ក្រុម​និស្សិត និង​យុវជន​រក​ឃើញ​ថា ក្រសួង​បរិស្ថាន​អសមត្ថភាព​ការពារ​ព្រៃ​ព្រះរកា​ខេត្ត​ព្រះវិហារ

0:00 / 0:00

ក្រុម​យុវជន និង​និស្សិត អះអាង​ថា ទំហំ​ព្រៃឈើ ដែល​ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ក្នុង​ខេត្ត​ព្រះវិហារ នៅតែ​ប្រឈម​ហានិភ័យ​ខ្ពស់​នៅឡើយ នៅ​គ្រា​ដែល​ពួកគេ​ប្រទះឃើញ ដើមឈើ​ធំៗ ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ​ត្រូវ​បាន​គេ​កាប់​ដួល ធ្វើ​អាជីវកម្ម​យ៉ាង​ពេញទំហឹង។ ការ​លើកឡើង​នេះ ក្រោយពី​ពួកគេ បាន​ចុះ​ស្រាវជ្រាវ​ពី​ស្ថានភាព​ព្រៃ​អភិរក្ស​មួយ​នេះ កាលពីដើម​សប្ដាហ៍​នេះ​។​

ក្រុម​យុវជន និង​និស្សិត​មួយ​ក្រុម នៅ​មិនទាន់​មាន​ជំនឿ​ចិត្ត ពី​ប្រសិទ្ធភាព​ការងារ​របស់​ក្រសួង​បរិស្ថាន ដែល​បញ្ជូន​មន្ត្រី​ឧទ្យានុរក្ស ឱ្យ​ឈរជើង ការពារ​ព្រៃ​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា​នៅឡើយ​ទេ​។ ការ​អះអាង​នេះ បន្ទាប់ពី​ពួកគេ​ប្រទះឃើញ​ផ្ទាល់​ភ្នែក ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​គោយន្ត​ជា​រៀងរាល់ថ្ងៃ ចេញពី​ព្រៃ​អភិរក្ស​មួយ​នេះ គ្មាន​ការអនុវត្ត​ច្បាប់។ ពួកគេ​មើល​ឃើញ​ថា ក្រសួង​សាមី គ្មាន​សមត្ថភាព ការពារ​ព្រៃ​អភិរក្ស​មួយ​នេះ ដើរ​តាម​បន្ទាត់​ច្បាប់​នោះ​ទេ ហើយ​មន្ត្រី​ដែល​ឈរជើង​នៅ​តំបន់​នោះ តែង​ទទួល​ប្រយោជន៍​ពី​អ្នក​ដឹកជញ្ជូន​ឈើ​ខុសច្បាប់។

ក្រុម​យុវជន​ដែល​ចុះ​ស្រាវជ្រាវ​រឿង​នេះ មកពី​រាជធានី​ភ្នំពេញ លោក សាន ម៉ាឡា ឱ្យ​ដឹង​នៅ​ថ្ងៃទី២ ឧសភា​ថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ព្រះ​រកា នៅ​ឃុំ​ប្រមេរ ក្នុង​មួយ​ថ្ងៃ មិន​ក្រោម ១០​គោយន្ត​ទេ ដោយ​ក្នុង​មួយ​គោយន្ត​អាច​ដឹក​ឈើ​បាន ២​ម៉ែត្រ​គូប។ អាជីវកម្ម​ឈើ​ជា​ក្រុមៗ​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់ ដើមឈើ​ផលិត​ជ័រទឹក​របស់​អ្នកស្រុក​ធំធេង និង​បាត់បង់​ឈើ​មូល​ធំៗ ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ។ លោក​បន្ថែម​ថា ក្រុម​យុវជន​បាន​ផលិត​វីដេអូ និង​រូបភាព ពី​ស្ថានភាព​ព្រៃឈើ​នៅ​តំបន់​នោះ ដើម្បី​ផ្សព្វផ្សាយ​ស្នើ​ឱ្យ​រដ្ឋាភិបាល និង​ក្រសួងបរិស្ថាន ពិនិត្យ​ឡើងវិញ ពី​ប្រសិទ្ធភាព​ការងារ​មន្ត្រី​ឧទ្យានុរក្ស​ដែល​ឈរជើង​នៅ​ទីនោះ៖ «ក្រុម​ល្បាត​របស់​ក្រសួង​ចាប់​ជនល្មើស​ហើយ​ហ្នឹង ជាទូទៅ​យើង​សង្កេត​ឃើញ​ថា គេ​មិនបាន​ស៊ើបអង្កេត​ថា តើ​នរណា​ជា​អ្នក​នៅ ពីក្រោយ​ខ្នង​នៃ​ការ​កាប់​ឈើ​មួយ​ហ្នឹង។ នរណា​ជា​អ្នកទទួល​ទិញ​ឈើ ដេប៉ូ​មួយ​ណា​ឬក៏​ឧកញ៉ា​ទេ​ ? មាន​ការ​អាណិត​សហគមន៍​មូលដ្ឋាន ដោយសារ​គាត់​បាត់បង់​ដើម​ច្បោះ​ខ្ទង់ ៧០​ភាគរយ​។ អីចឹង​យើង​ស្នើ​ទៅ​ក្រសួង​បរិស្ថាន មេត្តា​ស៊ើបអង្កេត​មែនទែន តើ​មាន​ក្រុម​ល្បាត​ពួកគាត់​ហ្នឹង មាន​ប្រព្រឹត្ត​អំពើពុករលួយ​អត់»។

ក្រុម​យុវជន​ដែល​ចុះ​ស្រាវជ្រាវ​រឿង​នេះ មកពី​រាជធានី​ភ្នំពេញ លោក សាន ម៉ាឡា បានចុះដល់ទីតាំងកាប់ឈើ ឋិតក្នុងព្រៃព្រះរកា នៃឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីចុង ខែ មេសា ២០១៩។
ក្រុម​យុវជន​ដែល​ចុះ​ស្រាវជ្រាវ​រឿង​នេះ មកពី​រាជធានី​ភ្នំពេញ លោក សាន ម៉ាឡា បានចុះដល់ទីតាំងកាប់ឈើ ឋិតក្នុងព្រៃព្រះរកា នៃឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីចុង ខែ មេសា ២០១៩។ (រូប​យុវជន N1M)

លោក សាន ម៉ាឡា ផ្ដល់​មតិ​ថា ដើម្បី​បោសសំអាត​ជនល្មើស​កាប់​ឈើ​បាន ក្រសួង​ត្រូវ​មាន​ឆន្ទៈ​បោសសំអាត មន្ត្រី​មូលដ្ឋាន​របស់​ខ្លួន​ដែរ កុំ​ឱ្យ​ប្រព្រឹត្ត​អំពើពុករលួយ​រឿង​ព្រៃឈើ​ទៀត ស្រប​ពេល​ដែល​ពលរដ្ឋ​នៅ​មូលដ្ឋាន​លែង​មាន​ទំនុក​ចិត្ត​ពី​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​ជំនាញ​ទាំងនោះ​។ លោក​ជឿ​ថា ព្រៃ​ព្រះ​រកា ដែល​គ្រប់​ដណ្ដប់​លើ​ផ្ទៃដី​ជិត ១​សែន ហិកតារ ក្រសួង​អាច​ទប់ទល់​ឈ្នះ ប្រសិនបើ​មាន​ឆន្ទៈ​អនុវត្ត​ច្បាប់​ព្រៃឈើ គ្រប់​រូបភាព និង​លុបបំបាត់​អំពើពុករលួយ៖ «តាម​ផ្លូវ​ជាមួយ​សហគមន៍ គឺ​យើង​ឃើញ​គោយន្ត​ដឹក​ឈើ​គាត់​ជិះ​កាត់​យើង​ទៅ​មកៗ គាត់​កាត់​ឈើ​ទាំង​យប់​ថ្ងៃ​។ ពេលយប់​លែង​មាន ឮ​សំឡេង​សត្វ តែ​ឮ​ម៉ាស៊ីន​អារ​ឈើ​វិញ ហើយ​ឃើញ​មាន​ដើមឈើ​ធំៗ​ជាច្រើន​ដែល​ត្រូវ​បាន​ដួល​។ ជាក់ស្ដែង​នៅ​ពេល​ដែល​ពួក​យើង​បាន​ទៅ​ចូលរួម គឺ​ឃើញ​មាន​ដើមឈើ ៤​ទៅ ៥​ឱប ហើយ​យើង​ថត​បង្ហោះ ហ្វេសប៊ុក។ ជារួម​ស្ថានភាព​ព្រៃឈើ​នៅ​ទីនេះ មិន​ខុស​ពី​ព្រៃ​ឡង់​ប៉ុន្មាន​ដែរ»។

អនុប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​ឃុំ​ប្រមេរ លោកស្រី រឿន ខាន់ មានប្រសាសន៍ថា ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​បណ្ដោយ​ឱ្យ​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ការពារ​ព្រៃ​ព្រះ​រកា​ទៀត មិន​យូរ​ទេ​ព្រៃ​មួយ​នេះ​នឹង​លែង​មាន​ដើមឈើ​ធំៗ ព្រោះ​មន្ត្រី​ពាក់ព័ន្ធ​ទាំងនោះ​មិនបាន​អនុវត្ត​ច្បាប់​ព្រៃឈើ​ឱ្យ​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ​។ លោកស្រី​ថា សូម្បីតែ​ដើមឈើ​ផលិត​ជ័រទឹក ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​ជនជាតិ​ដើម​ភាគតិច ក៏​ជនល្មើស​សម្រុក​កាប់​លក់​ស្ទើរ​គ្មាន​សល់ ហើយ​ពួកគេ​ទៅ​ពឹង​អាជ្ញាធរ​ឱ្យ​ជួយ តែ​គ្មាន​ប្រសិទ្ធភាព៖ «បើ​សិន​រដ្ឋាភិបាល​ជួយ​ទប់ស្កាត់ គឺ​បាន​ទាំងស្រុង តែ​បើ​គាត់​ជួយ​ផង​លេង​ផង អីចឹង​ខ្ញុំ​បល់​អស់ហើយ​។ ខ្ញុំ​សំណូមពរ​ពីរ ទៅ ៣​ដង​ហើយ រដ្ឋាភិបាល​មិន​ស្ដាប់​ទេ ចង់​ឱ្យ​ឃើញ​ដឹង​ឮ​ថា ព្រៃ​ព្រះ​រកា​រលាយ​ហើយ បើ​សិន​មិន​ជួយ​ទប់ស្កាត់ ចង់​ឱ្យ​គាត់​ជួយ​ទប់ស្កាត់​។ បើ​អស់​ព្រៃ​ព្រះ​រកា​វារ​លាយ ទាំង​ខេត្ត​ព្រះវិហារ គ្មាន​អី​នឹង​សង្ឃឹម​ទៀត​ទេ»។

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា ផ្ដាំ​ឱ្យ​យុវជន​ដែល​ស្រាវជ្រាវ​រឿង​នេះ ត្រូវ​ធ្វើ​របាយការណ៍ ភ្ជាប់​រូបភាព​ផ្ញើ​មក​ក្រសួង និង​មន្ត្រី​ជំនាញ ដើម្បី​ឱ្យ​សមត្ថកិច្ច​មាន​មូលដ្ឋាន​ចុះ​អនុវត្ត​ច្បាប់​ព្រៃឈើ​ជាក់ស្ដែង​។ លោក​ថា ក្រសួង​នឹង​អនុវត្ត​ច្បាប់ ដោយ​មិន​រើសមុខ​ចំពោះ​ជន​ទាំងឡាយ​ណា ដែល​ប្រព្រឹត្ត​បទល្មើស​ក្នុង​តំបន់​ព្រៃ​ការពារ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។ លោក​បន្ថែម​ថា ក្រសួង​គ្រោង​បោះ​បង្គោល​កំណត់​ព្រំប្រទល់ ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា ដើម្បី​បង្ហាញ​ពី​ភាព​ច្បាស់លាស់ ក្នុង​ការ​កិច្ច​គាំពារ​អភិរក្ស​នេះ។

ព្រៃ​ព្រះ​រកា ដែល​មាន​ទំហំ​ជាង ៩​ម៉ឺន​ហិកតារ (៩៦.០០០) នៅ​ចន្លោះ​ព្រំប្រទល់​ស្រុក​ចំនួន​៣ គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​ជាំ​ក្សាន្ត និង​ស្រុក​ឆែប របស់​ខេត្ត​ព្រះវិហារ​។ ក្រុម​យុវជន ផ្ដល់​ទស្សនៈ​ថា រដ្ឋាភិបាល និង​ក្រសួងបរិស្ថាន ត្រូវ​កំណែទម្រង់​អភិបាលកិច្ច​អភិរក្ស​ព្រៃឈើ​ជាបន្ទាន់ ក៏ប៉ុន្តែ​ប្រសិនបើ​ក្រសួង​សាមី នៅតែ​ជិះ​សេះ​លែងដៃ បណ្ដោយ​ឱ្យ​មន្ត្រី​ថ្នាក់ក្រោម​ធ្វើ​ព្យុះភ្លៀង មិន​យូរ​ទេ ព្រៃ​ការពារ​ធម្មជាតិ​មួយ​នេះ​នឹង​រលាយ​ហិនហោច ហើយ​ក្រោយ​មក​ក្រសួង និង​រដ្ឋាភិបាល​នឹង​ឆ្លើយ​ដោះសា យករួចខ្លួន​ដដែលៗ មិន​ទទួលខុសត្រូវ។

កាលពីដើម​ខែ​មេសា​កន្លង​ទៅ សកម្មជន​បរិស្ថាន​មួយ​ក្រុម​ផ្សេងទៀត បាន​អះអាង​ស្រដៀង​គ្នា​ថា ក្រុមហ៊ុន សំអឿន សុវណ្ណ បាន​បើក​ដេប៉ូ​ធ្វើ​អាជីវកម្ម​ឈើ​ខ្នាត​ធំ ដោយ​ប្រមូល​ពលរដ្ឋ​ចូល​ព្រៃ​អភិរក្ស ព្រះ​រកា​កាប់​ឈើ​លក់​ឱ្យ​ខ្លួន​។ រីឯ​ពលរដ្ឋ​មួយ​ចំនួន ដែល​រស់នៅ​ចំនួន ២៦​ភូមិ ជាប់​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា និង​ព្រៃ​សហគមន៍​ដែល​ជនជាតិ​ដើម​ភាគតិច​ថែរក្សា បាន​ក្លាយ​ជា​ជនល្មើស កាប់​ឈើ​លក់​ឱ្យ​ក្រុមហ៊ុន និង​ឈ្មួញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។