ក្រុមអង្គការសង្គមស៊ីវិលបានប្រកាសអាសន្នបង្ហាញពីការផុតពូជសត្វផ្សោតដ៏កម្រក្នុងអាងទន្លេមេគង្គខេត្តក្រចេះ។ការលើកឡើងនេះក្រោយពីសត្វផ្សោតជាង១០ក្បាលទៀតងាប់ជាបន្តបន្ទាប់ក្នុងឆ្នាំ២០២២នេះដោយសារភាពធូររលុងនៃការអនុវត្តច្បាប់នេសាទហើយទាមទារឱ្យអាជ្ញាធររដ្ឋាភិបាលប្រញាប់ពង្រឹងអនុវត្តច្បាប់នេសាទ។
ប្រជាសហគមន៍នេសាទព្រែកកាំពីនិងក្រុមអង្គការសង្គមស៊ីវិលព្រួយបារម្ភជាថ្មីទៀតពីការកើនឡើងបទល្មើសនេសាទខុសច្បាប់ក្នុងតំបន់អភិរក្សផ្សោតនិងបណ្តាលឱ្យសត្វផ្សោតទន្លេមេគង្គផុតពូជប្រសិនបើគ្មានវិធានការបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះទេ។
របាយការណ៍អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិហៅកាត់ថា WWF បង្ហាញថាសត្វផ្សោតសរុប១១ក្បាលបានងាប់នៅក្នុងឆ្នាំ២០២២ នេះ គិតត្រឹមថ្ងៃទី២៤ ខែធ្នូ។ រីឯសត្វផ្សោតដែលងាប់ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះមានសរុប ២៩ ក្បាល។
អតីតឆ្មាំទន្លេនិងជាប្រជាសហគមន៍នេសាទព្រែកកាំពី លោក ណាក់ ហឿង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ ខែធ្នូ ថា ពេលនេះបទល្មើសនេសាទឆក់ក្តៅនិងត្រជាក់បន្តកើនឡើងយ៉ាងពេញទំហឹងក្នុងតំបន់អភិរក្សផ្សោតព្រែកកាំពីបង្កគ្រោះថ្នាក់ខ្លាំងដល់ផ្សោតរស់នៅនិងរកចំណី។ លោកថា កន្លងទៅ ក្រុមជនល្មើសប្រើឧបករណ៍អគ្គិសនីឆក់ត្រីអាចចាប់ត្រីមេពូជធំៗក្នុងតំបន់អភិរក្សយ៉ាងហោចណាស់៥០គីឡូក្រាមដោយប្រើពេលត្រឹមតែមួយម៉ោងហើយការនេសាទខុសច្បាប់ទាំងនេះបានគំរាមកំហែងធ្ងន់ធ្ងរដល់ជីវិតផ្សោត។លោកបារម្ភថាសត្វផ្សោតនឹងផុតពូជបង្កប៉ះពាល់ធ្ងន់ដល់វិស័យទេសចរក្នុងតំបន់ប្រសិនបើរដ្ឋាភិបាលនៅតែបណ្តែតបណ្តោយឱ្យកើតមានបទល្មើសនេសាទដដែលៗ៖
«គ្នាវាឆក់វានិយាយថាប៉ះមួយលោតដូចត្រីសណ្ដាយប៉ះផ្សោតធំៗបើប៉ះតូចដឹងតែងាប់បើប៉ះបបែលជាង១០០គីឡូហើយ។តិចទៀតរលាយហើយបើគេធ្វើម៉ាកហ្នឹងបង្ក្រាបហ្នឹងដូចអត់មានទៅណាសោះអ្នកឆក់នៅតែឆក់អ្នកដាក់មងនៅតែដាក់មងមិនដឹងគិតម៉េចវិញឥលូវ»។
កាលពីថ្ងៃទី២៤ ខែធ្នូ កន្លងទៅ សត្វផ្សោតមួយក្បាលទៀតបានងាប់អណ្តែតទឹកក្នុងអាងទន្លេមេគង្គក្បែរកោះទ្រង់ទល់មុខក្រុងក្រចេះចម្ងាយប្រមាណ១០គីឡូម៉ែត្រប៉ែកខាងក្រោមអន្លង់កាំពី។ សត្វផ្សោតដែលងាប់នេះជាផ្សោតញីពេញវ័យមានប្រវែងជិត២ម៉ែត្រ (១៩៦ សង់ទីម៉ែត្រ) មានអាយុចន្លោះពី ៧ ទៅ ១០ ឆ្នាំ និងមានទម្ងន់ ៩៣ គីឡូក្រាម។
មន្ត្រីរដ្ឋបាលជលផលសន្និដ្ឋានថាមូលហេតុនៃការងាប់ផ្សោតនេះដោយសារជាប់មងអ្នកនេសាទក៏ប៉ុន្តែប្រជាសហគមន៍ព្រែកកាំពីមិនជឿលើការអះអាងនេះទេដោយពួកគាត់ស៊ើបដឹងថាផ្សោតបន្តងាប់ដោយសារត្រូវអគ្គិសនីឆក់របស់ក្រុមជនល្មើសបណ្ដាលឱ្យរបួសអណ្ដែតមកប៉ះមងអ្នកនេសាទតាមបណ្ដោយទឹកទន្លេមេគង្គហូរចុះក្រោម។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះពីប្រធានឆ្មាំទន្លេនិងជាអនុប្រធានរដ្ឋបាលជលផលខេត្កក្រចេះ លោក ម៉ុក ពន្លក បាននៅឡើយទេ នៅថ្ងៃទី២៦ ខែធ្នូ ដោយទូរសព្ទហៅចូលច្រើនដងតែគ្មានអ្នកលើក។ ចំណែកអភិបាលខេត្តក្រចេះ លោក វ៉ា ថន ក៏វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺបានដែរនៅថ្ងៃដដែលនេះ។
ប៉ុន្តែជំនប់ទី១ឃុំសំបុក លោក ទុយ សុវណ្ណា ទទួលស្គាល់ថាសត្វផ្សោតងាប់ជាបន្តបន្ទាប់គឺជាប់ពាក់ព័ន្ធបទល្មើសនេសាទ ឆក់ក្តៅ និងត្រជាក់ នៅទីតាំងសំខាន់ៗដែលផ្សោតរស់នៅនិងឆ្លងកាត់។ លោកថា កន្លងទៅ លោកកាន់តួនាទីជាមេឃុំបានបង្កើតប្រជាការពារភូមិជាង ១០ នាក់ ដាក់វេនគ្នាចុះល្បាតជាប្រចាំដោយឃាត់ចាប់ជនសង្ស័យនិងរឹបអូសឧបករណ៍នេសាទខុសច្បាប់ជាច្រើនករណីក៏ប៉ុន្តែក្រោយពីលោកបានផ្លាស់ប្តូរតំណែងវិធានការនេះបានរំសាយធ្វើឱ្យបទល្មើសនេសាទកើនឡើងច្រើន។
លោកបារម្ភថា កន្លងទៅ អាជ្ញាធរឃុំបានបញ្ជូនឈ្មោះជនសង្ស័យជិត ២០ នាក់ទៅ តុលាការ ពាក់ព័ន្ធករណីឆក់ត្រីខុសច្បាប់តែពេលនេះជនសង្ស័យទាំងនោះអាចនឹងវិលមកប្រកបរបរខុសច្បាប់ដដែលៗបង្កគ្រោះថ្នាក់ខ្លាំងដល់សត្វផ្សោត៖
«ការពិតឥលូវបទល្មើសនេសាទច្រើនបើតាមរបាយការណ៍ពលរដ្ឋរាយការណ៍។អ្នកដាក់មងទៅវាជាប់ផ្សោតខ្ញុំស្តាយគឺស្តាយណាស់តែខ្ញុំនិយាយអត់ចេញ»។
អង្គការWWF-កម្ពុជាបន្តអំពាវនាវជាថ្មីទៀតឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងអនុវត្តច្បាប់ជាបន្ទាន់ក្នុងការបង្កើនការល្បាតទាំងពេលថ្ងៃនិងយប់ដើម្បីការពារសត្វផ្សោតដែលនៅសេសសល់ហើយត្រូវធានាថាសត្វកម្រទាំងនោះនឹងជៀសផុតពីការស្លាប់។
នាយកអង្គការ WWF-កម្ពុជា លោក សេង ទៀក បានថ្លែងក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៥ ខែធ្នូថាប្រសិនបើស្ថានភាពវិបត្តិនេះបន្តកើតឡើងទៀតចំនួនសត្វផ្សោតអាចប្រឈមបាត់បង់ទាំងស្រុងនាពេលខាងមុខ។
លោកបញ្ជាក់ថា ពុំមានជម្រើសផ្សេងទៀតក្រៅពីការអនុវត្តច្បាប់តឹងរ៉ឹងជាបន្ទាន់ដើម្បីបញ្ឈប់ទាំងស្រុងនូវសកម្មភាពខុសច្បាប់គ្រប់ទម្រង់ក្នុងតំបន់ដែលសត្វផ្សោតរស់នៅ។ លោកស្នើឱ្យមន្ត្រីឆ្មាំទន្លេនិងមន្ត្រីអនុវត្តច្បាប់ត្រូវមានវត្តមានរយៈពេល ២៤ ម៉ោងមួយថ្ងៃឱ្យទៀងទាត់ដោយចុះល្បាតទាំងថ្ងៃ/ទាំងយប់។ រីឯក្រុមជនល្មើស អាជ្ញាធរ ត្រូវដាក់ពិន័យឲ្យធ្ងន់ធ្ងរដើម្បីព្រមានដល់អ្នកនេសាទផ្សេងទៀត។
អង្គការ WWF-កម្ពុជា បន្ថែមថា រដូវប្រាំងគិតចាប់ពីខែធ្នូដល់ ខែឧសភា ជារយៈពេលមួយដ៏ចាំបាច់ផ្តោតការយកចិត្តទុកដាក់ការពារសត្វផ្សោតហើយនៅគ្រាទឹកស្រក សត្វផ្សោត និងត្រីមកប្រមូលផ្តុំគ្នាស្វែងរកចំណីក្នុងតំបន់អន្លង់ទឹកជ្រៅនៃដែនអភិរក្សផ្សោត។ ប្រការនេះ បង្កលក្ខណៈងាយស្រួលដល់ក្រុមជនល្មើសលបឆក់ត្រីប៉ះពាល់ដល់ការរស់នៅរបស់ផ្សោត។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការបណ្តាញការពារទន្លេបី លោក លាង ប៊ុនលាភ ផ្តល់ទស្សនៈថាអាជ្ញាធរខេត្តក្រចេះនិងឆ្មាំអភិរក្សត្រូវរកមធ្យោបាយល្បាតគ្រប់ពេលវេលានិងអនុវត្តច្បាប់ឱ្យម៉ឹងម៉ាត់ដើម្បីការពារសត្វផ្សោតដែលនៅសេសសល់៖
«ការស្លាប់ហ្នឹងគឺមានរងគ្រោះច្រើនដោយសាររឿងដាក់មងនិងរកស៊ីរបស់ផ្សោតនៅក្នុងអន្លង់ផ្សោតនិងទីកន្លែងរកស៊ី។រឿងសំខាន់ការពារសម្បត្តិកម្រអាជ្ញាធរត្រូវប្រឹងប្រែងអស់លទ្ធភាពដល់ទីកន្លែងស្នូលដល់ផ្សោតរស់នៅ»។
ប្រជាសហគមន៍នេសាទព្រែកកាំពីប៉ាន់ប្រមាណថាពេលនេះទន្លេមេគង្គខេត្តក្រចេះមានសត្វផ្សោតរស់នៅ ចន្លោះពី ៥០ ទៅ ៦០ក្បាល។ សត្វផ្សោតទាំងអស់នោះកំពុងតែរស់នៅក្នុងអន្លង់អភិរក្ស៥ទីតាំងផ្សេងគ្នា រួមមាន អន្លង់ខ្សាច់ម្កាក់អន្លង់កោះដំបង អន្លង់កោះផ្ដៅ អន្លង់កន្ទុយកោះរងាវ និងអន្លង់ផ្សោតកាំពីក្នុងអាងទន្លេមេគង្គ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។