាត្រាក់ ២ និង ៣ មកភ្ជួររាល់ថ្ងៃៗ មិនឃើញប្រជាជនមកអើតមើលសោះ ហើយណាមួយប្រជាជនរកត្រីសាច់រកលៀស អាស្រ័យផលគ្នាអត់បន្តិចបន្តួច។ ឆ្ងល់ដែរម្ដេចបានមានអាត្រាក់ទ័រ រុញត្រីដីបឹងខ្ទេចខ្ទីអត់មានគេមកហាមឃាត់សោះ។ ខ្សែគេធំ ខ្នងគេធំ យើងធ្វើអីក៏មិនចេញដែរ »។
កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ រដ្ឋបាលស្រុកបាធាយបានចេញលិខិតនិរាករណ៍ លិខិតផ្ទេរសិទ្ធិ និងកាន់កាប់ដីធ្លី នៅចំណុចបឹងថ្កាសអស់ជាច្រើនហិកតារ ហើយចាត់ទុកដីនៅតំបន់នោះថា ជាទ្រព្យសាធារណៈរបស់រដ្ឋ។
បឹងថ្កាសមានផ្ទៃដីប្រមាណ ៤០ហិកតារ ឋិតក្នុងភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយខេត្តកំពង់ចាម។ បឹងនេះអតីតជាឡូត៍នេសាទលេខ ១៦ ក៏ប៉ុន្តែនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានប្រកាសរំសាយឡូត៍នេសាទនេះ និងផ្ដល់លទ្ធភាពឲ្យពលរដ្ឋ នេសាទត្រីលក្ខណៈគ្រួសារ និងទាញទឹកធ្វើកសិកម្មជាដើម។
អាស៊ីសេរីបានព្យាយាមទាក់ទង អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ដើម្បីសុំការបំភ្លឺរឿងនេះតែទូរសព្ទ ហៅចូលច្រើនដងគ្មានអ្នកទទួល នៅថ្ងៃទី ៣០ មិថុនា។
ចំណែកអភិបាលស្រុកបាធាយ និងមេឃុំតាំងក្រាំង លោក កុយ ណយ ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
តែយ៉ាងណា មេឃុំតាំងក្រាំង លោក កុយ ណយ ធ្លាប់ប្រាប់អាស៊ីសេរីថា មន្ទីរធនធានទឹកបានយកគ្រឿងចក្រ កាយក្រវាត់បឹងនេះ ដើម្បីការពារមិនឲ្យមានការរំលោភដីបឹងនេះជាបន្តទៀត៖ «ធនធានទឹកគេធ្វើដំណោះស្រាយ ស្រុកផងខេត្តផង ពីខេត្តមកគេឈូសឆាយហ៊ុមព័ទ្ធ ដើម្បីទុកអាស្រ័យផល ប៉ុន្តែបឹងហ្នឹងវារាក់អស់ហើយ »។
កាលពីដើមខែឧសភាឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងធនធានទឹក លោក លឹម គានហោ បានចេញលិខិតស្នើឱ្យ អភិបាលខេត្ត/រាជធានី ក្រុង ចាត់វិធានការទប់ស្កាត់ការរំលោភ ចាកដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹងព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ ផ្ទុយពីច្បាប់។ ការស្នើនេះ ក្រោយពីក្រសួងពិនិត្យឃើញថា មានការរំលោភចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង បឹង ព្រែក អូរ ប្រឡាយ និងអាងទឹក ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។
អាស៊ីសេរីបានព្យាយាមទាក់ទង អ្នកនាំពាក្យក្រសួងធនធានទឹកលោក ចាន់ យុត្ថា ដើម្បីសុំការបកស្រាយបន្ថែមរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួលនៅថ្ងៃដដែលនេះ។
មន្ត្រីអង្កេតសមាគម អាដហុក ខេត្តកំពង់ចាម លោក ឡេង សេងហាន ចាត់ទុកការឈូសឆាយរំលោភដីបឹងថ្កាស ជាទង្វើល្មើសច្បាប់ ដែលទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ច ចុះស៊ើបអង្កេត និងអនុវត្តច្បាប់ដល់ជនល្មើសជាបន្ទាន់។ លោកថា ក្រសួងធនធានទឹក និងអាជ្ញាធរខេត្ត គួរមានវិធានការច្បាស់លាស់ ការពារបឹងនេះ សម្រាប់ប្រយោជន៍រួមរបស់ពលរដ្ឋក្នុងតំបន់៖ «ស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចឈប់ស្កាត់ ការឈូសឆាយហ្នឹង ហើយរក្សាទុកដីហ្នឹង សម្រាប់ផលប្រយោជន៍សហគមន៍ និងពលរដ្ឋ ដែលគាត់អាស្រ័យទទួលបានអនុផលពីបឹងហ្នឹង »។
ច្បាប់ភូមិបាលឆ្នាំ២០០១ មាត្រា ២៥៩ និងមាត្រា ២៦១ ចែងថា ការប៉ះពាល់កម្មសិទ្ធិ នៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥លានរៀល (៥.០០០.០០០) ដល់ ៥០លានរៀល (៥០.០០០.០០០) និងផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។