មន្ត្រីជំនាញរដ្ឋបាលជលផលខេត្តព្រះសីហនុ កំពុងជំរុញឲ្យប្រជាពលរដ្ឋ ពិសេសយុវជន ចូលរួមដាំព្រៃកោងកាង ដើម្បីជាជម្រកបន្តពូជរបស់មច្ឆាសមុទ្រគ្រប់ប្រភេទ ដែលកំពុងប្រឈមផុតពូជ និងដើម្បីជាការទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាខេត្តជាប់មាត់សមុទ្រមួយនេះបានច្រើនថែមទៀត។
គំនិតផ្ដួចផ្ដើមនេះ ជលផលខេត្តនេះក៏បានបង្កើតឲ្យមានសួនកោងកាងអាពាហ៍ពិពាហ៍មួយកន្លែង មានផ្ទៃដីជាង ២ហិកតារ ឋិតនៅឃុំទឹកថ្លា ស្រុកព្រៃនប់ ទុកសម្រាប់ដាំកូនកោងកាង និងស្នើដល់គូស្វាមីភរិយាទើបរៀបមង្គលការថ្មីថ្មោង ពិសេសក្រុមយុវជនមកពីគ្រប់ទិសទី ចូលរួមដាំដើមកោងកាងឲ្យបានគ្រប់ៗគ្នា។
នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុ លោក នេន ចំរើន មានប្រសាសន៍ថា ចាប់តាំងពីខែសីហា ឆ្នាំ២០១៤ មកដល់ពេលនេះ មានគូស្វាមីភរិយាទើបរៀបមង្គលការថ្មីថ្មោងចំនួន ១៥គូ បានមកចូលរួមដាំកូនកោងកាងនៅក្នុងសួនកោងកាងអាពាហ៍ពិពាហ៍ ដែលជលផលខេត្តបានបង្កើតឡើងមានទីតាំងនៅក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់។
លោកបន្តថា ផ្ទៃដីព្រៃលិចទឹកជាង ២ហិកតារ ដែលជលផលខេត្តទុកសម្រាប់ដាំកូនកោងកាងនៅក្នុងសួនកោងកាងអាពាហ៍ពិពាហ៍ ឬអភិរក្សព្រៃកោងកាងក្នុងតំបន់នេះ។ ហើយថា ផែនការអភិរក្សព្រៃកោងកាងរបស់ជលផលខេត្តព្រះសីហនុ មានប្រជាពលរដ្ឋ ពិសេសក្រុមយុវជន មានការចាប់អារម្មណ៍ច្រើន និងបានចូលរួមពីគ្រប់មជ្ឈដ្ឋាន។
លោក នេន ចំរើន បន្ថែមថា គោលបំណងបណ្ដុះគំនិតប្រជាពលរដ្ឋ ពិសេសយុវជន ឲ្យចូលរួមដាំដើមកោងកាងពេលនេះ គឺដោយសារតែដើមកោងកាងត្រូវរងការបំផ្លាញ និងបានប៉ះពាល់ដល់ជម្រកមច្ឆាសមុទ្រគ្រប់ប្រភេទ។ ជាងនេះ ព្រៃកោងកាង ក៏អាចជាការទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាខេត្តជាប់មាត់មួយនេះបានច្រើននៅតាមតំបន់មានព្រៃកោងកាង ហើយប្រជាពលរដ្ឋក៏អាចរកប្រាក់ចំណូលមកពីរបរនេសាទ ឬវត្តមានភ្ញៀវទេសចរ ដើម្បីបង្កើនជីវភាពគ្រួសារ៖ «ផលប្រយោជន៍បានមកពីព្រៃកោងកាង គឺជាជម្រករបស់មច្ឆជាតិសម្រាប់បន្តពូជ។ ព្រៃកោងកាង ក៏អាចជួយទប់ស្កាត់ខ្យល់សមុទ្រមិនឲ្យប៉ះពាល់ផ្ទះ ឬដីស្រែពលរដ្ឋ ជាដើម»។
ផ្ដើមពីបញ្ហានេះ នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុ លោក នេន ចំរើន បានស្នើដល់ប្រជាពលរដ្ឋ ក្រុមយុវជន ព្រមទាំងស្ថាប័នពាក់ព័ន្ធ ឲ្យចូលរួមថែរក្សា និងដាំដើមកោងកាងជាមួយជលផលខេត្តព្រះសីហនុ ឲ្យបានទាំងអស់គ្នា៖ «ព្រៃកោងកាងបានផ្តល់នូវអាជីព ឬអាចនិយាយបានថា ជាធនាគារគ្មានការប្រាក់សម្រាប់ប្រជានេសាទគ្រប់ៗរូប។ អ្នកនេសាទអាចចូលទៅក្នុងព្រៃកោងកាង ហើយអាចនេសាទត្រីបានក្នុង ១ថ្ងៃពី ៣ ទៅ ៥ម៉ឺនរៀល ដោយពួកគាត់មិនបាច់ចំណាយដើមទុនទេ។ ពលរដ្ឋអាចមានត្រឹមកាំបិត ឬចង្វាមួយ ពួកគាត់អាចប្រកបរបររកកម្រៃចិញ្ចឹមគ្រួសារបានដោយមិនបាច់ចំណាយដើមទុនទេ»។
ឆ្លើយតបបញ្ហានេះ លោកស្រី លី ឥសាស ជាប្រធានសហគមន៍បឹងរាំង មានទីតាំងនៅភូមិព្រៃសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ថា សព្វថ្ងៃនេះព្រៃកោងកាងដែលជាជម្រកមច្ឆាសមុទ្រគ្រប់ប្រភេទបន្តពូជ គឺត្រូវរងការបំផ្លាញស្ទើរគ្មានសល់។ លោកស្រីគាំទ្រមន្ត្រីជលផលខេត្តព្រះសីហនុ ដែលបានបង្កើតឲ្យមានសួនកោងកាងអាពាហ៍ពិពាហ៍ ដើម្បីបំផុសឲ្យប្រជាពលរដ្ឋ ឬយុវជនចូលរួមថែរក្សា និងដាំកូនកោងកាងពេលនេះ៖ «មានអារម្មណ៍សប្បាយរីករាយនៅក្នុងកម្មវិធីដាំដើមកោងកាងនៅក្នុងសួនកោងកាងអាពាហ៍ពិពាហ៍ ដែលរៀបចំដោយថ្នាក់ដឹកនាំជលផលខេត្តព្រះសីហនុ។ យើងដឹងហើយថា ព្រៃលិចទឹក ឬព្រៃកោងកាងមាននៅសល់តិចតួចនៅក្នុងខេត្តនេះ។ ហេតុដូច្នេះ បើសិនជាយើងបានដាំព្រៃលិចទឹក ឬដើមកោងកាងឲ្យបានច្រើនឡើងវិញ អាចនាំឲ្យមច្ឆជាតិ ឬមច្ឆាសមុទ្រ មានត្រីជាដើម មានការកើនឡើងវិញតាមនោះដែរ»។
មិនខុសគ្នាទេ លោក រីម មុស្សា ប្រធានសហគមន៍នេសាទព្រៃនប់២ ក៏បានចាត់ទុកថា ព្រៃកោងកាងមានសារសំខាន់ដល់កំណើនមច្ឆជាតិគ្រប់ប្រភេទ និងអាចទប់ស្កាត់ខ្យល់បោកបក់លំនៅឋានពលរដ្ឋដែលនៅតាមមាត់សមុទ្រថែមទៀត។ លោកអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ពិសេសក្រុមយុវជន ឲ្យចូលរួមដាំកូនកោងកាងនៅក្នុងសួនកោងកាងអាពាហ៍ពិពាហ៍ មានទីតាំងនៅក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ឲ្យបានច្រើននាថ្ងៃអនាគត៖ «រាល់ថ្ងៃនេះ ប្រទេសយើងមានអាកាសធាតុប្រែប្រួលមិនទៀងទាត់ មានដូចជាខ្យល់កន្ត្រាក់ជាដើម ដូច្នេះបើសិនជាយើងដាំដើមកោងកាងនេះបានច្រើន អាចជួយទប់ស្កាត់គ្រោះធម្មជាតិនានាជាដើម។ ជាងនេះ ក៏អាចជួយដល់ពលរដ្ឋអាចរកប្រាក់ចំណូលផ្ដើមពីព្រៃកោងកាងមានដូចជា ក្តាមជ័រ ងាវភក់ មានឃ្មុំ និងមានប្រភេទមច្ឆជាតិជាច្រើនទៀតលក់នៅលើទីផ្សារ រកបានប្រាក់ចូលសម្រាប់ទ្រទ្រង់ដល់ជីវភាពរបស់ប្រជាពលរដ្ឋបានច្រើន ហើយព្រៃកោងកាងក៏អាចជួយទាក់ទាញចំនួនភ្ញៀវទេសចរឲ្យចូលមកទស្សនាតំបន់ថែរក្សាព្រៃកោងកាងបានច្រើនថែមទៀតនាថ្ងៃអនាគត»។
ពលរដ្ឋរូបនេះ ស្នើដល់ស្ថាប័នពាក់ព័ន្ធ ឲ្យចូលរួមទប់ស្កាត់ឲ្យមានប្រសិទ្ធភាពចំពោះការប៉ុនប៉ងទន្ទ្រានកាន់កាប់តំបន់ព្រៃលិចទឹក ឬព្រៃកោងកាង ពីសំណាក់ឈ្មួញ ឬមន្ត្រីមានឥទ្ធិពលមួយចំនួននាស្រុកព្រៃនប់។
បញ្ហានេះដែរ ក្រុមយុវជន ឬគូស្វាមីភរិយាដែលទើបរៀបការថ្មីថ្មោងមានលំនៅឋានក្នុងខេត្តព្រះសីហនុ ក៏មានចំណាប់អារម្មណ៍ខ្លាំងចំពោះសកម្មភាពដាំដើមកោងកាងនេះដែរ។ ហើយពួកគេបានដឹកដៃគូស្នេហ៍មកដាំកូនកោងកាងនៅក្នុងសួនកោងកាងអាពាហ៍ពិពាហ៍ នៅឃុំទឹកថ្លា ជាហូរហែ។
ស្ត្រីវ័យក្មេងឈ្មោះ យ៉ង ស្រីលក្ខ មានទីលំនៅក្នុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ដែលទើបរៀបមង្គលការបានប៉ុន្មានថ្ងៃ ក៏បានចាប់អារម្មណ៍ចំពោះសកម្មភាពដាំដើមកោងកាងរៀបចំដោយមន្ត្រីជលផលខេត្តព្រះសីហនុ នេះដែរ។ ស្រីលក្ខ ដែលមានកាយវិការអឹមអៀនផងនោះ បានបង្ហាញការយល់ដឹងខ្ពស់ពីសារសំខាន់ ឬក៏អត្ថប្រយោជន៍ដែលទទួលបានពីដើមកោងកាង ហើយបានស្នើដល់គូស្នេហ៍ដទៃទៀត ឲ្យចូលរួមដាំដើមកោងកាងនៅក្នុងសួនកោងកាងអាពាហ៍ពិពាហ៍ មានទីតាំងនៅភូមិព្រៃសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ឲ្យបានច្រើនថែមទៀត៖ «នាងខ្ញុំបានដាំកូនកោងកាងនេះដោយស្ម័គ្រចិត្ត ហើយពេញចិត្ត ព្រោះថា ដើមកោងកាងនេះបានផ្តល់ឲ្យប្រជាពលរដ្ឋអាចរកប្រាក់ចំណូលដើម្បីចិញ្ចឹមក្រុមគ្រួសារបានច្រើន ព្រោះដើមកោងកាងជាជម្រកមច្ឆជាតិបន្តពូជ ឬរស់នៅដ៏សំខាន់បំផុត»។
កាលពីចុងសប្ដាហ៍មុននេះ មានគូស្វាមីភរិយាចំនួន ៥គូ ដែលទើបរៀងមង្គលការថ្មីថ្មោង បានដឹកដៃគ្នាមកដាំកូនកោងកាងនៅក្នុងសួនកោងកាងអាពាហ៍ពិពាហ៍នេះ ហើយពួកគេបានអះអាងថា នឹងចូលរួមថែរក្សាព្រៃកោងកាង ដើម្បីជាជម្រកមច្ឆាសមុទ្រគ្រប់ប្រភេទជាមួយមន្ត្រីជលផលខេត្តព្រះសីហនុ ឲ្យបានគង់វង្ស។
ត្រង់ចំណុចនេះ លោក នេន ចំរើន នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុ ប្រកាសសាទរហើយមានជំនឿថា អាចនឹងមានក្រុមយុវជន ប្រជាពលរដ្ឋ ពិសេសគូស្នេហ៍ទើបរៀបមង្គលការថ្មីមកពីគ្រប់ទិសទី នឹងមកចូលរួមដាំកូនកោងកាងនៅក្នុងសួនកោងកាងអាពាហ៍ពិពាហ៍ ដែលជលផលខេត្តបានបង្កើតឡើងនៅក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាន់តែច្រើនថែមទៀតនាថ្ងៃខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។