ពលរដ្ឋ​ស្នើ​លោក ហ៊ុន សែន សង្គ្រោះ​ឧទ្យាន​ជាតិ​គិរីរម្យ​ដែល​ដើម​ស្រល់​ធំៗ​កំពុង​រង​ការ​កាប់

ប្រជា​សហគមន៍​រស់នៅ​ខេត្តកំពង់ស្ពឺ​អះអាង​ថា សកម្មភាព​កាប់​ផ្តួល​ដើម​ស្រស់​ធំៗ នៅតែ​បន្ត​កើតមាន​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ឋិត​ក្នុង​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ ដែល​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន បង្ក​ផល​ប៉ះពាល់​វិស័យ​ទេសចរ និង​ប្រាក់​ចំណូល​សហគមន៍។

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន អន្តរាគមន៍​សង្គ្រោះ​ឧទ្យាន​ជាតិ​នេះ​ដូច​កាលដែល​លោក​អន្តរាគមន៍​រក​យុត្តិធម៌ ឱ្យ​ម្ចាស់​ក្ងោក ២០​ក្បាល​ដែរ។

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ព្រួយបារម្ភ​ពី អនាគត​ដើម​ស្រល់​ធំៗ ដែល​ដុះ​តម្រៀប​គ្នា​ជា​ជួរ​ដ៏​ស្រស់​ស្អាត ឋិត​ក្នុង​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ ខេត្ត​កំពង់ស្ពឺ កំពុង​ប្រឈម​ការ​បាត់បង់​ទាំងស្រុង​។

ពួកគាត់​ស្នើ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​ចាប់អារម្មណ៍​ពី​វិនាសកម្ម​ធនធាន​ធម្មជាតិ​ដ៏​ធំធេង​នេះ ដើម្បី​អភិរក្ស​វិស័យ​ទេសចរណ៍​ប្រវត្តិសាស្ត្រ នៅ​តំបន់​នោះ។

អ្នក​លក់ដូរ​នៅ​លើ​ខ្នងភ្នំ​គិរី​រម្យ លោក ថាយ ផុន ឱ្យ​ដឹង​នៅ​ថ្ងៃទី៩ មីនា ថា ស្ទើរ​ជា​រៀងរាល់ថ្ងៃ កម្មករ​ជាច្រើន​ក្រុម​បន្ត​លួច​កាប់​ដើម​ស្រល់ ដែល​មាន​មុខកាត់​ចន្លោះ ៣​តឹក ដល់ ៥ តឹក ប្រវែង ៣០ ម៉ែត្រ ដល់ ៥០​ម៉ែត្រ ស្ទើរ​គ្រប់​តំបន់ ក្នុង​ឧទ្យាន​ជាតិ​នេះ​។ ទន្ទឹម​នឹង​នេះ សកម្មភាព​កាប់​ផ្តួល​ដើម​ស្រស់​ធំៗ​នេះ កំពុង​បំផ្លាញ​ជម្រក​ទេសចរណ៍ ដែល​អ្នកទេសចរ​តែង​តែ​មក​ទស្សនា​ព្រៃ​ស្រល់។

លោក​បញ្ជាក់​ថា បទល្មើស​ព្រៃឈើ​ទាំងនេះ បន្ត​កើតមាន​ច្រើន នៅ​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយនេះ ធ្វើ​ឱ្យ​ដើម​ស្រល់​ធំៗ ដែល​មាន​អាយុកាល​ជាង ១០០​ឆ្នាំ​បាន​បាត់បង់​ជា​បន្តបន្ទាប់។

លោក ថាយ ផុន៖ «បើ​បាន​នាយករដ្ឋមន្ត្រី​យើង អភិរក្ស​ស្រល់​ឱ្យ​គង់វង្ស ខ្ញុំ​ថា​ល្អ​ហ្មង​។ ល្អ​វា​ណាមួយ​វិស័យ​ទេសចរ​ក៏​ខ្ពស់ ហើយ​ពលរដ្ឋ​ក៏​មាន​ប្រាក់ចំណូល​ប្រចាំខែ​។ អស់​ស្រល់​ភ្ញៀវ​ទេសចរ​ក៏​គេ​លែង​ចង់​មើល។ រាល់ថ្ងៃ​បាន​ដើម​ស្រល់ សល់​ទុក​ភ្ញៀវ​មើល»។

តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ មាន​ដើម​ស្រល់​ដុះ​ព័ទ្ធ​ជុំវិញ ស្ទើរ​គ្រប់​កន្លែង និង​អម​សងខាង​ផ្លូវ​ដ៏​ស្រស់​ត្រកាល ដែល​ភ្ញៀវ​ទេសចរ​ចាត់ទុក​តំបន់​អភិរក្ស​នេះ ជា​អត្តសញ្ញាណ​ធម្មជាតិ បន្សល់​ជាច្រើន​ជំនាន់​មក​ហើយ។

អ្នកភូមិ​ខ្លះ​ស្រក់​ទឹកភ្នែក សោកស្តាយ មរកត​ដូនតា​ទាំងនេះ ក្រោយ​ពី​ព្រៃ​ស្រល់​បន្ត​បាត់បង់​ជា​រៀងរាល់​ថ្ងៃ ហើយ​មាន​ផ្នែក​ខ្លះ​ទៀត ជំនួស​មកវិញ នូវ​ដំណាំ​ស្វាយ ដើម​ដួង និង​ដំណាំ​ផ្សេងៗ​ទៀត គ្រប់គ្រង​ជា​សម្បត្តិ​ឯកជន។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​នាយក​ឧទ្យាន​ជាតិ​គិរីរម្យ លោក ខន សុខុន បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី៩ មីនា ។ ចំណែក​អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ក៏​វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច សុំ​ការ​បំភ្លឺ​បាន​ដែរ ដោយ​ទូរស័ព្ទ​ហៅ​ចូល គ្មាន​អ្នក​លើក។

កន្លងទៅ អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ ព្រមាន​ថា អាជ្ញាធរ​ខេត្ត​នឹង​ចាត់វិធានការ​ច្បាប់ ដល់​អ្នក​ពាក់ព័ន្ធ ដែល​កាប់​បំផ្លាញ​ព្រៃស្រល់ និង​ទន្ទ្រានព្រៃ​រាន​យក​ដី ធ្វើជា​កម្មសិទ្ធិ។ អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ធ្លាប់​លើកឡើង​ថា អាជ្ញាធរ​មិន​គាំទ្រ​ដាច់ខាត រាល់​សកម្មភាព​កាប់​ដើម​ស្រល់ និង ការ​កាប់​ព្រៃ​រាន​យក​ដី នៅ​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ។

ប្រជា​សហគមន៍​ខេត្ត​កំពង់ស្ពឺ លោក ថាយ ផុន បន្ថែម​ថា ភ្ញៀវ​ទេសចរណ៍​ភាគច្រើន ចង់​ទស្សនា​ព្រៃឈើ ស្តាប់​សំឡេង​បក្សាបក្សី និង​បោះតង់​ស្នាក់នៅ​ក្នុង​ព្រៃ​ស្រល់​ពេល​រាត្រី ហេតុនេះ​ពួក​លោក ទទូច​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​មាន​ឆន្ទៈ​ថែទាំ​ព្រៃ​នេះ​ឱ្យ​ច្បាស់លាស់។

លោក​ថា សកម្មភាព​កាប់​ដើម​ស្រស់ អារច្រៀក​ជា​គ្រឿងផ្ទះ អាច​ធ្វើ​ទៅ​បាន ដោយមាន​ការ​បើក​ដៃ​ពី​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន ដែល​ឈរជើង​ការពារ​ព្រៃ​នៅ​តំបន់​នោះ។

លោក ថាយ ផុន៖ «អាជ្ញាធរ​គេ​ឃុបឃិត​គ្នា គេ​នៅតែ​បើកដៃ​ឱ្យ​ដឹកឈើ​ចេញ​បាន​អ៊ីចឹង​បង​អើយ។ ឈើ​ចេញ​ទាំងឡាយៗ ខ្ញុំ​មិន​អាច​និយាយ​បាន បារម្ភ​ពី​សុវត្ថិភាព​យើង​ថា យើង​រាយការណ៍​ចេះ​ចុះ។ បើ​តាម​ខ្ញុំ​ដឹង ឈើ​ចេញ​ទាំង​កុង​ទ័រនឺ»។

កាលពី​ឆ្នាំ​១៩៩៣ ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គ​បាន​កំណត់​តំបន់​គិរីរម្យ​ដែល​មាន​ផ្ទៃដី​ជាង ៣​ម៉ឺន ៥​ពាន់​ហិកតារ​(៣៥០០០) ជា​តំបន់​ឧទ្យាន​ជាតិ ដើម្បី​ថែរក្សា​ធនធាន​ធម្មជាតិ និង​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ ដោយ​មិន​ឲ្យ​ខូចខាត​ដល់​បរិស្ថាន​ឡើយ។

ភ្នំ​គិរីរម្យ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ នេះ ត្រូវ​បាន​សម្ពោធ​ដាក់​ទៅជា​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត កុសមៈ កាលពី​ខែ​មិថុនា ឆ្នាំ​១៩៩៥ ដើម្បី​រក្សា​ទុកជា​តំបន់​អភិរក្ស។

ជុំវិញ​រឿង​នេះ មន្ត្រី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា ពលរដ្ឋ​ត្រូវ​ក្លាហាន​ដាក់​បណ្តឹង​បរិហារ​ទៅ​តុលាការ បើ​រក​ឃើញ​ថា មន្ត្រី​នគរបាល​យុត្តិធម៌​បណ្តែតបណ្តោយ ឱ្យ​មាន​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

លោក​យល់​ថា ប្រមុខ​រដ្ឋាភិបាល គួរតែ​ចាប់អារម្មណ៍​ដោះស្រាយ​រឿង​នេះ​បើ​ពុំ​ដូច្នេះ​ទេ ព្រៃ​ស្រល់​នឹង​រលាយ​ហិនហោច​អស់ ហើយ​ក្រសួង​បរិស្ថាន​នៅតែ​មាន​លេស​ឆ្លើយ​ដោះសា គេច​ពី​ការ​ទទួលខុសត្រូវ។

លោក ប៉ែន ប៊ុណ្ណារ៍៖ «នៅ​ពេល​ដែល​ពលរដ្ឋ​ផ្តល់​អំណាច​ឱ្យ​គាត់ គឺ​រដ្ឋមន្ត្រី​ទាំងអស់​ហ្នឹង មិនមែន​តែ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម​ទេ រដ្ឋមន្ត្រី​ទាំងអស់ ដែល​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា នៅពេល​បាន​ទទួល​ព័ត៌មាន ខ្លួន​ក៏​មាន​កាតព្វកិច្ច​ដាក់​បណ្ដឹង​បរិហារ​ដែរ ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ មាត្រា ៥២៨»។

កាលពី​ឆ្នាំ​២០១៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាត់​ឆ្វៀល​ទីតាំង​ឧទ្យាន​ជាតិ​នេះ​មួយផ្នែក​ធំ ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន​យ៉ាងហោចណាស់​ចំនួន​២ វិនិយោគ​រយៈពេល​យូរ​ឆ្នាំ ដែល​ពុះ​ច្រៀក​ជា​កង់ៗ។

ក្នុង​នោះ​មាន​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា សុខ គង់ ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន និង​ក្រុមហ៊ុន អេធូអេ (Asia To Asia) របស់​ជប៉ុន​។ អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ពន្យល់​ថា រដ្ឋ​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ទាំងនេះ ដើម្បី​ទាញ​ប្រយោជន៍​ពី​ទេសភាព បម្រើ​វិស័យ​ទេសចរ ពុំ​មែន​កាប់​បំផ្លាញ​ព្រៃឈើ​នោះ​ទេ។

លើស​ពី​នេះ កាលពី​ខែ​មិថុនា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​កាត់​ឆ្វៀល​ដី​ទំហំ​ជាង​២​រយ​ហិកតារ (២២១.៩៤) ចេញ​ពី​ឧទ្យានជាតិ​ព្រះសុរាម្រិត ឬ​ហៅថា ឧទ្យាន​ជាតិ​គិរីរម្យ ស្ថិតនៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដើម្បី​ប្រគល់​ដី​នោះ​ឱ្យទៅ​ក្រុមហ៊ុន វ៉នម៉រ លីមីត​ធីត (ONE MORE Ltd.)។

ម្ចាស់​ក្រុមហ៊ុន​នេះ គឺ​អ្នកស្រី ជឹង សុគន្ធាវី ដែល​ជា​ប្រពន្ធ​របស់​លោក ឡាវ វ៉ាន់ ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី (Australia) និង​ត្រូវ​ជា​កូនស្រី​បង្កើត​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ។ យាយ​ភូ និង​ក្រុម​គ្រួសារ គឺជា​ដៃគូ​ជំនួញ​ស្និទ្ធ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្រៅពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ ក្រុម​យុវជន​ដែល​ស្រលាញ់​បរិស្ថាន និង​សង្គម​ស៊ីវិល ក៏​តែង​ព្រួយ​បារម្ភ​ពី​វាសនា​ឧទ្យាន​ជាតិ​គិរី​រម្យ​ដែរ។

ឧទ្យាន​ជាតិ​គិរីរម្យ គឺជា​តំបន់​ខ្ពង់រាប​ប្រជុំភ្នំ​តូច​ធំ​ជាច្រើន​គ្របដណ្ដប់​ដោយ​ដើម​ស្រល់ និង​ព្រៃ​ធម្មជាតិ​ជាច្រើន​ប្រភេទ ដុះ​រាល​តាម​ជើងភ្នំ​ស្រស់​ស្អាត និង​មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​រស់នៅ។ តំបន់​នោះ មាន​ជ្រោះ និង​អូរ​ធម្មជាតិ​ទឹកធ្លាក់ តាម​ចន្លោះ​ភ្នំ​នីមួយៗ ផ្តល់​អំណោយផល​ល្អ​ប្រសើរ​លើ​វិស័យ​ទេសចរ​ធម្មជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។