ជនជាតិដើមភាគតិចភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខែត្ររតនគិរី អះអាងថា ព្រៃសហគមន៍ជាង ៣០០ហិកតារថ្មីទៀត ត្រូវឈ្មួញឈូសឆាយព្រៃហ៊ុមព័ទ្ធយកដីលក់ធ្វើជាសម្បត្តិឯកជន។ សកម្មភាពឈូសឆាយនោះ បានរាលដាលដល់ទឹកអូរធម្មជាតិ និងព្រៃជំនឿ ដែលជាកន្លែងអ្នកភូមិឃ្វាលគោក្របី និងប្រមូលអនុផលព្រៃឈើកំពុងប្រឈមការបាត់បង់ទាំងស្រុង។
អ្នកភូមិកែងសាន់ បារម្ភជាថ្មីទៀតពីបទល្មើសព្រៃឈើ ដែលឋិតក្នុងដែនជម្រកសត្វព្រៃលំផាត់ កំពុងរងការបំផ្លាញច្រើនករណី ដូចជាការកាប់រានព្រៃយកដី ការទិញលក់ឈើមូលក្នុងព្រៃខុសច្បាប់ និងការលក់ដូរដីសមូហភាពសហគមន៍ជាដើម។ អ្នកភូមិថា ពលរដ្ឋចេញមុខរាយការណ៍ពីបទល្មើសព្រៃឈើ ដើម្បីឲ្យអាជ្ញាធរទប់ស្កាត់ ត្រូវបានអាជ្ញាធរចោទថា ជាក្រុមប្រឆាំងរដ្ឋាភិបាល ឬគណបក្សប្រឆាំង ហើយសហគមន៍ខ្លះបានរងការគំរាមកំហែង។
ជនជាតិដើមភាគតិចរស់នៅភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ លោក ខាំ នីន ឲ្យដឹងនៅថ្ងៃទី២៧ ខែកុម្ភៈ ថា អ្នកភូមិសម្ដែងការសោកស្ដាយយ៉ាងខ្លាំង នៅគ្រាដែលប្រទះឃើញឈើមូលធំៗ ត្រូវឈ្មួញបំផ្លាញ រួចដុតកម្ទេចចោលឲ្យក្លាយជាវាលរាប់រយហិកតារ ដើម្បីធ្វើចម្ការ និងបំបាត់ភស្តុតាង។ ចំណែកអាជ្ញាធរពាក់ព័ន្ធមិនត្រឹមតែមិនទប់ស្កាត់ទេ បែរជាធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋណាដែលឈឺឆ្អាលរឿងបទល្មើសព្រៃឈើ។ លោកថា បឹង និងអូរធម្មជាតិដែលជាប្រភពត្រីសាច់ និងជាកន្លែងអ្នកភូមិឃ្វាលគោក្របី ផ្តល់ប្រយោជន៍ច្រើនជំនាន់មកហើយ កំពុងឈានទៅរកការបាត់បង់ទាំងស្រុង បង្កការលំបាកដល់ការរស់នៅ និងបំណិនជីវិតរបស់ជនជាតិដើមភាគតិច៖ «ឆ្នាំទៅ ៥០០ហិកតារហើយ ដល់ឆ្នាំនេះ ៣០០ហិកតារទៀត។ ពីមុនក្រមែន តែមានកន្លែងចិញ្ចឹមគោក្របី តែឥឡូវបាត់បង់អស់ហើយ កន្លែងចិញ្ចឹមគោក្របី។ និយាយរួមអាជ្ញាធរលក់តែម្ដង»។
បុរសដដែលបន្ថែមថា គ្រឿងចក្រពីរគ្រឿងកំពុងឈូសឆាយព្រៃសហគមន៍ភូមិកែងសាន់ ឋិតក្នុងដែនជម្រកសត្វព្រៃលំផាត់ នៅចំណុចអូរបូក ទល់អូរម្ហេង អស់ជាង ៣០០ហិកតារថ្មីទៀត ខណៈដែលកាលពីឆ្នាំ២០១៧ ឈ្មួញបានឈូសឆាយអស់ជាង ៥០០ហិកតារ។ លោកអំពាវនាវជាថ្មីទៀតឲ្យក្រសួងបរិស្ថាន ចុះដកហូតដីដែលឈ្មួញឈូសឆាយនោះជាសម្បត្តិរដ្ឋវិញ និងដាក់ទណ្ឌកម្មច្បាប់ដល់អ្នកពាក់ព័ន្ធកាប់រានព្រៃខុសច្បាប់៖ «ពលរដ្ឋតវ៉ាប៉ុន្មានដងហើយ អាជ្ញាធរនៅព្រងើយកន្តើយមានតែឃើញគេចុះមកបង្ក្រាប និងគំរាម។ ពលរដ្ឋមិនហ៊ានតវ៉ាទេ បើតវ៉ាយកប៉ូលិស និងប៉េអឹមគំរាម និងស្ទាក់មិនឲ្យតវ៉ា»។
កាលពីខែធ្នូ ឆ្នាំ២០១៧ អ្នកភូមិកែងសាន់ ជាង ១០០គ្រួសារ បានផ្តិតមេដៃ ស្នើឲ្យអាជ្ញាធរខែត្រ និងមន្ទីរបរិស្ថាន ទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃលំផាត់ នៅគ្រាដែលសហគមន៍រកឃើញថា ដីព្រៃនៅតំបន់នោះ ត្រូវឈ្មួញកាប់ឆ្ការ និងឈូសឆាយក្លាយជាវាលអស់ជាង ៥០០ហិកតារ។
មេភូមិកែងសាន់ លោក ញ៉ង កួត ទទួលស្គាល់ថា បទល្មើសព្រៃឈើនៅតំបន់នោះពិតជាកើតមានដោយសារតែពលរដ្ឋមួយចំនួនបាននាំគ្នាលួចកាប់រានដីព្រៃធ្វើចម្ការចិញ្ចឹមជីវិត។ លោកចោទពលរដ្ឋដែលឈឺឆ្អាលរឿងបទល្មើសព្រៃថា ជាក្រុមបក្សប្រឆាំងរបបលោក ហ៊ុន សែន ព្រោះការឈូសឆាយព្រៃដើម្បីធ្វើចម្ការគឺជាទម្លាប់សម្រាប់អ្នកភូមិតំបន់នោះ។ លោកអះអាងថា តំបន់ព្រៃដែលត្រូវឈូសឆាយនោះ មិនឋិតក្នុងតំបន់ព្រៃអភិរក្សនោះទេ៖ «នៅកន្លែងនេះមានព្រៃអភិរក្ស គឺអត់មានទន្សោង ខ្ទីង មានតែព្រំដែនទេបានមានអភិរក្ស។ អភិរក្សឪវាអី! ពួកហ្នឹងមិនមែនបោះឆ្នោតឲ្យគណបក្សប្រជាជនណា មានតែប្រឆាំង»។
មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា តំណាងអ្នកភូមិកែងសាន់ បានដាក់បណ្ដឹងទៅស្ថាប័នអយ្យការសាលាដំបូងខែត្ររតនគិរី ពីបទអនុគ្រោះនាំឲ្យកើតមានបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយសំណុំរឿងនេះកំពុងឋិតក្នុងការស៊ើបអង្កេតរបស់តុលាការ។ លោកថា អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីបរិស្ថាន កំពុងឋិតក្នុងបណ្ដឹងបរិហាររបស់សហគមន៍ ព្រោះដែនជម្រកសត្វព្រៃនោះ ឋិតក្នុងដែនសមត្ថកិច្ចមន្ត្រីទាំងនោះ៖ «មិនមែនត្រឹមអាជ្ញាធរភូមិ និងឃុំ សូម្បីតែអាជ្ញាធរស្រុក និងមន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន ក៏ជាប់ពាក់ព័ន្ធ ប្រសិនបើគាត់មិនជាប់ពាក់ព័ន្ធទេ ម្ល៉េះជនល្មើសឈូសឆាយព្រៃអស់ ៥០០ហិកតារ ឆ្នាំនេះជាង ៣០០ហិកតារ មុខជានាំខ្លួនទៅតុលាការនឹងត្រូវផ្ដន្ទាទោសជាមិនខាន»។
លោក ប៉ែន ប៊ុណ្ណារ៍ រំពឹងថា តុលាការខែត្ររតនគិរី នឹងផ្ដល់យុត្តិធម៌ជូនជនជាតិដើមភាគតិច ដែលរងគ្រោះដោយការបាត់បង់ព្រៃឈើ ខណៈដែលសហគមន៍បានកំណត់មុខសញ្ញាឈ្មួញ និងអ្នកពាក់ព័ន្ធមួយចំនួនរួចហើយ។ លោកបន្ថែមថា ជនជាតិដើមភាគតិចដែលប្រតិកម្មរឿងបទល្មើសព្រៃឈើហាក់ខ្លាចរអាក្នុងការប្រើប្រាស់សិទ្ធិតាមច្បាប់ចេញមុខតវ៉ាស្វែងរកដំណោះស្រាយ ព្រោះបារម្ភខ្លាចអាជ្ញាធរចោទថា ជាក្រុមបក្សប្រឆាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។