សកម្មជនបរិស្ថានអះអាងថា ខេត្តព្រះសីហនុកំពុងបាត់បង់សោភ័ណភាពរបស់ខ្លួនបន្តិចម្តងៗ ដោយសារតែការបំពុលបរិស្ថាន បង្កឡើងដោយបញ្ហាសំរាម និងការបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្រ។ សកម្មជនបរិស្ថានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយបញ្ហាទាំងនេះឱ្យមានប្រសិទ្ធភាព ដើម្បីរក្សាបាននូវសក្ដានុពលទេសចរណ៍នៅក្នុងខេត្តមួយនេះ។
សកម្មជនបរិស្ថាន លោក ថុន រដ្ឋា អះអាងថា ការគ្រប់គ្រងសំរាមមិនបានល្អ បានចោទជាបញ្ហានៅក្នុងខេត្តព្រះសីហនុ និងកំពុងធ្វើឱ្យប៉ះពាល់ដល់បរិស្ថានតំបន់ឆ្នេរយ៉ាងខ្លាំង។
វីដេអូរយៈពេលជាង ២ នាទី ដែលសកម្មជនរូបនេះបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៦ មករា បង្ហាញថា មានសំរាមជាច្រើនកន្លែងត្រូវបានគេគរទុកចោលដោយមិនមានការប្រមូល ឬរៀបចំទៅតាមលក្ខណៈបច្ចេកទេសនោះឡើយ។ លោកបន្តថា សំរាមទាំងនោះត្រូវគរទុកចោលអស់រយៈពេលជាច្រើនថ្ងៃ ទម្រាំមានគេមកប្រមូល ដែលជាហេតុធ្វើឱ្យមានក្លិនស្អុយអសោចភាយចេញមកក្រៅ៖ «នៅក្នុងសង្កាត់ ៤ ដែលយើងបានរាប់ មានគំនរសំរាមធំៗ ចំនួន ២៩ ត្រូវបានទុកចោលនៅរប៉ាត់រប៉ាយប្រមាណ ២ ទៅ ៣ថ្ងៃ ឬជាងមួយសប្ដាហ៍ឡើងទៅ ទម្រាំមានគេមកប្រមូលវាចេញទៅ។ ហើយប្រហែលជាបញ្ហាមួយនេះកើតឡើងស្របពេលដែលអាជ្ញាធរក្រុងព្រះសីហនុ ជាពិសេសឯកឧត្ដម យន្ត មីន រវល់តែនិយាយជាមួយវិនិយោគិនក្នុងវិស័យល្បែង និងមិនបានយកចិត្តទុកដាក់ទៅលើវិបត្តិសំរាមដ៏ធ្ងន់ធ្ងរមួយនេះ»។
សកម្មជនរូបនេះ កត់សម្គាល់ថា ការគ្រប់គ្រងសំរាមមិនបានត្រឹមត្រូវនេះ កើតឡើងក្រោយពេលមានការរីកដុះដាលខាងវិស័យសំណង់ និងហេដ្ឋារចនាសម្ពន្ធ ព្រមទាំងការកើនឡើងនៃជនជាតិចិនក្នុងខេត្តព្រះសីហនុ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឱ សារឿន បានទេនៅថ្ងៃទី២៧ មករា ដោយលោកមិនលើកទូរស័ព្ទ ចំណែកអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន្ត ក៏មិនអាចទាក់ទងបានដូចគ្នា។
កាលពីពេលកន្លងទៅ មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធខិតខំថែរក្សា និងការពារបរិស្ថានតំបន់ឆ្នេរ ជាពិសេសត្រូវដោះស្រាយបញ្ហាសំរាម និងការបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រឱ្យមានប្រសិទ្ធភាព៖ «សំរាម និងទឹកកខ្វក់កាន់តែច្រើនទៅៗ ធ្លាក់ចូលទៅក្នុងសមុទ្រ ដែលយើងត្រូវខិតខំរកមធ្យោបាយទាំងអស់ ដើម្បីធ្វើយ៉ាងណាធានាឱ្យសមុទ្ររបស់យើងនៅជាសមុទ្រដែលស្អាត ដែលយើងអាចចុះមុជទឹក ទេសចរចុះមុជទឹកនៅក្នុងសមុទ្ររបស់យើង ដោយគ្មានការភ័យខ្លាចអំពីភាពរមាស់ ឬជំងឺតម្កាត់ដែលវាឆ្លងទៅតាមទឹកនោះឯង»។
ទោះជាមានបទបញ្ជាពីបុរសខ្លាំងរូបនេះក្តី ក៏បញ្ហាសំរាម និងការបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រនេះ មិនទាន់ត្រូវបានដោះស្រាយឱ្យមានប្រសិទ្ធភាពនៅឡើយ ជាពិសេសនៅក្នុងខេត្តព្រះសីហនុ ដោយសារតែខ្វះការអនុវត្តជាក់ស្ដែង។
យុវជន ថុន រដ្ឋា ថ្លែងថា ការបំពុលបរិស្ថានបែបនេះជះឥទ្ធិពលខ្លាំងដល់វិស័យទេសចរ ហើយលោកកត់សម្គាល់ថា ភ្ញៀវទេសចរដែលទៅកម្សាន្តនៅខេត្តព្រះសីហនុមានការថយចុះខ្លាំងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លើកលែងតែជនជាតិចិនដែលមានកំណើនខ្លាំងនៅក្នុងខេត្តនេះ។ លោកសង្កត់ធ្ងន់ថា កាស៊ីណូជាច្រើនកន្លែងបានរីកដុះដាលពាសពេញខេត្តព្រះសីហនុ ដូច្នេះរបបក្រុងភ្នំពេញ និងរដ្ឋបាលខេត្តព្រះសីហនុគួរតែប្រើប្រាស់ចំណូលបានមកពីការប្រមូលពន្ធដារពីកាស៊ីណូទាំងនោះយកមកដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព។ លើសពីនេះ លោកក៏ស្នើឱ្យរបបក្រុងភ្នំពេញមានវិធានការលើមន្ត្រីពាក់ព័ន្ធថ្នាក់ខេត្ត ដែលបណ្ដែតបណ្ដោយមិនរកដំណោះស្រាយរឿងនេះផងដែរ៖ «រដ្ឋត្រូវតែបញ្ចេញថវិកាមួយចំនួន ជាពិសេសថវិកាដែលទទួលបានពីការបង់ពន្ធពីកាស៊ីណូហ្នឹង ដើម្បីឱ្យជួយរៀបចំរឿងសំរាមហ្នឹង ហើយនិងត្រូវអប់រំប្រជាពលរដ្ឋឱ្យគាត់យល់ពីការទុកដាក់សំរាម និងឱ្យមានធុងសំរាមនៅគ្រប់កន្លែង និងផាកពិន័យពួកគាត់ បើពួកគាត់មិនរាងចាលពីបញ្ហាសំរាមហ្នឹង»។
ក្រៅពីបញ្ហាសំរាម ខេត្តព្រះសីហនុដែលមានឆ្នេរសមុទ្រដ៏ទាក់ទាញនោះ ក៏មានបញ្ហាចោទរឿងការបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រផងដែរ។ សកម្មជនបរិស្ថានរកឃើញថា ក្នុងភូមិសាស្ត្រឆ្នេរអូរឈើទាល ទឹកកខ្វក់ជាច្រើនកន្លែង ត្រូវបានគេបង្ហូរចូលទៅក្នុងសមុទ្ទដោយផ្ទាល់ មិនមានឆ្លងកាត់ការចម្រោះឱ្យបានត្រឹមត្រូវឡើយ។ ទឹកកខ្វក់ទាំងនោះ មានផ្ទុកទៅដោយពពួកបាក់តេរី ប៉ារ៉ាស៊ីត និងមេរោគ ដែលសុទ្ធសឹងជាប្រភពនៃជំងឺឆ្លងជាច្រើនប្រភេទ ដែលអាចប៉ះពាល់ដល់សុខភាពអ្នកចុះមុជទឹកលេងកម្សាន្ត៕