មន្ត្រីឃ្លាំមើលផែនការអភិវឌ្ឍសង្គមប្រចាំខេត្តព្រះសីហនុ អះអាងថា ពួកគេមានជំនឿតិចតួចបំផុត ទៅលើប្រសិទ្ធភាព នៃការចុះអនុវត្តសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ដែលហាម មិនឲ្យមានការទន្ទ្រានដី ក្នុងព្រៃការពារធម្មជាតិ ឧទ្យានជាតិព្រះសីហនុ រាម ធ្វើជាកម្មសិទ្ធិឯកជនខុសច្បាប់។
មន្ត្រីសមាគម អាដហុក និងអង្គការ លីកាដូ ប្រចាំខេត្តព្រះសីហនុ ចាត់ទុកការចេញលិខិតរបស់ក្រសួងបរិស្ថាន ដែលហាមឃាត់សកម្មភាពឈូសឆាយកាប់ឆ្ការ ដុត ទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ យកធ្វើកម្មសិទ្ធិឯកជននៅក្នុងតំបន់ការពារធម្មជាតិនៅតាមខេត្តមួយចំនួនថាជារឿងអត់ ប្រយោជន៍។ ពួកគេលើកឡើងថា ដីព្រៃធម្មជាតិ នៅតាមឧទ្យានជាតិមួយចំនួន ត្រូវគេកាប់រានដីធ្វើកម្មសិទ្ធិស្ទើរលាយហិនហោចនាពេលកន្លងមក។
អ្នកស្រី ជាប សុធារី អ្នកសម្របសម្រួលសមាគម អាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ បានចាត់ទុកការចេញលិខិតរបស់ក្រសួងបរិស្ថានយឺតពេល ព្រោះព្រៃក្នុងទីតាំងពីរ គឺឧទ្យានជាតិព្រះសីហនុ រាម និងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ត្រូវបានគេកាប់រានធ្វើកម្មសិទ្ធិស្ទើរទាំងស្រុងអស់ទៅហើយដោយគ្មានអាជ្ញាធរណាមួយ ចេញមុខទប់ស្កាត់ ឬរឹបអូសយកមកដាក់ជាសម្បត្តិរដ្ឋវិញនោះទេ៖ «អាជ្ញាធរប្រសិនបើប្រជាពលរដ្ឋក្រីក្រ គាត់អត់មានដី ហើយបានចូលទីតាំងទន្ទ្រានកាប់ដីព្រៃរដ្ឋ យកមកចំការដាំដំណាំផ្សេងៗ និងសង់ផ្ទះជាដើមហ្នឹង យើងឃើញថា ត្រូវបានមន្ត្រីអនុវត្តច្បាប់ហ្នឹង គឺត្រូវបានប្តឹងពួកគាត់ដាក់ពន្ធនាគារ ប៉ុន្តែសម្រាប់មនុស្សមួយចំនួន ដែលសុទ្ធតែអះអាងថា ពួកគេមានប័ណ្ណកម្មសិទ្ធិ ប៉ុន្តែប័ណ្ណទាំងអស់នោះ គឺភាគច្រើនធ្វើនៅឆ្នាំ១៩៩៣ - ១៩៩៤ - ១៩៩៥ - ១៩៩៦ និងឆ្នាំ១៩៩៧ជាដើម ហើយប័ណ្ណទាំងអស់ហ្នឹង យើងមិនដឹងថា តើក្រោយពីមានប័ណ្ណរួចហើយ ពួកគាត់មានបានកាន់កាប់ដីអាស្រ័យផលនៅលើដីនោះពិតប្រាកដដែរ ឬអត់ ? ហើយមន្ត្រីដែលចេញប័ណ្ណកម្មសិទ្ធិដីធ្លីទាំងអស់ហ្នឹង តើគាត់មានបានចុះទៅពិនិត្យដល់ទីតាំងដីហ្នឹងដែរឬក៏អត់។ ដូចជា ករណីដីនៅក្នុងបរិវេណឧទ្យានជាតិព្រះសីហនុ រាម ដែលតំបន់នេះ ត្រូវបានប្រកាសថា ជាតំបន់ឧទ្យានជាតិ ដោយព្រះរាជក្រិត្យរបស់ព្រះមហាក្សត្រ។ ប៉ុន្តែដីនៅក្នុងតំបន់ឧទ្យានជាតិរាមមួយចំនួនធំ សុទ្ធតែជាប់ពាក់ព័ន្ធជាមួយអ្នកកាន់កាប់ ដែលបានបង្ហាញពីឯកសារផ្លូវច្បាប់ ដែលមានចុះហត្ថលេខា និងការទទួលស្គាល់ដោយអាជ្ញាធរ និងដោយមន្ត្រីជំនាញ » ។
ក្រសួងបរិស្ថាន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ បានចេញសេចក្តីជូនដំណឹងថា សកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិខុសច្បាប់ទាំងនោះមាននៅ តំបន់ការពារធនធានធម្មជាតិជាំ តំបន់ឧទ្យានជាតិព្រះសីហនុ រាម ឧទ្យានជាតិព្រះមុនីវង្ស បូកគោ ឧទ្យាជាតិព្រះសុរាម្រិត-កុសមៈ គីរីរម្យ តំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ដែនជម្រកសត្វព្រៃលំផាត់ និងដែនជម្រកសត្វព្រៃស្រែពកជាដើម។
បញ្ហានេះ លោក ស្រេង វ៉ាន់លី អ្នកសម្របសម្រួលអង្គការ លីកាដូ (Licadho) ប្រចាំខេត្តព្រះសីហនុ មើលឃើញថា សម្មភាពល្មើសច្បាប់នេះ គឺអាចមានការឃុបឃិតជាប្រព័ន្ធតែម្តង។ លោកបន្តថា ការចេញលិខិតមួយសន្លឹក របស់ក្រសួងបរិស្ថាន អំពាវនាវដល់មន្ត្រីជំនាញពាក់ព័ន្ធឲ្យទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីក្នុងព្រៃការពារ និងឧទ្យានជាតិថា ជារឿងគួរឲ្យអស់សំណើច និងធ្វើឲ្យតែល្អមើល ព្រោះនរណាក៏ដឹងដែរថា ការចុះអនុវត្តច្បាប់ ដើម្បីការពារព្រៃឈើ គឺពុំមានប្រសិទ្ធភាពទេ៖ «តំបន់មួយចំនួន គឺត្រូវបានហាមឃាត់រួចហើយ ប៉ុន្តែអាជ្ញាធរ ដែលជាអ្នកគ្រប់គ្រងហ្នឹង គាត់មិនបានយកចិត្តទុកដាក់ទៅលើការទប់ស្កាត់ ឲ្យមានប្រសិទ្ធភាពទេ។ អ៊ីចឹងធ្វើឲ្យអ្នកមានលុយ មានអំណាចហ្នឹង គាត់អាចកាប់ទន្ទ្រាន រុករានឈូសឆាយតាមតែអំពើចិត្ត ហើយយើងឃើញថា ពាក់ព័ន្ធនឹងការឈូសឆាយដីតំបន់ហាមឃាត់ហ្នឹង គឺឈូសឆាយរាប់រយហិកតាររួចហើយ ទើបតែមានការចេញលិខិតឲ្យទប់ស្កាត់។ អ៊ីចឹងថា តើអាជ្ញាធរ ដែលនៅមូលដ្ឋានហ្នឹងមិនដឹងអំពីបទល្មើសឈូសឆាយដីព្រៃរបស់រដ្ឋ ឬមួយក៏ដឹងហើយ ប៉ុន្តែមិនមានការទប់ស្កាត់ » ។
លើសពីនេះ លោក ស្រេង វ៉ាន់លី សង្កេតឃើញថាមានមន្ត្រីមានអំណាចទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត ទាំងមន្ត្រីស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់អាវុធមួយចំនួន គឺពួកគេបាននៅពីក្រោយបទល្មើសចូលទៅទន្ទ្រានកាន់កាប់ដីព្រៃការពារធម្មជាតិរបស់រដ្ឋធ្វើកម្មសិទ្ធិ៖ «ស្នើដល់ក្រសួងពាក់ព័ន្ធមេត្តាជួយចាត់មន្ត្រីចុះអង្កេតដល់ទីតាំងបរិវេណដីព្រៃរដ្ឋ ដែលមានសកម្មភាពកាប់ឆ្ការហ្នឹង ដើម្បីរកប្រភពឲ្យបានច្បាស់លាស់ ថាតើសកម្មភាពកាប់ទន្ទ្រានទាំងអស់ហ្នឹង កើតឡើងដោយសារតែមូលហេតុអ្វីឲ្យពិតប្រាកដ ដែលអាចឈានដល់កាប់រានដីព្រៃរដ្ឋរាប់សិបហិចតា។ អ៊ីចឹងយើងអាចរកឃើញមូលហេតុរួចហើយៗ អាចឈានទៅមានវិធានការផ្លូវច្បាប់ទៅលើបុគ្គល ឬក៏ភាគីមន្ត្រីរូបណា ដែលមានការជាប់ពាក់ព័ន្ធ ទៅលើសកម្មភាពបំផ្លាញដីព្រៃធ្វើកម្មសិទ្ធិខុសច្បាប់ ដែលបើកដៃឲ្យជនខិលខូចអ្នកមានលុយ មានអំណាចមួយចំនួនអាចធ្វើសកម្មភាពតាមអំពើចិត្តហ្នឹង អាចយកទៅអនុវត្តច្បាប់ចំពោះគាត់ ដើម្បីឲ្យរាងចាលដល់អ្នកក្រោយៗ ទៀត » ។
មន្ត្រីសង្គមស៊ីវិលខេត្តព្រះសីហនុ បានកត់សម្គាល់ថា ចំពោះពលរដ្ឋសាមញ្ញ ដែលហ៊ានចូលទៅកាប់រានដីព្រៃឈើរដ្ឋ ដើម្បីធ្វើស្រែចម្ការ ឬសង់លំនៅឋានបន្តិចបន្តួចវិញ គឺត្រូវបានមន្ត្រីជំនាញបរិស្ថាន កម្លាំងយោធា និងកម្លាំងកងរាជអាវុធហត្ថជាដើម នៃរដ្ឋបាលខេត្តព្រះសីហនុ ចាប់ដាក់ខ្នោះ បញ្ជូនទៅតុលាការសាលាដំបូងខេត្តព្រះសីហនុ ចោទប្រកាន់ និងផ្តន្ទាទោសដាក់គុកច្រវ៉ាក់ជាច្រើននាក់ និងមួយចំនួននៅមិនទាន់ដោះលែងឲ្យមានសេរីភាពវិញទេ រហូតមកដល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។