"ព្រៃ​សហគមន៍​បឹង​ទន្លេ​ម្រេច​​ជាង ២​ពាន់​ហិកតារ​ត្រូវ​បំផ្លាញ​ស្ទើរ​ទាំងស្រុង​ដោយ​ក្រុមហ៊ុន ទ្រី ភាព"

0:00 / 0:00

ព្រៃ​សហគមន៍​ធម្មជាតិ​បឹង​ទន្លេ​ម្រេច​ដែលមាន​ផ្ទៃដី​ជាង ២ ពាន់​ហិកតារ ( ២៣៥១ ) ឋិត​នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ បាន​ទទួលរង​ការ​កាប់​ទន្ទ្រាន​យក​ដី និង​ឈើ​មានតម្លៃ​អស់​ស្ទើរ​ទាំងស្រុង​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ សហគមន៍​តំបន់​នោះ បាន​ទម្លាក់កំហុស​ករណី​នេះ លើ​ក្រុមហ៊ុន ទ្រី ភាព ថា​បាន​បើក​ទីតាំង​កាប់​រំលំ​ឈើ​ធ្វើ​អាជីវកម្ម និង​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​ទន្ទ្រានព្រៃ​ខុសច្បាប់ ដើម្បី​ដាំ​កៅស៊ូ​អស់​ជាង ១ពាន់​ហិកតារ។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​រស់នៅ​ភូមិ អូរ​ពោធិ៍ ឃុំ​រមណី​ស្រុក​រវាង ឲ្យ​ដឹង​នៅ​ថ្ងៃទី១០ វិច្ឆិកា ថា បើ​ទោះ​បី​ជា​ព្រៃ​ការពារ​បឹង​ទន្លេ​ម្រេច បាន​ចុះបញ្ជី​ជា​ព្រៃ​ការពារ​ក្តី ក៏ប៉ុន្តែ​ព្រៃ​អភិរក្ស​មួយ​នេះ បាន​ទទួលរង​ការ​កាប់​ឈើ​មានតម្លៃ និង​ឈូស​ឆាយ​ទន្ទ្រានព្រៃ​យក​ដី ធ្វើ​កសិកម្ម​អស់​ស្ទើរ​ទាំងស្រុង។ សហគមន៍​ថា ក្រុមហ៊ុន ទ្រី ភាព បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ប្តឹង​ពលរដ្ឋ​ណា​ដែល​ហ៊ាន​ចេញមុខ​ការពារ​ព្រៃឈើ​នៅ​តំបន់​នោះ។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​បឹង​ទន្លេ​ម្រេច ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ព្រៃ​សហគមន៍​បឹង​ទន្លេ​ម្រេច ដែល​ធ្លាប់​ជា​ម្លប់​បៃតង​ស្រស់បំព្រង និង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​សហគមន៍ ត្រូវ​បាន​ក្រុមហ៊ុន ទ្រី ភាព ច្បាម​យក​ឈើ​មានតម្លៃ និង​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​ទន្ទ្រានព្រៃ​យក​ដី​អស់​ជាង ១ ពាន់​ហិកតារ និង​មាន​ផ្នែក​ខ្លះ​ក្រុមហ៊ុន​បាន​ធ្វើ​របង​ហ៊ុម​ព័ន្ធ។ លោក​ថា ពលរដ្ឋ​ដែល​ឈឺឆ្អាល​រឿង​បទល្មើស​ព្រៃឈើ​តំបន់​នោះ ត្រូវ​ក្រុមហ៊ុន​ប្តឹង​ទៅ​តុលាការ ដែល​ជា​ហេតុ​នាំ​ឲ្យ​អ្នកភូមិ​ភ័យខ្លាច​មិន​ហ៊ាន​ងើប​តវ៉ា៖ «ក្នុង​ក្រុមហ៊ុន ទ្រី ភាព កាប់​អស់​ព្រៃ​ហើយ ចាប់ផ្ដើម​នៅសល់​ដី កាប់​ដាំៗ តាំង​ពី​កៅស៊ូ​ខ្លះ និង​ស្វាយចន្ទី​ខ្លះ​ទៅ​។ ចប់​ហើយ ការ​ចូល​ព្រៃ​បោច​វល្លិ៍​សម្រាប់​ចិញ្ចឹម​ជីវភាព ឥឡូវ​បាត់​អស់​ហើយ»។

បុរស​ដដែល​បន្ថែម​ថា កន្លង​ទៅ​តំណាង​ក្រុមហ៊ុន ទ្រី ភាព បាន​សន្យា​ចំពោះ​មុខ​ពលរដ្ឋ​ថា នឹង​ទុក​ដី ១៥​ហិកតារ ឋិត​នៅ​បណ្ដោយ​ផ្លូវជាតិ លេខ​៦២ បំណង​ឲ្យ​ពលរដ្ឋ​កសាង​វត្ត​អារាម និង​សាលារៀន ក៏ប៉ុន្តែ​ក្រុមហ៊ុន​បែរជា​ធ្វើ​របង ហ៊ុម​ព័ន្ធ​យក​ដី​ទាំងនោះ​សាងសង់​រោងចក្រ​ទៅវិញ៖ «វា​ពិបាក​ដែរ ក្រុមហ៊ុន​ធ្វើ​បាន តែ​ពលរដ្ឋ​ធ្វើ​បន្តិចបន្តួច​ប្ដឹង​គ្នា ចាប់​ដាក់គុក។ ក្រុមហ៊ុន​គេ​ធ្វើតាម​អំពើ​ចិត្ត ចង់​យក​ដី​កន្លែង​ណា​ក៏បាន ស្រេច​តែ​ចិត្ត​គេ​ឥឡូវ»។

កាលពី​ឆ្នាំ២០១៤ សមត្ថកិច្ច​ស្រុក​រវៀង​បាន​ឃាត់ខ្លួន​ពលរដ្ឋ​ម្នាក់​ឈ្មោះ ឃិន ថា ទៅ​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​ខេត្ត​នេះ​អស់​មួយ​យប់ និង​បាន​ដោះលែង​វិញ ក្រោយពី​អ្នកភូមិ​រាប់​រយ​នាក់​បាន​លើកគ្នា​ទៅ​តវ៉ា។ ការ​ឃាត់ខ្លួន​នេះ​ផ្អែកលើ​ពាក្យ​បណ្ដឹង​របស់​ក្រុមហ៊ុន ទ្រី ភាព។

ព្រៃ​សហគមន៍​ការពារ​ធម្មជាតិ​បឹង​ទន្លេ​ម្រេច មាន​ផ្ទៃដី​ជាង ២​ពាន់​ហិកតារ (២.៣៥១) ឋិត​នៅ​ផ្នែក​មួយ​នៃ​ដែន​ជម្រក​សត្វព្រៃ បឹង​ពែរ ដែល​បាន​បាន​ចុះបញ្ជី​ជា​ព្រៃ​អភិរក្ស​ពី​ក្រសួង​បរិស្ថាន កាលពី​ឆ្នាំ ២០១០ ឋិត​នៅ​ឃុំ​រមណី ស្រុក​រវៀង ខេត្ត​ព្រះវិហារ។ ព្រៃ​នេះ​សំបូរ​ដោយ​ដើមឈើ​មូល​ធំៗ ស្រស់​បំព្រង អម​ដោយ​បឹង​ធម្មជាតិ​ធំធេង​សំបូរ​ត្រី​សាច់ និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ ក៏ប៉ុន្តែ​ក្រោយ​ពី​មាន​វត្តមាន​ក្រុមហ៊ុន ទ្រី ភាព ព្រៃឈើ​ព័ទ្ធជុំវិញ​បឹង​បាន​ក្លាយ​ជា​វាលរហោឋាន រីឯ​ត្រី​សាច់ ជីវចម្រុះ និង សត្វ​ស្លាប​ជាច្រើន​ប្រភេទ​បាន​ថយ​ចុះ​បន្តិច​ម្តងៗ​។ ចំណែក​ដី​ព្រៃ​សហគមន៍​មួយ​ផ្នែក​ធំ ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ដាំ​កៅស៊ូ។

អាស៊ីសេរី​មិនទាន់​ទាក់ទង តំណាង​ក្រុមហ៊ុន ទ្រី ភាព ដើម្បី​សុំ​ការ​បញ្ជាក់​រឿង​នេះ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃ​ទី១១ វិច្ឆិកា។

យ៉ាងណា​មេឃុំ​រមណី លោក ឃុត រី ថ្លែង​ថា បច្ចុប្បន្ន​ព្រៃ​សហគមន៍​ការពារ​ធម្មជាតិ​បឹង​ទន្លេ​ម្រេច មាន​ការ​កាប់​រុករាន​ជាច្រើន​ប្រភព និង​មាន​ផ្នែក​ខ្លះ​ត្រូវ​ក្រុម​ពលរដ្ឋ​សាងសង់​លំនៅឋាន​បង្កើត​ជា​ភូមិ និង​ដាំ​ដំណាំ​ចិញ្ចឹមជីវិត​អស់​មួយ​ផ្នែក​ធំ។ លោក​ទទួលស្គាល់​ថា ពិត​ជា​មាន​វត្តមាន​ក្រុមហ៊ុន ទ្រី ភាព វិនិយោគ​តំបន់​នោះ​មែន ក៏ប៉ុន្តែ​ភារកិច្ច​ដោះស្រាយ​ចំពោះ​ការចោទប្រកាន់​របស់​ពល​រដ្ឋ គឺ​ហួស​ពី​សមត្ថភាព​អាជ្ញាធរ​ឃុំ៖ «ក្រុមហ៊ុន​ហើយ ប៉ុន្តែ​សហគមន៍​ការពារ​ព្រៃ​មិន​បាន ចេះតែ​រុករាន​ធ្វើជា​កម្មសិទ្ធិ ឥឡូវ​គេ​សង់ផ្ទះ​នៅ​ត្រៀបត្រា​អស់ហើយ។ យើង​មិន​ដឹង​ធ្វើ​ម៉េច គេ​ចេះតែ​រុករាន ទន្ទ្រាន​កាន់កាប់ ឥឡូវ​វាល​អស់ កើតជា​ភូមិ​ហើយ»។

មន្ត្រី​ស៊ើបអង្កេត​សមាគម​អាដហុក ខេត្ត​ព្រះវិហារ​លោក ឡោ ចាន់ អង្កេត​ឃើញ​ថា វត្តមាន​ក្រុមហ៊ុន​ទ្រី ភាព វិនិយោគ​ទីនោះ គឺ​មិនបាន​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​មូលដ្ឋាន​នោះ​ទេ តែ​ផ្ទុយទៅវិញ​អ្នកភូមិ​មួយ​ចំនួន​ត្រូវ​បាន​ក្រុមហ៊ុន​ប្ដឹង បង្ក​ឲ្យ​ពួកគេ​ភ័យខ្លាច។ លោក​ថា កិច្ចសន្យា​ផ្ដល់​ដី ១៥ ហិកតារ​សម្រាប់​ប្រើប្រាស់​ជា​សមូហភាព​សហគមន៍​ក៏​ត្រូវ​ក្រុមហ៊ុន​បំពាន​ដែរ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខកចិត្ត៖ «គួរ​អោយ​សោកស្ដាយ​បំផុត ដែល​មាន​ក្រុមហ៊ុន​វិនិយោគ​ទីនោះ បែរជា​មិន​ផ្ដល់​ប្រយោជន៍​ជូន​សង្គមជាតិ និង​ពលរដ្ឋ បែរជា​ធ្វើ​ឲ្យ​ពលរដ្ឋ​រងទុក្ខ​វេទនា និង​ទទួលរង​បណ្ដឹង​ជា​ការ​បំភិតបំភ័យ»។

សហគមន៍​បន្ថែម​ថា អាជ្ញាធរ​ពាក់ព័ន្ធ ខេត្ត​ព្រះវិហារ ហាក់​លម្អៀង​ទៅ​រក​ភាគី​ក្រុមហ៊ុន​ទៀត​សោត បើទោះបីជា ក្រុមហ៊ុន​ឈូស​ឆាយ​ព្រៃ​ខុសច្បាប់​អស់​រាប់​រយ​ហិកតារ​ក្តី ក៏​គេ​មិន​ឃើញ​អាជ្ញាធរ​ចុះ​អនុវត្ត​ច្បាប់​ដែរ ក៏ប៉ុន្តែ​បើ​ពលរដ្ឋ​កាប់​ទន្ទ្រានព្រៃ​រេចរឹល​សូម្បីតែ ១​ហិកតារ​នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។