តំណាងសហគមន៍សោកស្ដាយ កូនឈើជាង ៣ពាន់ដើម ដែលយុវជន និងសហគមន៍ទើបតែដាំបានជិត២ខែ ត្រូវបានកងរថក្រោះង៧០ ឈូសឆាយ។ មន្ត្រីអង្គការសង្គមស៊ីវិលថា រដ្ឋាភិបាលគួរតែធ្វើកំណែទម្រង់ប្រព័ន្ធតុលាការឲ្យមានភាពឯករាជ្យ ដើម្បីការពារដីធ្លីសហគមន៍ និងធនធានធម្មជាតិ ពីអ្នកមានលុយ និងមានអំណាច។
តំណាងសហគមន៍ព្រៃមេត្តាធម្មជាតិ ឬសហគមន៍ឧត្តមស្រែពស់ ក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លើកឡើងថា ចាប់តាំងពីថ្ងៃទី១៧ កញ្ញា មក សហគមន៍បានរារាំងកងរថក្រោះង៧០ ដែលគ្រឿងចក្រមួយគ្រឿង មានទាហានចំនួន២នាក់ និងកម្មករ៣នាក់ មិនឲ្យឈូសឆាយកូនឈើ ដែលទើបដាំបានជិត២ខែ ។ កងកម្លាំងទាំងនោះបានឈូសឆាយ កូនឈើប្រណិតៗ និងដើមឈើហូបផ្លែ ដោយជំនួសទៅដាំដើមចេក។
តំណាងសហគមន៍ព្រៃមេត្តាធម្មជាតិ លោក លាង ព័ន្ធ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣ កញ្ញាថា លោកសោកស្ដាយ កូនឈើ ដែលសហគមន៍ និងយុវជន បានដាំឡើងវិញបន្ទាប់ពីកងរថក្រោះឈូសឆាយកាលពីពេលកន្លងទៅ។ លោកបន្តថា នៅពេលសហគមន៍ចុះទៅរារាំងនោះ ទាហានម្នាក់ ដែលពុំស្គាល់អត្តសញ្ញាណ បានលើកឡើងថា ទាល់តែមានបញ្ជាពីអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ទើបគាត់បញ្ឈប់សកម្មភាពឈូសឆាយនេះ។

លោក លាង ព័ន្ធ៖ «មានទាហានម្នាក់ខ្ញុំអត់ស្គាល់ឈ្មោះទេបាទ។ គាត់មកនៅឈរកាងអ៊ីចឹង ។ គាត់ថា អ្នកណាក៏គាត់អត់ស្ដាប់ដែរ គាត់ស្ដាប់តែសម្ដេចមួយទេ បើសម្ដេចឲ្យឈប់ឈូស គាត់ឈប់ គាត់ថា អ៊ីចឹងហា គាត់និយាយជាមួយក្រុមយុវជនសម្ដេចអ៊ីចឹង ហើយក្រុមយុវជនរបស់សម្ដេច ពួកគាត់ថា មនុស្សដល់ពេលនិយាយភាសាមនុស្សស្ដាប់គ្នាអត់បានអ៊ីចឹងគាត់ពិបាកនឹងនិយាយជាមួយចាំមើលគាត់និយាយជាមួយសម្ដេចផ្ទាល់»។
លោក លាង ព័ន្ធ បន្ថែមថា ក្រោយពីកងរថក្រោះង៧០ ចុះមកឈូសឆាយនោះ លោកបានទាក់ទងទៅអាជ្ញាធរពាក់ព័ន្ធដែរ ក៏ប៉ុន្តែមិនមានដំណោះស្រាយអ្វីនោះទេ។ លោកស្នើដល់រដ្ឋាភិបាល កាត់ឆ្វៀលដីព្រៃខាងក្រោយវត្តមេត្តាធម្មជាតិជាង ២០ហិកតារ ចេញពីអនុក្រឹត្យនោះ រួមបញ្ចូលគ្នាជាមួយដី ដែលកងរថក្រោះង៧០ ឈូសឆាយលើសជាង៣០ហិកតារ ទុកជាដីព្រៃសហគមន៍ ដើម្បីឲ្យសហគមន៍បន្តការពារសត្វព្រៃ និងព្រៃឈើសម្រាប់មនុស្សជំនាន់ក្រោយ។
ព្រៃសហគមន៍ឧត្ដមស្រែពស់ ឬហៅថា ព្រៃមេត្តាធម្មជាតិ គឺជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយត្រូវបានចុះបញ្ជីទទួលស្គាល់ជាព្រៃអភិរក្សពីក្រសួងបរិស្ថាន កាលពីឆ្នាំ២០០២។ កាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅ រដ្ឋាភិបាលបានចេញអនុក្រឹត្យ ឆ្វៀលដីព្រៃសហគមន៍ឧត្ដមស្រែខ្ពស់មានទំហំជិត ៣រយហិកតារ (២៦២,២៤) ហិកតារ ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកជូនគ្រួសារយោធិន "ង-៧០” កងរថក្រោះ ៤១គ្រួសារ សម្រាប់សង់លំនៅឋាន និងបង្កបង្កើនផល។
ឆ្លើយតបចំពោះបញ្ហានេះ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៣ កញ្ញា ថា លោកពុំទទួលបានព័ត៌មាននៃការចុះទៅឈូសឆាយព្រៃសហគមន៍នេះទេ។ លោកបន្ថែមថា លោកនឹងចាត់មន្ត្រីជំនាញ ដើម្បីចុះទៅពិនិត្យអំពីរឿងនេះ។
លោក វី សំណាង៖ «ឲ្យគាត់ប្រញាប់ទាក់ទងមកអាជ្ញាធរបានយើងជួយគាត់បានលឿន ថ្ងៃ១៧ ដល់អ៊ីចឹងវារាងយឺតបន្តិច ប៉ុន្តែទោះយ៉ាងណាក៏យើងនៅតែចាំជួយគាត់ដែរ អត់អីទេ។ ឆ្ងល់ដែរវើយ អាពួកហ្នឹងវាយ៉ាងម៉េចវា ចាំមើល ចាំខ្ញុំឲ្យមន្ត្រីខ្ញុំទៅមើលបាទ»។
ទោះជាយ៉ាងណា អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត សង្កេតឃើញថា នៅពេលមន្ត្រីយោធា ដែលមានអាវុធក្នុងដៃ ចុះទៅបញ្ជាឲ្យមានការឈូសឆាយដីធ្លីសហគមន៍ណាមួយនោះ អាជ្ញាធរថ្នាក់ក្រោមជាតិរួមមានភូមិ ឃុំ និងស្រុកជាដើម ពិបាកនឹងដោះស្រាយបញ្ហា។ លោកបន្តថា ករណីទាំងនេះ អាចដោះស្រាយបានលុះត្រាមានអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិ និងស្ថាប័នតុលាការ ដែលត្រូវតែអនុវត្តតួនាទីរបស់ខ្លួនដោយតម្លាភាព។
លោក វណ្ណ សុផាត៖ «បញ្ហាហ្នឹងវាជាការយកចិត្តទុកដាក់បាទ ជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់ ដើម្បីកែប្រព័ន្ធអនុវត្តច្បាប់ហ្នឹងឲ្យមានប្រសិទ្ធភាព ហើយជាពិសេសគឺប្រព័ន្ធតុលាការហ្នឹងកុំអនុវត្តតែទៅលើប្រជាពលរដ្ឋស្លូតត្រង់ ហើយជាអ្នករងគ្រោះ»។
ព្រៃសហគមន៍ឧត្តមស្រែពស់ ឬព្រៃមេត្តាធម្មជាតិ មានផ្ទៃដី ជិត៩រយហិកតារ (៨៨៧) ដែលធ្លាប់មានសត្វព្រៃកម្រជាច្រើនប្រភេទរស់នៅ រួមមាន ទោច ស្វា ក្ងោក មាន់ព្រៃ ឈ្លូស និង ស្វាជាដើម ត្រូវបានក្រុមអ្នកមានអំណាច មន្ត្រីយោធា ពលរដ្ឋ និងឈ្មួញខិលខូចមួយចំនួន ឈូសឆាយទន្ទ្រានដីព្រៃសហគមន៍ ដែលធ្វើឲ្យបាត់បង់ព្រៃឈើ និងសត្វព្រៃស្ទើរតែទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។