មន្ត្រីសង្គមស៊ីវិល ព្រួយបារម្ភថា នឹងមានជម្លោះដីធ្លីកើនឡើងនៅពេលដែលរដ្ឋាភិបាលពង្រីកផ្ទៃដីព្រៃនៅតាមតំបន់ការពារធម្មជាតិ។ ការលើកឡើងនេះ បន្ទាប់ពីរដ្ឋាភិបាលប្រកាសពង្រីកផ្ទៃដីតំបន់ការពារចំនួន៨ទីតាំងផ្សេងគ្នា ខណៈកន្លងទៅរដ្ឋតែងតែកាត់ដីព្រៃឲ្យទៅឱ្យក្រុមហ៊ុនឯកជនគ្រប់គ្រង។
មន្ត្រីសង្គមស៊ីវិល និងអ្នកការពារបរិស្ថាន លើកឡើងស្រដៀងគ្នាថា នៅពេលដែលរដ្ឋាភិបាលពង្រីកផ្ទៃដីព្រៃនៅតំបន់ការពារ ប្រាកដជាមានជម្លោះដីធ្លីកើនឡើង ប្រសិនបើរដ្ឋាភិបាលមិនបានកាត់ឆ្វៀលដីអាស្រ័យផល របស់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ព្រៃការពារទាំងអស់នោះ។ ខណៈរដ្ឋបន្តកាត់ដីគម្របព្រៃឈើតំបន់ការពារឲ្យទៅក្រុមហ៊ុនឯកជនគ្រប់គ្រងក្នុងរូបភាពផ្ដល់ដីសម្បទានសេដ្ឋកិច្ច។ ក្រៅពីនោះ ពួកគេថា ព្រៃឈើនៅក្នុងតំបន់ការពារសព្វថ្ងៃរងការកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិឥតឈប់ឈរ។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២០ ខែវិច្ឆិកាថា រដ្ឋាភិបាលត្រូវគិតគូរ ចេញប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ព្រៃការពារទាំងអស់នោះជាមុនសិន មុនពង្រីកផ្ទៃដីនៅតាមតំបន់ការពារ ដើម្បីជៀសវាងមានបញ្ហាជម្លោះដីធ្លីកើនឡើង និងការបណ្ដេញចេញទាំងបង្ខំ។ លោកបន្ថែមថា ប្រសិនបើរដ្ឋមិនកាត់ឆ្វៀលដីអាស្រ័យផលទុកឲ្យពលរដ្ឋនោះទេ ជម្លោះដីធ្លីនឹងកើតឡើងជាក់ជាមិនខាន ។ លោកព្រួយបារម្ភខ្លាច រដ្ឋាភិបាលនឹងទុកដីទាំងអស់នោះ ដើម្បីធ្វើអនុប្រយោគផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនឯកជនគ្រប់គ្រង ធ្វើឲ្យមានភាពអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះ ។
លោក វណ្ណ សុផាត៖«ការពង្រីកដែនជម្រកសត្វព្រៃក៏ដូចជាតំបន់ការពារគឺយើងមានការព្រួយបារម្ភណាស់ថាច្បាស់ជានឹងប៉ះពាល់ដល់ប្រជាពលរដ្ឋដែលគាត់នៅអាស្រ័យផលលើដីស្រែចម្ការនៅតំបន់ព្រៃហ្នឹងហើយ ជាពិសេសគឺជនជាតិដើមភាគតិចតែម្ដង យើងមានការព្រួយបារម្ភថានៅពេលណាដែលរដ្ឋចង់ធ្វើអនុបយោគដីទាំងនោះឱ្យទៅជាដីឯកជនរបស់រដ្ឋ ហើយនឹងផ្ដល់ជាអាជ្ញាប័ណ្ណផ្ទល់ជាសម្បទានដីសេដ្ឋកិច្ចសម្បទានដីផ្សេងៗទៅឱ្យក្រុមហ៊ុនឬអ្នកមានអំណាចណាមួយនោះគឺវាងាយស្រួលបំផុត»។
ការលើកឡើងនេះ បន្ទាប់ពីរដ្ឋាភិបាល បានប្រកាសពង្រីកផ្ទៃដីតំបន់ការពារចំនួន ៨ទីតាំងផ្សេងគ្នា ក្នុងនោះរួមមាន ដែនជម្រកសត្វព្រៃភ្នំណាមលៀ ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃសំបូរ ដែនជម្រកសត្វព្រៃតាតៃ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម និង ដែនជម្រកសត្វព្រៃព្រៃឡង់។ នេះបើតាមសៀវភៅរាជកិច្ច ដែលបានចេញផ្សាយកាលពីថ្ងៃទី៨ ខែវិច្ឆិកា។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន បានទេ នៅថ្ងៃទី២០ ខែវិច្ឆិកា ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល។
បើទោះបីជា រដ្ឋាភិបាលបានប្រកាសពីទំហំដីព្រៃកើនក៏ពិតមែន ថ្មីៗ នេះ បណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ បានរកឃើញការកាប់ទន្ទ្រានដីព្រៃយកដីធ្វើជាកម្មសិទ្ធិ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ប្រមាណជាង ៣០ហិកតារ ដោយមិនទាន់ឃើញមានអាជ្ញាធរស្វែងរកជន ដែលប្រព្រឹត្តទាំងនោះ យកមកផ្ដន្ទាទោសនៅឡើយទេ។
រីឯអ្នកការពារបរិស្ថាន និងសិទ្ធិមនុស្ស លោក ម៉ា ចិត្រា ព្រួយបារម្ភថា ការពង្រីកផ្ទៃដីនៅតំបន់ការពារនេះ វាគ្រាន់តែជាការវាទទីទុកដីសម្រាប់ផ្ដល់ជាសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុនឯកជន។ លោកបន្ថែមថា រដ្ឋាភិបាលគួរសិក្សាពីផលប៉ះពាល់ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋមុនសិន ជៀសវាងធ្វើឲ្យប៉ះពាល់ដល់ដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ ព្រមទាំងមានវិវាទដីធ្លីថែមទៀត។
លោក ម៉ា ចិត្រា៖«មានការព្រួយបារម្ភមួយបែបថាអាចរដ្ឋាភិបាលពង្រីកផ្ទៃដីនេះគ្រាន់តែដើម្បីគេហៅថារក្សាទុកដីនឹងសិន ដើម្បីទុកវិនិយោគ ឬក៏ទុកសម្បទានឲ្យក្រុមហ៊ុនធំៗនៅថ្ងៃខាងមុខវាអាចថាមិនមែនជាចេតនាក្នុងការការពារធនធានធម្មជាតិ»។
មន្ត្រីសង្គមស៊ីវិល និងអ្នកការពារបរិស្ថានចង់ឃើញមន្ត្រីរដ្ឋាភិបាល ខិតខំប្រឹងប្រែងការពារព្រៃឈើ ដែលកំពុងមានបច្ចុប្បន្នឲ្យនៅគង់វង្ស និងត្រូវស្វែងរកអ្នកដែលបំផ្លាញព្រៃឈើពិតប្រាកដយកមកអនុវត្តច្បាប់។
កាលពីឆ្នាំ២០២១ អង្គការគំនិតផ្ដួចផ្ដើមសាកលប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន (Global Initiative Against Transnational Organized Crime) បានរកឃើញថា កម្ពុជាបានបាត់បង់គម្របព្រៃឈើជាងកន្លះលាន (៥៥៧.០០០) ហិកតារ ស្មើនឹងប្រមាណជិត ១២ភាគរយ ១១,៧% នៃតំបន់ការពារធម្មជាតិរបស់កម្ពុជា ចន្លោះពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។