ពលរដ្ឋដែលទើបតែយល់ព្រមទទួលសំណង ពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរប្រមាណជាង ៥០គ្រួសារនៅខេត្តស្ទឹងត្រែង ត្អូញត្អែរពីភាពយឺតយ៉ាវក្នុងការផ្ដល់សំណងដីកសិកម្មជូនពួកគាត់ក្នុងមួយគ្រួសារ ៥ហិកតារ និង ២ហិកតារ សម្រាប់ពលរដ្ឋបំបែកគ្រួសារ។ បញ្ហានេះ បង្កឲ្យពួកគាត់ខកខានមិនបានធ្វើកសិកម្មចិញ្ចឹមជីវិត និងខ្វះខាតស្បៀងអាហារ។
ពលរដ្ឋរស់នៅភូមិស្រែគរថ្មី ឃុំស្រែគរ ស្រុកសេសាន ឲ្យដឹងថា អ្នកភូមិដែលទើបតែយល់ព្រមទទួលសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅឃុំស្រែគរ ប្រមាណ ៥០គ្រួសារថ្មីទៀតមិនទាន់ទទួលបានដីកសិកម្មក្នុងមួយគ្រួសារ ៥ហិកតារ និង២ហិកតារ សម្រាប់ពលរដ្ឋបំបែកគ្រួសារនៅឡើយទេ បើទោះបីជាពួកគាត់បានស្នើទៅអាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនជាច្រើនសាក្តី។ ចំណែកពលរដ្ឋជាង ៥រយគ្រួសារផ្សេងទៀត ដែលទទួលបានដីកសិកម្ម ៥ហិកតារ ភាគច្រើននៅមិនទាន់អាចដាំដុះបានដែរ ដោយសារដីដែលពួកគាត់ទទួលបានសុទ្ធសឹងជាដីព្រៃរេចរឹល ហើយផ្នែកខ្លះត្រូវទឹកលិច។
ពលរដ្ឋមួយគ្រួសារដែលយល់ព្រមទទួលសំណងរស់នៅឃុំស្រែគរ លោក សៀក ខាន់ ឲ្យដឹងនៅថ្ងៃទី១៨ មេសា ថា គ្រួសាររបស់លោកទទួលបានដីកសិកម្ម ២ហិកតារ ជាគោលនយោបាយសំណងជាង ២ឆ្នាំមកហើយ ក្រុមហ៊ុនមិនទាន់វាស់វែង និងកំណត់ទីតាំង ឈូសឆាយឲ្យបានច្បាស់លាស់ទេ បណ្ដាលឲ្យលោកគ្មានដីធ្វើកសិកម្មឆ្នាំនេះ ខណៈរដូវវស្សាកាន់តែកៀកមកដល់។ លោកអង្កេតឃើញថា អ្នកភូមិស្រែគរថ្មីប្រមាណ ៧០ភាគរយ នៅមិនទាន់អាចមានលទ្ធភាពធ្វើកសិកម្មលើដីដែលក្រុមហ៊ុនផ្តល់ជូននៅឡើយទេ ហើយដីប្រមាណជាង ២ពាន់ ៥រយហិកតារ (២.៥០០)នោះភាគច្រើនសំបូរដោយព្រៃរេចរឹល ហើយនៅតំបន់ខ្លះជាដីទួលខ្ពស់ និងផ្នែកខ្លះជាដីលិចទឹក៖ «អ្នកមកមុនគេបាន តែអ្នកក្រោយមិនទាន់បានទេ។ បំបែកគ្រួសារមិនទាន់បាន ក្រុមហ៊ុនថាថ្ងៃនេះ ថ្ងៃនោះ។ ខ្ញុំពិបាកណាស់អត់មានដីធ្វើស្រែ»។
ពលរដ្ឋម្នាក់ទៀតរស់នៅភូមិស្រែគរថ្មី ថ្លែងសុំមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាព ឲ្យដឹងថា ដីកសិកម្មរបស់ពលរដ្ឋ ៣០គ្រួសារ ត្រូវទឹកលិចមិនអាចធ្វើកសិកម្មបាន ហើយក្រុមហ៊ុន និងអាជ្ញាធរនៅមិនទាន់ដោះស្រាយនៅឡើយទេ។ លោកថា ដីកសិកម្មដែលលោកទទួលបានពីក្រុមហ៊ុន ៥ហិកតារ ត្រូវទឹកលិចអស់ហើយ ដី៣ហិកតារទៀត នៅមិនទាន់ត្រូវបានក្រុមហ៊ុនផ្ដល់ទីតាំងផ្សេងជំនួសនៅឡើយ ដែលនាំឲ្យគ្រួសាររបស់លោកខកខានមិនអាចដាំដុះបាន និងប្រឈមខ្វះខាតស្បៀងនាពេលខាងមុខ៖ «ទឹកលិចអស់ហើយដី៥ហិកតារ ឲ្យឈូសថ្មីមិនទាន់ឈូសថ្មី។ បើខ្ញុំទទួលបានដី ៥ហិកតារកន្លងមកគឺខ្ញុំអត់បាយ»។
ដីព្រៃស្រោងជាង ២ពាន់ហិកតារ (២.៥០០) របស់រដ្ឋ ឋិតក្នុងស្រុកសេសាន ខែត្រស្ទឹងត្រែង ត្រូវបានក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ឈូសឆាយកំណត់ជាគោលនយោបាយសំណង និងបែងចែកជូនពលរដ្ឋមួយគ្រួសារ ៥ហិកតារ ស្មើៗគ្នា រីឯពលរដ្ឋបំបែកគ្រួសារក្រុមហ៊ុនសម្រេចផ្ដល់ជូន ២ហិកតារផ្សេងទៀត។
មេឃុំស្រែគរថ្មី មកពីគណបក្សប្រជាជនកម្ពុជា លោក ហ្វឿន ជឿន លើកឡើងថា អាជ្ញាធរបានកំណត់ដីផ្ដល់សំណងជូនពលរដ្ឋដែលទើបតែព្រមទទួលសំណងនៅឃុំស្រែគររួចហើយ តែមន្ត្រីសូរិយោដីនៅមិនទាន់ចុះវាស់វែង និងបង់លេខឲ្យពួកគាត់ចាប់ឆ្នោតនៅឡើយទេ ដោយសាររវល់បុណ្យចូលឆ្នាំថ្មី។ លោកទទួលស្គាល់ថា ពលរដ្ឋនៅតែប្រឈម ខកខានមិនអាចធ្វើកសិកម្មបាន ដោយសារដំណោះស្រាយបញ្ហាដីធ្លីមួយចំនួន នៅមិនទាន់ដោះស្រាយចប់៖ «បើនិយាយទៅ គាត់កៀកមែន ខាងខេត្ត និងក្រុមហ៊ុន ដូចយឺតយ៉ាវពេក រាល់ថ្ងៃនេះពិបាក។ បើពលរដ្ឋគាត់ព្រួយបារម្ភអ៊ីចឹង វាពិបាកហើយធ្វើម៉េចធ្លាក់ភ្លៀងមួយមេពីមេហើយ»។
មេឃុំជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ លោក សៀក មេគង្គ អង្កេតឃើញថា ច្រើនឆ្នាំមកហើយដែលពលរដ្ឋខកខានមិនអាចដាំដុះបាន ដោយសារភាពមិនច្បាស់លាស់ក្នុងការភ្ជួររាស់ដីធ្លី និង ភាពយឺតយ៉ាវក្នុងការផ្ដល់សំណងរបស់ក្រុមហ៊ុន។ លោកថា រហូតមកទល់ពេលនេះពលរដ្ឋតិចតូចណាស់ ដែលមានលទ្ធភាពដាំដុះបាន និងភ្ជួររាស់ដោយខ្លួនឯង ដោយសារដីកសិកម្មដែលក្រុមហ៊ុនចែកជូនពលរដ្ឋភាគច្រើនជាដីនៅតំបន់ព្រៃរេចរឹល និងត្រូវចំណាយប្រាក់ច្រើនក្នុងការកាប់រាន និងឈូសឆាយ៖ «ប្រជាពលរដ្ឋបើនិយាយរួមទៅ ខ្ញុំឲ្យផ្ដល់យោបល់គាត់ តែគាត់មិនហ៊ានទេ មិនមែនសេរីភាពដូចមុនទេ ជួបជុំគ្នា ២០នាក់ បដិវត្តពណ៌។ គាត់មកសំណូមពរខ្ញុំ គ្មានពីណាហ៊ាននិយាយទេ មានតែខ្ញុំចេញមតិយោបល់តាមអាស៊ីសេរីរហូត»។
មកទល់ពេលនេះ ពលរដ្ឋដែលយល់ព្រមទទួលសំណងផលប៉ះពាល់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅឃុំស្រែគរ និងបានមកតាំងទីលំនៅថ្មី នៅតំបន់នោះមានចំនួនជាង ៥២០គ្រួសារក្នុងចំណោមពលរដ្ឋ ៥៧០គ្រួសារ ហើយបច្ចុប្បន្ននៅសល់ពលរដ្ឋ ៥០គ្រួសារនៅឃុំស្រែគរ និងពលរដ្ឋ ៥៨គ្រួសារនៅឃុំក្បាលរមាស មិនព្រមទទួលយកគោលនយោបាយសំណង ខណៈដែលផ្ទះរបស់ពួកគេត្រូវទឹកលិចទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។