ដី​ព្រៃ​សហគមន៍​អូរដូនតី​នៅ​ស្រុក​សណ្ដាន់​ត្រូវ​អ្នក​មាន​អំណាច​ទន្ទ្រាន​ធ្វើ​ជា​កម្មសិទ្ធិ និង​គ្មាន​ការ​បង្ក្រាប

0:00 / 0:00

ដី​ព្រៃ​សហគមន៍​អូរដូនតីឋិត​នៅ​ស្រុក​សណ្ដាន់ខេត្ត​កំពង់ធំ ជា​ច្រើន​ហិច​តាកំពុង​រង​ការ​កាប់​បំផ្លាញ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិដោយ​មិន​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ចុះ​បង្ក្រាប​នោះ​ឡើយ។ អាជ្ញាធរ​ឃុំ​ថាដី​ព្រៃ​ទាំង​នោះ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ឲ្យ​ទៅ​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​ប្រើ​ប្រាស់។តែ​ប្រធាន​សហគមន៍​ថា ដី​ព្រៃ​ទាំង​នេះ​ជា​ព្រៃ​ការពារ​របស់​សហគមន៍។

ដី​ព្រៃ​សហគមន៍​អូរដូនតីស្ថិត​នៅ​ឃុំ​មាន​រិទ្ធិស្រុក​សណ្ដាន់ខេត្ត​កំពង់ធំជា​ច្រើន​ហិកតារត្រូវ​បាន​ក្រុម​អ្នក​មាន​អំណាច​និង​ខ្សែ​ស្រ​ឡាយ​របស់​​មេ​ឃុំ​ចូល​កាប់​ទន្ទ្រាន​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​ដោយ​មិន​ឃើញ​មាន​សមត្ថកិច្ច​ខាង​ណា​ចុះ​ទប់​ស្កាត់ នឹង​បង្ក្រាប​នោះ​ទេបើ​ទោះ​បី​ជា​សហគមន៍​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ហើយ​ក្ដី។

ប្រធាន​សហគមន៍​អូរដូនតី លោក ជឹង ហេង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា​ថាសព្វ​ថ្ងៃ​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​កំពុង​កើត​មាន​ឡើង​ខ្លាំង​នៅ​តំបន់​ព្រៃ​សហគមន៍​ការពារ​ត្រង់​ចំណុច​ក្បាល​ទទាល​ទឹក​ អស់​ជា​ច្រើន​ហិកតារ ពី​សំណាក់​អ្នក​ក្រុម​អ្នក​មាន​អំណាច​និង​សាច់​ញាតិ​សែស្រឡាយ​របស់​មេ​ឃុំដែល​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។ លោក​បន្ថែម​ថាលោក​មិន​មាន​អំណាច​ទប់ស្កាត់​នោះ​ទេ ដោយ​សារ​ព្រៃ​សហគមន៍​មួយ​នេះ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ត្រី​បរិស្ថានហើយ​កន្លែង​កាប់​ទន្ទ្រាន​នៅ​មិន​ឆ្ងាយ​ពី​ទី​ស្នាក់​ការ​បរិស្ថាន​ច្រក​តោ​នោះ​ទេ។ លោក​បន្ត​ទៀត​ថា មន្ត្រី​បរិស្ថាន​ឈរ​ជើង​នៅ​តំបន់​នោះ​ក៏​បាន​ឃើញ​ការ​កាប់​ទន្ទ្រាន​នេះ​ដែរ ប៉ុន្តែ​មិន​ព្រម​ទប់​ស្កាត់ ឬ​បង្ក្រាប​ឡើយ។

លោក ជឹង ហេង៖ «សុំ​ឲ្យ​គេ​ចុះ​ជួយ​តែ​អត់​ឃើញ​ជួយ​សោះ ចេះ​តែ​ឲ្យ​សហគមន៍​ទៅទៅ​ដូច​ទៅ​មើល​ទៅ​ដដែល​ទៅ​ឃើញ​គេ​កាប់បើ​ចេះ​ជួយ​គ្នា​ទៅ​ចេះ​មាន​កម្លាំង ហើយ​សហគមន៍​ឲ្យ​តែ​គ្នា​ទៅ​ល្បាត​ចេះ​ទៅ​ល្បាតហើយ​រាយការណ៍​ដល់​ពេល​រាយការណ៍​ទៅ​អត់​បាន​ផុលផុស​អី​ផង​អាជ្ញាធរ​ឃុំ​អាជ្ញាធរ​ភូមិ បើ​ភូមិ​វិញ​គេ​អត់​ចូល​រួម»។

មេ​ឃុំ​មានរិទ្ធិ លោក ស្រី សៀកបាន​ឲ្យ​ដឹង​ថាករណី​កាប់​ទន្ទ្រាន​ដី​ព្រៃ​នេះលោក​មិន​ទាន់​បាន​ចុះ​ស្រាវ​ជ្រាវ​ឲ្យ​ច្បាស់​លាស់​នោះ​ទេប៉ុន្តែ​រដ្ឋាភិបាល​សម្រេច​កាន់​ឆ្វៀល​ជូន​ទៅ​ប្រជា​ពលរដ្ឋ​ដែល​ខ្វះ​ខាត​ ដែល​មាន​ដី​ព្រៃ​បម្រុងទុក​អចិន្ត្រៃយ៍​ប្រមាណ​ជាង ១ពាន់​ហិកតារ​ស្ថិត​នៅ​ក្នុង​ឃុំ​មានរិទ្ធិ និង​ឃុំ​សណ្ដាន់។ លោក​បន្ថែម​ថាដី​ព្រៃ​សហគមន៍​នៅ​ជុំ​វិញ​តំបន់​នោះ​គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ត្រី​បរិស្ថាន។

លោក ស្រី សៀក៖ «កាត់​ឲ្យ​ប្រជាជន​ហើយ​ប៉ុន្តែ​មិន​ដឹង​ជា​វា​ក្នុង​តំបន់​ផែនទី កាត់​ឆ្វៀល ឬ​ខាង​ក្រៅ​វា​អត់​ដឹង​ច្បាប់​ដែរ សួរ​ខាង​បរិស្ថាន​បាន​ច្បាប់​ខ្ញុំ​អត់​ច្បាប់​ដែរ»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​បក​ស្រាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត ភក្ត្រា និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំលោក តុប កក្កដាបាន​ទេ​ដោយ​ទូរស័ព្ទ​ចូល​ច្រើន​ដង​មិន​មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា​នេះ។

មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN)លោក អូត ឡាទីន ដែល​បាន​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី​កាប់​ទន្ទ្រាន​ដី​ព្រៃ​ជុំវិញ​តំបន់​ព្រៃ​ឡង់សង្កេត​ឃើញ​ថាគ្រប់​តំបន់​ការពារ​ធម្មជាតិ​ទាំង​អស់សុទ្ធ​សឹង​មាន​ករណី​កាប់​ទន្ទ្រាន​ដី​ព្រៃ​នេះហើយ​ការ​ប្រព្រឹត្តិ​ទង្វើ​បែប​នេះ​ទៅ​បាន​គឺ​ដោយ​សារ​អាជ្ញាធរ​មិន​ព្រម​អើពើ​ទប់ស្កាត់ មិន​តែ​ប៉ុណ្ណោះ​រួម​ផ្សំ​គំនិត​គ្នា​ទើប​បញ្ហា​កើត​ឡើង​ដោះ​ស្រាយ​មិន​ចេញ។

លោក អូត ឡាទីន៖ «នៅ​ពេល​ដែល​សហគមន៍​ធ្វើ​ការ​រាយការណ៍​នឹង​ធ្វើ​ការ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្រ​ធ្វើ​ការ​កិច្ច​អន្តរាគមន៍​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​ណាស់​ហើយ​បញ្ហា​ហ្នឹង​ទំនង​ជា​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ក្រុម​អ្នក​រក​ស៊ី​មាន​ន័យ​ថា ក្រុម​ឈ្មួញ​និង​ក្រុម​អាជ្ញាធរ​ដែល​នៅ​ការពារ​ក្នុង​តំបន់​នោះ»។

ព្រៃ​សហគមន៍​អូរដូនតី មាន​ទំហំ​ជិត ២​ពាន់​ហិកតារ (១.៨៤២)ជា​ព្រៃ​សហគមន៍​មួយ​ក្នុង​ចំណោម​ព្រៃសហគមន៍​ទាំង ១៤​​ ស្ថិតក្រោមគម្រោង​តំបន់​ទុំ​រីងរ៉េដបូកឋិត​នៅ​ស្រុក​សណ្ដាន់ ​ខេត្ត​កំពង់ធំ។ ព្រៃ​មួយ​នេះ​សំបូរ​ទៅ​ដោយ​ដើមឈើ​ធំ​ដូចជា​ធ្នង់ សុក្រំ កកោះ គគីរ ផ្ចឹក និង​ឈើទាល និងជាជម្រក​សត្វព្រៃ​ផង​ដែរ​។ប៉ុន្តែ​ពេល​នេះ ព្រៃ​សហគមន៍​អូរ​ដូនតី បាន​ក្លាយ​ជា​វាល​ស្រែចម្ការ គ្រប់គ្រង​ជា​កម្មសិទ្ធិឯកជន។

កាល​ពី​ឆ្នាំ២០២០​កន្លង​ទៅ សហព័ន្ធ​ចលនា​ដើម្បី​បរិស្ថាន (Korea Federation for Environmental Movements) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ បាន​ចេញ​ផ្សាយ​របាយការណ៍​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ នៅ​តំបន់​រ៉េដបូក របស់​កូរ៉េ​ក្នុង​ប្រទេស​កម្ពុជា ដោយ​រក​ឃើញ​ថា​ក្រសួង​កសិកម្ម​បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​គម្រោង​លក់​ឥណទាន​កាបូន​ឱ្យ​ប្រទេស​កូរ៉េ​ដោយសារ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ។ របាយការណ៍​នេះ​រក​ឃើញ​ថា​ព្រៃ​សហគមន៍​ចំនួន ​១៤​មាន​ផ្ទៃ​ដី​សរុប​ជាង ៧ម៉ឺន​ហិចតារនៅ​ជាប់​ព្រៃឡង់​ក្នុង​ខេត្ត​កំពង់ធំ​បាន​បាត់បង់​ព្រៃឈើ​ជាង​២​ម៉ឺន​ហិចតារ នៅ​រយៈ​ពេល​៦ ​ឆ្នាំ​ចុង​ក្រោយ​នេះ ធ្វើ​ឱ្យ​ការ​អនុវត្ត​គម្រោង​រ៉េដបូក​បាន​បរាជ័យ។ ក្រៅ​ពី​នេះ​ទំហំ​ព្រៃឈើ​ដែល​បាត់បង់​ភាគ​ច្រើន​បាន​ប្រែ​ក្លាយ​ទៅ​ជា​ដី​ស្រែ​ចម្ការ​មាន​ដំណាំ​ដំឡូងមី ​កៅស៊ូ​និង​ស្វាយចន្ទី​ជាដើម​គ្រប់គ្រង​កម្ម​សិទ្ធិ​ឯកជន។

ច្បាប់​ស្ដីពី​ព្រៃឈើ និង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ កំណត់​ថា ការ​គាស់ រុករាន​ដី​ព្រៃ ឆ្ការ ដុត និង​ឈូស​ឆាយ​ដី​ព្រៃ​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ គឺជា​បទល្មើស​ឧក្រិដ្ឋ​ដែល​ជន​ប្រព្រឹត្ត​ល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ ដល់ ១០​ឆ្នាំ និង​ទោស​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ ១៥០​លាន​រៀល។ ចំណែក មន្ត្រី​ពាក់ព័ន្ធ​ធ្វេសប្រហែស ឬ​មិន​គោរព​ច្បាប់​នេះ ត្រូវ​ទទួល​វិន័យ​រដ្ឋបាល​និង ត្រូវ​ចោទ​ប្រកាន់​ចំពោះ​មុខ​តុលាការ ហើយ​បើ​មន្ត្រី​ទាំងនោះ​សមគំនិត ត្រូវ​ផ្ដន្ទាទោស​ដូច​ជន​ប្រព្រឹត្ត​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។