ប្រជាសហគមន៍ព្រៃព្រះរការ និងព្រៃឡង់ស្នើឱ្យអាជ្ញាធរចុះបង្ក្រាបម៉ាស៊ីនកែច្នៃឈើ ដើម្បីទប់ស្កាត់បទល្មើសអារឈើដែលកំពុងកើតមានជាបន្តបន្ទាប់។ អ្នកឃ្លាំមើលបញ្ហាព្រៃឈើ ចោទថា ការបើកសិប្បកម្មកែច្នៃឈើខុសច្បាប់យ៉ាងអនាធិបតេយ្យនៅព្រៃអភិរក្ស នេះ ដោយសារតែអាជ្ញាធរជាអ្នកចាំជួយការពារ តាមរយៈការសូកប៉ាន់លុយជាមួយនឹងជនល្មើស។
ប្រជាសហគមន៍ និងសកម្មជនព្រៃឈើអះអាងថា សិប្បកម្មកែច្នៃឈើខុសច្បាប់នៅតំបន់ការពារព្រៃឈើបានរីកដុះដាលដោយបើកជំហរ និងលួចលាក់ ជាលក្ខណៈគ្រួសារ និងខ្នាតធំៗដើម្បីធ្វើជាគ្រឿងសង្ហារឹមសម្រាប់យកទៅលក់នៅរាជធានីភ្នំពេញ និងនាំទៅតាមបណ្ដាខេត្តផ្សេងៗ។ ពួកគាត់ថា ការមិនអើពើពីសំណាកអាជ្ញាធរពាក់ព័ន្ធបែបនេះ ព្រៃអភិរក្សនៅកម្ពុជានឹងត្រូវហិនហោច។
ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយម្នាក់ដែលរស់នៅភូមិប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ លោក ខាក់ ភារិទ្ធម៉ាស៊ី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៧ ខែមករាថា ឃុំមួយចំនួនដែលជាប់តំបន់ព្រៃព្រះរកា ចាប់ផ្ដើមធ្វើសិប្បកម្មកែច្នៃឈើ ធ្វើគ្រឿងសង្ហារិម តាមរយៈការទិញឈើខុសច្បាប់ពីជនល្មើស ជាបន្តបន្ទាប់ដោយគ្មានការបង្ក្រាបណាមួយពីសំណាកអាជ្ញាធរមូលដ្ឋាននោះទេ។
ពលរដ្ឋដែលតែងចុះល្បាតព្រៃព្រះរកាជាហូរហែរូបនេះ សង្កេតឃើញថា ឃុំដែលមានឈ្មួញបើករកស៊ីសិប្បកម្មកែច្នៃឈើច្រើន ដូចជាឃុំពោធិ៍ និងឃុំប្រមេរ ដែលមានទីតាំងជាប់នឹងតំបន់ព្រៃព្រះរកា។ លោកថា ដែនជម្រកសត្វព្រៃព្រះរកាកំពុងរង់ការកាប់ទន្ទ្រានពីជនល្មើសយ៉ាងអនាធិបតេយ្យ ដូច្នេះស្នើឱ្យអាជ្ញាធរគួរតែពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរឹងលើជនល្មើស និងអាជីវកម្មខុសច្បាប់។
លោក ខាក់ ភារិទ្ធម៉ាស៊ី៖ «បារម្ភខ្លាំងបើនៅតែមានការកែច្នៃនៃឈើខុសច្បាប់ ដើម្បីលក់ឱ្យឈ្មួញនៅក្រៅ ហើយណាមួយទៀតកាន់តែអន់ថយរិចរឹលទៅហើយ បើអាជ្ញាធរមិនចុះបង្ក្រាបនូវការកែឆ្នៃឈើនេះទេ ឈើយើងកាន់តែបាត់បង់ទៅៗទៀត។ អាជ្ញាធរភូមិឃុំ និងក្រសួងស្នើឱ្យរឹតបន្តឹងច្បាប់នៃការជួញដូរឈើខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃព្រះរកាទាំងអស់មិនថានៅក្នុងឃុំប្រមេរ មិនថាក្នុងពោធិ៍ ឱ្យពង្រឹងច្បាប់ឱ្យម៉ត់ចត់»។
ចំណែកពលរដ្ឋម្នាក់ទៀត រស់នៅភូមិប្រមេរ ដែលជាអ្នកស៊ីឈ្នួលកែច្នៃឈើឱ្យថៅកែនៅក្នុងភូមិរបស់ខ្លួន លោក រេន គ្រឿន លោកបញ្ជាក់ថា បច្ចុប្បន្ននេះសិប្បកម្មកែច្នៃឈើមានច្រើននៅក្នុងស្រុកត្បែងមានជ័យ ហើយលោកតែងតែទៅស៊ីឈ្នួលកែច្នៃឈើឱ្យគេគ្រប់ទីកន្លែង។ លោកបាននិយាយទាំងសម្ដីភ័យៗថា លោកមិនស្គាល់ឈ្មោះថៅកែដែលជួលលោកនោះទេ ហើយលោកក៏មិនដឹងថា ឈើដែលលោកកែច្នៃធ្វើគ្រឿងសង្ហារិមនោះ មានប្រភពមកពីណានោះដែរ។
លោក រេន គ្រឿន៖ «ច្បាប់មិនមានឱ្យបើអាជីវកម្មនោះទេ ប៉ុន្តែយើងឃើញស្ទើរតែគ្រប់កន្លែងវាមានកើតឡើងកែច្នៃ អាជីវកម្មកែច្នៃ។ អ៊ីចឹងបើកើតឡើងច្រើនធ្វើឱ្យប៉ះពាល់ដល់ការកាប់បំផ្លាញព្រៃឈើដែរ។ ទាក់ទងរឿនេះ គឺយើងឃើញកន្លែងមួយៗហេតុអីបានជានៅតែធ្វើបន្ត?ការបង្ក្រាបគឺបង្ក្រាបមែនប៉ុន្តែ មន្ត្រីមួយចំនួនទៅបង្ក្រាបពាក់ព័ន្ធលុយកាក់ទេ ត្រូវគ្នារ៉ូវគ្នាយកតែលុយចេញទៅបាត់»។
អ្នកឃ្លាំមើលបញ្ហាឈើនៅតំបន់ព្រៃព្រះរកា និងព្រៃឡង់សង្កេតឃើញថា សកម្មភាពអារឈើ និងជួញដូរឈើខុសច្បាប់កំពុងតែបើកចំហដោយគ្មានការបារម្ភក្នុងការបង្ក្រាបពីសំណាកអាជ្ញាធរពាក់ព័ន្ធនោះទេ ខណៈដែលបច្ចុប្បន្នអ្នកដែលគេស្គាល់ថា ជាអ្នកជួញដូរឈើ ឬជាអ្នកបើកសិប្បកម្មកែច្នៃឈើទាំងនោះ តែងតែឃើញមានវត្តមានអាជ្ញាធរ ចុះទៅយកលុយដើម្បីជាថ្នូរនឹងការលាក់បាំងកុំឱ្យមានការបង្ក្រាបពីសំណាកមន្ត្រីបរិស្ថាន។
អ្នកសម្របសម្រួលនៃបណ្ដាញព្រៃឡង់ ខេត្តកំពង់ធំ លោក ហឿន សុភាព អះអាងថា ក្នុងចំណោមខេត្តទាំង៤រួមមានខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង ដែលជាប់នឹងតំបន់ព្រៃឡង់ ស្ទើរតែទាំងអស់គឺមាន ម៉ាស៊ីនកែច្នៃឈើខុសច្បាប់ ដោយគ្មានការបង្ក្រាបមន្ត្រីបរិស្ថាននោះឡើយ។ លោកបារម្ភថា បើសិនជាអាជ្ញាធរនៅមិនអើពើបែបនេះទៀត ព្រៃអភិរក្សទាំងនោះនឹងក្លាយជាទីផ្សារជួញដូរឈើពីសំណាកអ្នកមានលុយមានអំណាច។
លោក ហឿន សុភាព ៖ «ស៊ីឈ្នួលគេអ៊ីចឹង បើឱ្យខ្ញុំលក់ជាធំ ខ្ញុំអត់លក់ទេ។ ខ្ញុំធ្វើការចល័តហ្នឹងបងអើយ!ជួលកាលនៅទីនេះ ធ្វើទីនោះ វាពាសវាលពាសកាលរកទៀងមិនកើតទេ។ បើថា គេមកឌុកហើយ ធ្វើការមួយ១ថ្ងៃអ៊ីចឹងទៅ បើស្អែកឡើងត្រូវសម្រាក សម្រាក១ថ្ងៃទៀតអ៊ីចឹងទៅ វាមិនសូវជាប់ឋិតថេរ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ លោក សុង ចន្ទសុជាតិ និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានទេ នៅថ្ងៃទី២៧ ខែមករា ដោយហៅទូរស័ព្ទចូលជាច្រើនដងតែគ្មានអ្នកទទួល។
ជុំវិញរឿងនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី លើកឡើងថា ករណីបើកសិប្បកម្មកែច្នៃឈើខុសច្បាប់នេះ លោកធ្លាប់បានប្រជុំប្រាប់ទៅអាជ្ញាធរដែនដីក្នុងមូលដ្ឋានដើម្បីធ្វើការចុះបង្ក្រាបម្ដងរួចមកហើយកាលពីចុងឆ្នាំ២០២១ ប៉ុន្តែលោកមិនដឹងថាតើអាជ្ញាធរបានបង្ក្រាបឬក៏អត់នោះទេ។ តែយ៉ាងណាលោក នឹងយកព័ត៌មាននេះដើម្បីស្រាវជ្រាវម្ដងទៀត។
លោក អេង ហ៊ី៖ «ពេលយើងប្រជុំគណៈកម្មការជាតិយើងបានណែនាំទៅអាជ្ញាធរដែនដីអស់ហើយ បើសិនជាករណីគាត់មិនទាន់ធ្វើ អត់អ៊ីទេ ខ្ញុំទទួលព័ត៌មានហ្នឹង ដើម្បីខ្ញុំរាយការណ៍ទៅបន្តដើម្បីឱ្យគាត់ចុះត្រួតពិនិត្យមើល។ អាហ្នឹងបើសិនជាខុសច្បាប់យើងបង្ក្រាបហើយ យើងនឹងធ្វើទៅតាមផ្លូវច្បាប់ ផ្លូវច្បាប់យើងមាន បើសិនជាអ្វីដែលយើងត្រូវអប់រំ អប់រំ បើសិនអ្វីដែលយើងត្រូវបង្ក្រាបអនុវត្តច្បាប់ គឺយើងអនុវត្តច្បាប់ជាក់ស្ដែងយើងទៅមើលសិន»។
ដោយឡែក សកម្មជនការពារព្រៃឈើ លោក សាន់ ម៉ាឡា មើលឃើញថា បញ្ហាបើកសិប្បកម្មកែច្នៃឈើខុសនៅតំបន់ព្រៃអភិរក្សនេះ ធ្វើឱ្យព្រៃឈើកាន់តែហិនហោច។ លោកបន្តថា ប្រសិនជាអាជ្ញាធរមិនចាត់វិធានការឱ្យបានតឹងរ៉ឹងក្នុងពេលឆាប់ៗលើឈ្មួញទាំងនោះទេ សបញ្ជាក់ឱ្យឃើញថាអាជ្ញាធរពាក់ព័ន្ធគ្មានទំនួលខុសត្រូវនឹងធនធម្មជាតិដែលបាត់បង់នៅពេលបច្ចុប្បន្ននេះទេ។
លោក សាន់ ម៉ាឡា៖ «អាជ្ញាធរគួរតែបិទ សិប្បកម្មទាំងនោះចោលជាបន្ទាន់មិនអាចបណ្ដែតបណ្ដោយឱ្យសិប្បកម្មទាំងអស់នោះទៅផលិតគ្រឿងសង្ហារិមដែលកើតចេញពីឈើមិនស្របច្បាប់នោះទេ ដោយសារវាបង្កមហន្តរាយធ្ងន់ធ្ងរដល់ព្រៃឈើនៅប្រទេសកម្ពុជារបស់យើង។ យើងឃើញសិប្បកម្មលក្ខណៈគ្រួសារតូចៗជាច្រើនដែលកំពុងកែច្នៃឈើ គឺធ្វើក្បែរទៅហ្នឹងផ្លូវច្រកចូលក្នុងផែនជម្រកសត្វព្រៃព្រះរកាផងដែរ»។
របាយការណ៍អង្កេតលើកទី២ របស់ក្រុមអ្នកស្រាវជ្រាវនៃសកលវិទ្យាល័យកូពែនហេហ្គែន (Copenhagen) នៃប្រទេសដាណឺម៉ាក (Denmark) ចេញផ្សាយកាលពីថ្មីៗ នេះ បង្ហាញថា កម្ពុជាបានបាត់បង់ព្រៃឈើជាង ១៤ម៉ឺនហិកតារ (១៤៤.០០០) កាលពីឆ្នាំ២០២០។ ក្នុងនោះ ការបាត់បង់គម្របព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃឡង់បានកើនឡើង ២២% ព្រៃព្រះរកាកើនឡើង ៤៣% និងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នចំនួន ៤៧%។ប្រជាពលរដ្ឋភាគច្រើនដែលអាស្រ័យផលលើអនុផលព្រៃឈើតាមរយៈការប្រមូលជ័រទឹក បេះផ្លែឈើ ប្រមូលទឹកឃ្មុំ ដើម្បីប្រកបរបរចិញ្ចឹមជីវិតជាប្រចាំថ្ងៃ សោកស្តាយពោះទង្វើមិនខ្វល់ខ្វាយរបស់មន្ត្រីបរិស្ថាន និងអាជ្ញាធរដែលបណ្ដែតបណ្ដោយឱ្យព្រៃឈើបន្តបាត់បង់កាន់តែច្រើន។ ប្រជាពលរដ្ឋ និងសកម្មជនទទូចស្នើឱ្យអាជ្ញាធរទាំងនោះគួរតែផ្លាស់ប្ដូរឥរិយាបថចោទប្រកាន់លើប្រជាសហគមន៍ ងាកមកចូលរួមការពារធនធានធម្មជាតិឱ្យបានគង់វង្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។