សហគមន៍ព្រៃឈើភ្នំត្នោត ស្ថិតក្នុងឃុំល្បើក ស្រុកឈូក ខេត្តកំពត ស្នើអាជ្ញាធរកុំឱ្យចេញប័ណ្ណកម្មសិទ្ធិលើដីព្រៃសហគមន៍ដែលរងការកាប់រានដោយខុសច្បាប់ កាលពីពេលថ្មីៗនេះ។ សហគមន៍អះអាងថា ព្រៃសហគមន៍នេះផ្ដល់ផលប្រយោជន៍ច្រើនយ៉ាងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូច្នេះការថែរក្សាធនធានធម្មជាតិ និងដីព្រៃសហគមន៍នេះកុំឱ្យបាត់បង់ ជារឿងចាំបាច់បំផុត។ មន្ត្រីសិទ្ធិមនុស្សថា ករណីព្រៃសហគមន៍ភ្នំត្នោតនេះ អាជ្ញាធរត្រូវតែនាំខ្លួនជនល្មើសឱ្យមកទទួលខុសត្រូវតាមផ្លូវច្បាប់ មិនមែនត្រឹមបញ្ឈប់សកម្មភាពរបស់ពួកគេតែប៉ុណ្ណឹងនោះទេ។
ប្រជាសហគមន៍ព្រៃឈើភ្នំត្នោត លោក យឹម យាន់ ថ្លែងប្រាប់អាស៊ីសេរីថា ជនល្មើសបានកាប់រានដីសហគមន៍អស់ជាង ១០ហិកតារ ហើយអ្នកប្រព្រឹត្តនោះ ជាក្រុមបក្ខពួក និងទទួលបញ្ជាពីបុគ្គលម្នាក់ឈ្មោះ គាវ ហាក់ឡុង ដែលពលរដ្ឋធ្លាប់ប្ដឹងទៅតុលាការម្ដងរួចមកហើយកាលពីឆ្នាំ២០១៥ ពាក់ព័ន្ធនឹងសំណុំរឿងឈូសទន្ទ្រានដីសហគមន៍នេះ។ លោកបន្តថា ពលរដ្ឋត្រេកអរដែលសកម្មភាពកាប់រាននេះត្រូវបានទប់ស្កាត់ទាន់ពេលវេលា ហើយពួកលោកស្នើដល់អាជ្ញាធរឱ្យប្រឹងប្រែងការពារព្រៃសហគមន៍នេះកុំឱ្យរងការកាប់រានជាថ្មីទៀត។ ជាពិសេស លោកស្នើអាជ្ញាធរកុំចេញប័ណ្ណកម្មសិទិ្ធដីធ្លីចំពោះដីដែលត្រូវបានកាប់រានរួចនោះ ទៅឱ្យបុគ្គលណាម្នាក់ឱ្យសោះ ព្រោះនេះជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដែលត្រូវការពារ៖ «ខ្ញុំមានសំណូមពរថា កុំឱ្យមានចេញប័ណ្ណកម្មសិទ្ធិ ឬមួយក៏បុគ្គលដែលមានលុយមានកាក់ហ្នឹងដើម្បីកុំឱ្យមកចូលលុកលុយប៉ះពាល់ក្នុងដីសហគមន៍របស់យើងខ្ញុំទាំងអស់គ្នាហ្នឹងនៅទីតាំងភ្នំត្នោត ឃុំល្បើក ស្រុកឈូកនេះ។ បើមានការទប់ស្កាត់ឱ្យបាននឹងថ្កល់នេះ ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះ គឺថាត្រេកអរ អត់មានអ្វីនឹងប្រៀបស្មើបានទេ»។
ប្រជាសហគមន៍ឲ្យដឹងថា ក្រុមជនល្មើសបានផ្អាកសកម្មភាពកាប់រានដីព្រៃសហគមន៍ភ្នំត្នោតជាងពីរសប្ដាហ៍ហើយ បន្ទាប់ពីអាជ្ញាធរបានចុះទៅទប់ស្កាត់ និងឱ្យពួកគេធ្វើកិច្ចសន្យាបញ្ឈប់ការកាប់រាននេះតទៅទៀត។ ក៏ប៉ុន្តែលោក យឹម យាន់ លើកឡើងថា ពលរដ្ឋក្នុងសហគមន៍ក៏ចង់ឃើញអាជ្ញាធរនាំខ្លួនជនប្រព្រឹត្ត និងអ្នកបញ្ជាពីក្រោយខ្នង ឱ្យមកទទួលទោសតាមច្បាប់ផងដែរ ជាពិសេសគឺចង់ឱ្យមានការដាក់ពិន័យជនទាំងនោះ ឱ្យសងការខូចខាតចំពោះដើមឈើ និងកូនឈើ ដែលពួកគេបានកាប់បំផ្លាញអស់ជាច្រើនដើមនោះ៖ «ខ្ញុំចង់ ( ឱ្យ ) ដាក់ពិន័យ និងទោសទណ្ឌឱ្យសងជាសំណងកូនឈើចំពោះអ្នកដែលបំផ្លាញអស់រាប់ម៉ឺនដើម ហើយនិងឈូសឆាយរាប់គីឡូដីនេះ គឺចង់ឱ្យអង្គការរាជរដ្ឋាភិបាលហ្នឹងជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ និងសហគមន៍យើងខ្ញុំផង»។
មេឃុំល្បើក លោក ឯម ភៀង អះអាងថា អាជ្ញាធរនឹងមិនចេញប័ណ្ណកម្មសិទ្ធិដីព្រៃដែលត្រូវបានកាប់រានដោយខុសច្បាប់នោះ ឱ្យទៅជនណាម្នាក់ជាដាច់ខាត ព្រោះដីទាំងនោះជាដីព្រៃរបស់រដ្ឋ។ លោកបញ្ជាក់ថា សកម្មភាពកាប់រានក្នុងព្រៃសហគមន៍លែងមានតទៅទៀតហើយ ព្រោះអាជ្ញាធរបានឱ្យអ្នកកាប់រាន និងអ្នកបញ្ជាពីក្រោយខ្នងទាំងនោះ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរបស់ខ្លួនរួចហើយ ហើយបើក្នុងករណីពួកគេហ៊ានប្រព្រឹត្តបទល្មើសនេះសាជាថ្មី អាជ្ញាធរនឹងចាប់ខ្លួនពួកគេភ្លាម។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា អាជ្ញាធរមិនបានតម្រូវឱ្យជននោះបង់ប្រាក់ពិន័យសងការខូចខាត ឬនាំខ្លួនជនទាំងនោះទៅតុលាការឡើយ ព្រោះពួកគេជាពលរដ្ឋក្នុងសហគមន៍ គ្រាន់តែប្រើវិធានការអប់រំណែនាំជាមុនសិនប៉ុណ្ណោះ៖ «ត្រង់ថាឱ្យវាសងជាសំណងក្នុងហ្នឹង អត់មានចេញបទបញ្ជាអ្វីទេ ប៉ុន្តែបទបញ្ជាគឺយើងហាមឃាត់ ឈប់ឱ្យឈូសឆាយ និងធ្វើសកម្មភាព។ បើកាលណាធ្វើ គឺចាប់។ បើអ្នកឯងមិនស្ដាប់នៅតែរុករានទន្ទ្រាន អាហ្នឹងយើងមានវិធានការចាប់ខ្លួនមនុស្សហ្នឹង យកទៅអប់រំ។ អប់រំអត់ស្ដាប់ អាហ្នឹងធ្វើតាមទោស ព្រោះវាល្មើសត្រង់រុករានដីរដ្ឋ»។
មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ ថ្លែងថា ករណីកាប់រានដីព្រៃសហគមន៍ គឺជាប្រភេទបទល្មើសឧក្រិដ្ឋ ដែលមានអាជ្ញាយុកាលដល់ទៅ ១៥ឆ្នាំ ដូច្នេះអាជ្ញាធរត្រូវតែនាំខ្លួនជនល្មើស ឱ្យទៅទទួលទោសតាមផ្លូវច្បាប់ មិនមែនគ្រាន់តែចេញវិធានការទប់ស្កាត់តែមួយមុខនោះឡើយ។ លោកអះអាងថា សមាគមអាដហុកនឹងសហការជាមួយប្រជាសហគមន៍ភ្នំត្នោត ដើម្បីដាក់បណ្ដឹងបរិហារផ្លូវការចំពោះករណីកាប់រានដីព្រៃខុសច្បាប់នេះ ហើយអាជ្ញាធរពាក់ព័ន្ធក៏នឹងមានចំណែកទទួលខុសត្រូវរឿងនេះដែរ ជាពិសេសនៅពេលដែលដឹងថា មានបទល្មើសឧក្រិដ្ឋកាប់រានដីព្រៃហើយ ប៉ុន្តែមិនបង្កសំណុំរឿងទៅស្ថាប័នអយ្យការ៖ «បទល្មើសព្រៃឈើ គឺជាបទល្មើសជាក់ស្ដែង អ៊ីចឹងអ្នកដែលចូលទៅកាប់ទន្ទ្រានដីព្រៃហ្នឹង ត្រូវតែឃាត់ខ្លួន ព្រោះវាជាបទល្មើសឧក្រិដ្ឋ ហើយត្រូវបង្កសំណុំរឿងទៅស្ថាប័នអយ្យការដើម្បីធ្វើការចោទប្រកាន់។ នេះបើនិយាយតាមនីតិវិធីច្បាប់ ក៏ប៉ុន្តែកន្លងមកយើងឃើញថា អាជ្ញាធរអនុវត្តបានត្រឹមតែបន្តិចខាងមុខទេ គឺបានត្រឹមតែហាមឃាត់ទៅ។ ក្រោយមកភ្លេចខ្លួន កាប់រានតទៅទៀត ក៏ប៉ុន្តែពេលនេះយើងជាសង្គមស៊ីវិល និងសហគមន៍ ត្រូវប្រើវិធានការតាមបណ្ដឹងបរិហារបន្តទៀត ដើម្បីប្ដឹងអ្នករាជការសាធារណៈណាមួយ ដែលលោកមិនចាត់វិធានការតាមច្បាប់ មានន័យថា គ្រាន់តែទប់ ( ស្កាត់ ) ហើយមិនប្ដឹងបរិហារបង្កសំណុំរឿងទៅស្ថាប័នអយ្យការ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បញ្ជាក់ថា បណ្ដឹងបរិហារករណីនេះនឹងត្រូវដាក់ទៅស្ថាប័នអយ្យការអមតុលាការខេត្តកំពត នៅពេលឆាប់ៗខាងមុខនេះ។ លោកបន្ថែមថា បណ្ដឹងបរិហារផ្លូវការនេះនឹងមានភ្ជាប់នូវបណ្ដឹងស្នើសុំដីការរក្សាការពារពីតុលាការមួយទៀត ដើម្បីកុំឱ្យដីសហគមន៍ត្រូវរងការកាប់រានជាថ្មី និងដើម្បីកុំឱ្យដីដែលត្រូវបានកាប់រានហើយនោះ ត្រូវក្លាយជាកម្មសិទ្ធិរបស់បុគ្គលឯកជន។
ច្បាប់ស្ដីពីព្រៃឈើ ចែងថា ការកាប់រានព្រៃ ឬឈូសឆាយដីព្រៃ គឺជាបទល្មើសឧក្រិដ្ឋដែលជនល្មើសត្រូវជាប់ពន្ធនាគារពី ៥ ទៅ ១០ឆ្នាំ ហើយជនល្មើសត្រូវចេញថ្លៃស្តារ ឬជួសជុលការខូចខាតព្រៃឈើឱ្យមានលក្ខខណ្ឌដូចដើមឡើងវិញ។
សហគមន៍ព្រៃឈើភ្នំត្នោត មានផ្ទៃដីជាង ៤ រយហិកតារ (៤៥៨) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៥ ដោយមានការទទួលស្គាល់ពីក្រសួងកសិកម្ម និងអាជ្ញាធរខេត្តកំពត។ ព្រៃសហគមន៍នេះ ជាកន្លែងដែលប្រជាពលរដ្ឋ ៣ភូមិ គឺភូមិទួល ភូមិត្រពាំងគុយ និងភូមិត្រពាំងគគីរ នៃឃុំល្បើក ស្រុកឈូក ខេត្តកំពត ពឹងអាស្រ័យផលដោយការរកដំឡូង ជីកទំពាំង ឃ្វាលគោ និងកាប់ឫស្សី ជាដើម៕