ប្រជា​សហគមន៍​ព្រៃឡង់​ខេត្ត​ក្រចេះ​ស្នើ​ឱ្យ​អាជ្ញាធរ​បង្រ្កាប​អាជីវ​កម្ម​ឡ​ធ្យូង​ ដើម្បី​ទប់​ស្កាត​បទ​ល្មើស​អារ​ឈើ​

ប្រជា​សហគមន៍​បណ្ដាញ​ព្រៃ​ឡង់​ខេត្ត​ក្រចេះ​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​បង្រ្កាប​អាជីវ​កម្ម​ឡ​ធ្យូង​ខុស​ច្បាប់​ដើម្បី​ទប់​ស្កាត​បទ​ល្មើស​អារ​ឈើ​ ដែល​កំពុង​កាប់​ទន្រ្ទាន់​នៅ​តំបន់​ព្រៃ​ឡង់​យ៉ាង​អនាធិបតេយ្យ​។ អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​ថា​ បើ​សិន​ជា​អាជ្ញាធរ​មិន​ចាត់​វិធាន​ការ​ឱ្យ​តឹងរ៉ឹង​លើ​អាជីវកម្ម​ខុស​ច្បាប់​ទាំង​នោះ​ទេ​ នឹង​ធ្វើ​ឱ្យ​ធន​ធាន​ធម្ម​ជាតិ​ហិន​ហោច​។

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​អះអាង​ថា​ជាង​៣​ឆ្នាំ​មក​នេះ​អត្រា​អ្នក​ប្រកប​របរ​ធ្វើ​ឡ​ធ្យូង​កំពុង​កើន​ឡើង​នៅ​តំបន់​ព្រៃ​ឡង់​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​សំបូរ​ខេត្ត​ក្រចេះ​ដែល​អាច​ពាក់​ព័ន្ធ​ដល់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​។

បណ្ដាញ​សហគមន៍​ព្រៃឡង់​នៅ​ស្រុក​សំបូរ​ខេត្ត​ក្រចេះ​ លោក​ ស្វាយ​ សុង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២៨ខែ​មករា​ថា​បទ​ល្មើស​អារ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​នៅ​តែ​បន្ត​កើត​មាន​តាម​រូប​ភាព​ជា​ច្រើន​ដូច​ជា​ការ​ចូល​អារ​ឈើ​របស់​ជន​ល្មើស​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​លក់​ទៅ​ឱ្យ​ឈ្មួញ​ឈើ​ធំៗ​នៅ​មូលដ្ឋាននិង​ការ​ធ្វើ​អាជីវ​កម្ម​ឡ​ធ្យូង​យ៉ាង​ផុស​ផុល​ដោយ​គ្មាន​ការ​បង្រ្កាប​ពី​សំណាក​អាជ្ញាធរ​និង​មន្រ្តី​បរិស្ថាន​៖

«មាន​ក្រសួង​បរិស្ថាន​រដ្ឋបាល​ព្រៃ​ឈើ​និង​រាជរដ្ឋាភិបាល​ជួយ​ទប់​ស្កាត​បទល្មើស​ដែល​កាប់​បំផ្លាញ​ព្រៃ​ឈើ​បើ​អស់​លោក​មិន​ជួយ​ទេ​មិន​អនុវត្ត​ច្បាប់​ទេ​ឃើញ​ថា​តំបន់​ព្រៃឡង់​យើង​នឹង​អស់​ហើយ​គ្មាន​សល់​ទេ​។ដូច្នេះ​គ្នា​ច្បាប់​ឯណា​ឱ្យ​គាត់​ទិញ​ឈើ​ធ្វើ​ធ្យូង​នោះ​ទេ​។បើ​សិន​ជា​មិន​ទប់​ស្កាត់​មិន​មាន​ច្បាប់​បង្ហាញ​ពី​គេ​ហៅ​ថា​ការ​ទន្រ្ទាន​ការ​ធ្វើ​បទ​ល្មើស​ព្រៃ​ឈើ​ដោយ​អនាធិបតេយ្យ​ទេ​ឃើញ​ថា​ធនធាន​ធម្ម​ជាតិ​យើង​ចេះ​តែ​បាត់​ទៅៗ​ហើយ​មិន​យូរ​ទេ​»។

អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រៃឡង់​ថា​បទ​ល្មើស​អារ​ឈើ​និង​ការ​បើក​អាជីវកម្ម​ឡ​ធ្យូង​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃឡង់​កើត​ឡើង​យ៉ាង​ផុស​ផុល​នេះ​ដោយ​សារ​តែ​អាជ្ញាធរ​ពាក់​ព័ន្ធ​ឃុប​ឃិត​គា្ន​ទទួល​លុយ​ពី​ឈ្មួញ​ជួញ​ដូរ​ឈើ​ និង​អ្នក​ធ្វើ​អាជីកម្ម​ឡ​ធ្យូង​ខ្នាត​ធំ​និង​ជា​លក្ខណៈ​គ្រួសារ​។ ពួក​គាត់​សង្កេត​ឃើញ​ថា​អ្នក​ដែល​បើក​អាជីវ​កម្ម​ឡ​ធ្យូង​ខ្នាត​ធំៗ​ភាគ​ច្រើន​ជា​អ្នក​មាន​ខ្នង​បង្អែក​ជា​មួយ​នឹង​អាជ្ញាធរ​មូល​ដ្ឋាន​។

ស្រដៀង​គ្នា​នេះ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ម្នាក់​ទៀត​ លោក​ ឯក សុវណ្ណា​ឱ្យ​ដឹង​ថា​តំបន់​ដែល​មាន​អាជីវ​កម្ម​ឡ​ធ្យូង​ច្រើន​ស្ថិត​នៅ​ឃុំ​ចំនួន​៣​ក្នុង​ស្រុក​សំបូរ​រួម​មាន​ឃុំ​កំពង់​ចាម​បឹង​ចារ​និង​ឃុំ​វឌ្ឍនៈដែល​ឃុំ​ទាំង​បី​នេះ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​ស៊ី​ឈ្នួល​អារ​ឈើ​ឱ្យ​ឈ្មូញ​និង​ធ្វើ​ឡ​ធ្យូង​លក្ខណៈ​គ្រួសារ​ដើម្បី​រក​ចំណូល​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​។ ទោះ​យ៉ាង​ណា​លោក​បារម្ភ​ថា​បើ​សិន​ជា​អាជ្ញាធរ​មិន​ទប់​ស្កាត​ឱ្យ​បាន​ត្រឹម​ត្រូវ​ទេ​បញ្ហា​នេះ​នឹង​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ​កាន់​តែ​ខ្លាំង​៖

«ការ​ធ្វើ​មក​នេះ​វា​ចេះ​តែ​រីក​ដុះ​ដាល​ទៅ​មុខ​អី​ចឹង​ទៅ​ណាមួយអាជ្ញាធរគ្រាន់តែមានការណែនាំចឹងទៅគាត់​អត់​មាន​វិធាន​ការ​ណា​មួយ​ដែល​ជា​កិច្ច​សន្យា​ឬ​ក៏​បណ្ដេញ​ចេញ​ឬ​ក៏​ដក​ហូត​អ៊ីចឹង​ទៅ​អ៊ីចឹង​ទៅ​ពួក​គាត់​អត់​ខ្លាច។​វា​ជា​កំហុស​ទាំង​សង​ខាង​ទាំង​ការ​យល់​ដឹង​និង​កំហុស​អាជ្ញាធរ​ដែរ​ដដោយ​សារ​តែ​ពេល​ខ្លះ​ទៅ​គាត់​ឃើញ​ទាក់ទង់​ការ​ធ្វើ​មាន​ការ​អាណិត​អាសូរ​អ៊ីចឹង​ទៅ​»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​ក្រសួងបរិស្ថាន​ លោក​ នេត្រ ភក្រ្តា និង​អភិបាល​ស្រុកសំបូរ​ខេត្ត​ក្រចេះ​ លោក​ គង់​ មេត្តា​បាន​នោះ​ទេ​នៅ​ថ្ងៃ​ទី​២៨​ខែ​មករា​ដោយ​ហៅ​ទូរសព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល​។

វិញ​រឿង​នេះ​មេ​ឃុំ​កំពង់​ចាម​ខេត្ត​ក្រ​ចេះ​ លោក​ ឈិន​ ណន​បាន​ឱ្យ​ដឹង​ថា​បច្ចុប្បន្ន​នេះ​លោក​ទទួល​ស្គាល់​ថា​ការ​ប្រកប​អាជីវ​កម្ម​ឡ​ធ្យូង​របស់​ពលរដ្ឋ​កំពុង​តែ​ផុស​ផុល​ហើយ​លោក​ក៏​បារម្ភ​ថា​បើ​បញ្ហា​នេះ​នៅ​តែ​បន្ត​កើត​មាន​អាច​នឹង​ប៉ះពាល់​ដល់​បរិស្ថាននិង​ការ​រស់​នៅ​របស់​ពលរដ្ឋ​។ ប៉ុន្តែ​លោក​ថា​ ករណី​នេះ​លោក​ជូន​ដំណឹង​ឱ្យ​គណៈកម្មការ​ពាក់​ព័ន្ធ​និង​អភិបាល​ស្រុក​ខេត្ត​ដើម្បី​ចាត់​វិធាន​ជា​បណ្ដើៗ​ហើយ​៖

«ខេត្ត​ក៏​រៀបចំគណៈកម្មការ​បង្រ្កាប​ស្រុក​ក៏​រៀបចំ​គណៈកម្មការ​បង្រ្កាប​ដែរ​ប៉ុន្តែ​មិន​ដឹង​ថា​សកម្ម​ភាព​ដល់​ណា​ទេ​គ្រាន់​ថា​មាន​ហើយ​ខ្ញុំ​ក៏​ផ្សព្វផ្សាយ​ប្រាប់​បង​ប្អូន​ដែរ​អាអុស​អាអីហ្​នឹង​​ចូល​កាប់​ព្រៃ​កាប់​ឡ​អ៊ី​វា​ខុស​ច្បាប់​ខូច​ផ្លូវ​អស់​ផង​។ខ្ញុំ​ផ្សព្វផ្សាយរ​ហូត​ទេ​តាម​ភូមិ​ហ្នឹង​ខ្ញុំ​មិន​ដែល​ភ្លេច​ទេ​»។

អ្នក​សម្រប​សម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ លោក​ អូត​ ឡាទីន​សង្កេត​ឃើញ​ថា​បញ្ហា​អាជីវកម្ម​ឡ​ធ្យូង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ព្រៃ​អភិរក្ស​កាន់​តែ​ខ្លាំង​ដោយ​សារ​តែ​អាជ្ញាធរ​អសមត្ថភាព​គ្រប់​គ្រង់​ធន​ធាន​ធម្មជាតិ​។លោក​ថា​នេះ​ជា​បទល្មើស​មួយ​ចុង​ក្រោយ​ក្នុង​ការ​កាប់​ទន្រ្ទាន់​ព្រៃ​ឈើ​ព្រោះ​អាជីវ​កម្ម​នេះ​មិន​រើស​ប្រភេទ​ឈើ​នោះ​ទេ​៖

«បើ​សិន​ជា​គ្មា​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ណា​មួយ​ទេបទ​ល្មើស​នៅ​តំបន់​ព្រៃឡង់​ឬ​តំបន់​ព្រៃ​ការ​ពារ​ផ្សេងៗ​ទៀត​វា​លែង​កើត​មាន​ទៀត​ហើយហេតុ​អី​បាន​លែង​គាត់​មាន​ពី​ព្រោះ​នៅ​ជុំ​វិញ​តំបន់​ជុំ​វិញ​ការពារ​ជា​ពិសេស​នៅ​ជុំ​វិញ​តំបន់​ព្រៃឡង់​វា​សុទ្ធ​តែ​ជា​ទី​ស្នាក​ការ​របស់​បរិស្ថាន​អ៊ីចឹង​ឃើញ​ចេញ​ពី​តំបន់​ណា​ក៏​គេច​មិន​ផុត​ពី​មន្រ្តី​អនុវត្ត​ច្បាប់​នោះ​ទេ​បើ​សិន​គាត់​យក​តួនាទី​យក​ការ​ទទួល​ខុស​ត្រូវ​របស់​គាត់​ទៅ​ប្រើ​ប្រាស់​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ​ក្នុង​តំបន់​នោះ​ទេ​»។

សកម្ម​ជន​ព្រៃ​ឈើ​កត់​សម្គាល់​ឃើញ​ថា​ខេត្ត​ក្រចេះ​មាន​បទ​ល្មើស​អារ​ឈើ​ធ្ងន់​ធ្ងរ​ជាង​គេ​ក្នុង​តំបន់​ព្រៃឡង់​ដោយ​គ្មាន​ការ​ចាប់​ខ្លួន​ជន​ល្មើស​មក​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់​ពី​សំណាក​អាជ្ញាធរ​ពាក់​ព័ន្ធ​នោះ​ទេ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។